COVID-19
អន្តរជាតិ
៦ខែនៃរដ្ឋប្រហារ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា សន្យាម្ដងទៀតរៀបចំការបោះឆ្នោតពហុបក្ស
01, Aug 2021 , 8:29 pm        
រូបភាព
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ រូបថត AFP
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ រូបថត AFP
នៅចំខួបទី៦ខែនៃការធ្វើរដ្ឋប្រហារ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានសន្យាជាថ្មីថា នឹងរៀបចំការបោះឆ្នោតពហុបក្ស ហើយមីយ៉ាន់ម៉ាក៏ត្រៀមធ្វើការជាមួយបេសកជនអាស៊ានដើម្បីដោះស្រាយវិបត្តិនយោបាយផងដែរ។ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីតែងតាំងបេសកជននេះ។

 
ថ្ងៃទី១ ខែសីហានេះ រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា មានអាយុ៦ខែគត់។ យោធាដឹកនាំដោយប្រមុខកងទ័ព មីន អ៊ុងឡាំង បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ហើយចាប់ខ្លួនលោកស្រី និងឥស្សរជនជាច្រើន។ 
 
បាតុកម្មក៏ធ្វើឡើងសឹងមិនលស់ថ្ងៃក្នុងរយៈពេល៦ខែមកនេះ ទោះថមថយកម្លាំងខ្លះដោយសារការរាលដាលជំងឺកូវីដ-១៩ ក្ដី។ អ្នកឃ្លាំមើលនៅមីយ៉ាន់ម៉ាអះអាងថា មនុស្សប្រមាណ១ពាន់នាក់ បានបាត់បង់ជីវិត ហើយរាប់ពាន់នាក់ទៀតត្រូវបានចាប់ខ្លួន។​ សហគមន៍អន្តរជាតិមានអាមេរិក អង់គ្លេស និងសហគមន៍អឺរ៉ុបជាដើមបានដាក់ទណ្ឌកម្មផ្ទួនលើក្បាលម៉ាស៊ីនរបបយោធា និងក្រុមហ៊ុនដៃជើងដែលជាប្រភពចំណូល។
 
កាន់អំណាចបាន៦ខែមកនេះ លោក មីន អ៊ុងឡាំង អះអាងថា ការប្រកាសភាពអាសន្ន នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៣ ។ កាលបរិច្ឆេទថ្មីនេះ យូរជាងអ្វីដែលលោកប្រកាសកន្លងមកក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន១ឆ្នាំប៉ុណ្ណោះ។ ប្រមុខរបបសឹកមីយ៉ាន់ម៉ា មិនបញ្ជាក់ឱ្យច្បាស់ពីការពន្យារពេលនេះឡើយ។
 
«ខ្ញុំសន្យារៀបចំការបោះឆ្នោតពហុបក្សដោយមិនឱ្យបរាជ័យឡើយ។» លោក មីន អ៊ុងឡាំង ប្ដេជ្ញាបែបនេះក្នុងសុន្ទរកថាមួយនៅថ្ងៃទី១ ខែសីហា។ ការបោះឆ្នោតនេះ អាចធ្វើឡើងក្រោយការបញ្ចប់ភាពអាសន្នតែម្ដង។ ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពរូបនេះ ក៏សន្យាធ្វើការជាមួយតំណាងរបស់អាស៊ានដើម្បីស្វែងរកច្រកចេញវិបត្តិនយោបាយផងដែរ។
 
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងតែងតាំងបេសកជនដើម្បីសម្របសម្រួលវិបត្តិមីយ៉ាន់ម៉ា
 
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំប្រចាំខ្លួនចាប់ពីថ្ងៃទី២ ខែសីហាតទៅ ហើយការជ្រើសរើសបេសកជនពិសេស ត្រូវរំពឹងថា នឹងធ្វើឡើងស្របគ្នានោះដែរ។ បេសកជនពិសេសនេះ ត្រូវស្នើដោយជំនួបពិសេសមេដឹកនាំអាស៊ានក្នុងខែមេសាកន្លងទៅ ដោយមានតួនាទីសម្របសម្រួលកិច្ចសន្ទនារវាងភាគីជម្លោះនយោបាយនៅមីយ៉ាន់ម៉ា។
 
អង្គការសហប្រជាជាតិ ចិន អាមេរិក និងសហគមន៍អន្តរជាតិ បានដាក់ក្ដីរំពឹងលើអាស៊ានដើម្បីដឹកនាំការចរចាបញ្ចប់វិបត្តិ៦ខែនេះ ហើយជំរុញឱ្យអាស៊ានប្រញាប់តែងតាំងបេសកជនរបស់ខ្លួនឱ្យបានរហ័ស។ រដ្ឋមន្ត្រីការបរទេសទី២ ព្រុយណេ Erywan Yusof ដែលសង្ឃឹមថា ការស្វែងរកបេក្ខជនធ្វើជាតំណាងអាស៊ាន នឹងបញ្ចប់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកនេះតែម្ដង។ ព្រុយណេ ជាប្រធានប្ដូរវេនសម្រាប់ឆ្នាំ២០២១ នេះ។
 
សម្រាប់បេក្ខជនវិញ អាស៊ាន ហាក់ខ្វែងគំនិតគ្នានៅឡើយ។​ ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាននៅសប្ដាហ៍នេះ ប្រទេសទាំង១០ មិនបានឯកភាពគ្នាលើបេក្ខភាពណាឡើយ ខណៈលោក Yusof ផ្ទាល់ ជាបេក្ខជននាំមុខគេ។ បេក្ខជនផ្សេងទៀតមាន អនុរដ្ឋមន្រ្តីការបរទេសថៃ Weerasak Footrakul, អតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី Hassan Wirajuda និងអ្នកការទូតជើងចាស់ម៉ាឡេស៊ី Razali Ismail ៕

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com