ជាតិ
លោក គឹមឡេង បង្ខំចិត្តផ្អាកបង្រៀនអង់គ្លេសដល់ក្មេងៗក្នុងភូមិ​ ដោយសារកូវីដ-១៩
01, Aug 2021 , 8:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក សាំង គឹមឡេង
រូបភាពពីហ្វេសប៊ុកលោក សាំង គឹមឡេង
រយៈពេលជាង៣ខែហើយ លោក សាំង គឹមឡេង បានបង្ខំចិត្តផ្អាកការបង្រៀនភាសាអង់គ្លេសឥតគិតថ្លៃដល់ក្មេងៗក្នុងភូមិ ដោយសារកូវីដ-១៩ បន្តឆ្លងក្នុងសហគមន៍ខ្លួន។ អ្នកខេត្តសៀមរាបរូបនេះ សង្រេងចិត្ត​ ដែលក្មេងៗតូច​ធំជាច្រើននាក់បានឃ្លាតឆ្ងាយពីការសិក្សា ហើយទំនេរនៅផ្ទះ។ ចំណែកអាណាព្យាបាលភាគច្រើនវិញ ពួកគេរវល់នឹងការងារនិងគ្មានពេលជួយបង្រៀនកូនៗឡើយ។


 
លោក សាំង គឹមឡេង បានផ្អាកអាជីព​ជាអ្នកផ្ដិតរូបទេសចរនៅរមណីយដ្ឋានអង្គររបស់ខ្លួនបណ្ដោះអាសន្ន ដោយសារមិនមានភ្ញៀវទេសចរទៅកម្សាន្តសៀមរាបច្រើន។ លោក គឹម ឡេង ងាកមកបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ ក្នុងភូមិជាង៤០នាក់ ដោយ​ចែកជា៣វេន​។ ការបង្រៀនមិនយកកម្រៃនេះ លោក គឹមឡេង យកសំរាមប្លាស្ទិក ពីកូនសិស្សម្នាក់១គីឡូកន្លះក្នុងមួយខែជាថ្លៃបង្រៀន។
 
ថ្នាក់រៀនភាសាអង់គ្លេសប្តូរយកសំរាមប្លាស្ទិករបស់លោក គឹមឡេង ដំណើរការបានជាង១ឆ្នាំប៉ុណ្ណោះ គិតចាប់ពីខែមេសា ឆ្នាំ២០២០។ ក្រោយការឆ្លងកូវីដ-១៩ ជាសហគមន៍២០កុម្ភៈក្នុងខេត្តសៀមរាប មេភូមិមិនអនុញ្ញាតឱ្យមានការជុំជួប ឬប្រមូលផ្ដុំមនុស្សច្រើនឡើយ។ ដូច្នេះក្មេងមកពីភូមិចំនួន៣ ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មិនបានរៀនភាសាអង់គ្លេសជាមួយលោក គឹមឡេង រយៈពេលជាង២ខែហើយ។
 
«ឃើញពួកវាអត់រៀនអ៊ីចឹងស្ដាយចេះតែស្ដាយហើយ តែមិនដឹងធ្វើម៉េច។ ខ្ញុំគ្មានចង់ចំ​ណេញអីទេ! សំខាន់ឱ្យតែវារៀនចង់ឱ្យវាចេះ។ និយាយទៅ ខ្ញុំអត់ចូលចិត្តពេលគេសរសើរថា ឯងឆ្លាតដូចកូនចិន។ ឆ្លាតៗចិនហើយល្ងង់ៗខ្មែរ ខ្ញុំស្អប់អ៊ីចឹងតើ។ អ៊ីចឹងហើយបានខ្ញុំប្រាប់ឱ្យវាខំរៀនខំរកគ្រូរកអីមកបង្រៀនភាសាវាហ្នឹង»។ នេះជាការលើកឡើងរបស់លោកសាំង គឹមឡេង។
 
លោក សាំង គឹមឡេងចង់បើកថ្នាក់បង្រៀនភាសាអង់គ្លេសឡើងវិញឆាប់ៗ ព្រោះអាណិតក្មេងៗ ដែលខានរៀនសូត្រ។ លោកគឹមឡេង ប្រាប់ ThmeyThmey25 ដូច្នេះ៖​ «បើបានបើកវិញឆាប់ល្អ ព្រោះកុំឱ្យក្មេងៗ​នៅផ្ទះទំនេរអត់ប្រយោជន៍។ណាមួយនៅផ្ទះយូរ ខ្លាចក្មេងៗវាខ្ជិលលែងចង់រៀន»។
 
បុរសសម្បុរស្រអែមញញឹមស្រស់រូបនេះ បន្តថា ក្មេងៗក៏ខកខានរៀននៅសាលាជាង១ឆ្នាំមក​ហើយ ហើយឪពុកម្ដាយរបស់ពួកគេ ក៏រវល់ការងារ និងរកស៊ី គ្មានពេលបង្រៀនកូនទេ។ ទន្ទឹមនឹងនេះ លោក គឹមឡេង យល់ថាអាណាព្យាបាលទាំងអស់ ដែលចេញទៅខាងក្រៅត្រូវរក្សាអនាម័យ និងថែទាំសុខភាព ជៀសវាងការចម្លងជំងឺដល់កូនៗពួកគេ ដោយមិនដឹងខ្លួន​​។ 


រូបភាពពីហ្វេសប៊ុកលោក សាំង គឹមឡេង
 
មិនត្រឹមតែចង់ឱ្យថ្នាក់ភាសាអង់គ្លេសបើកឡើងវិញនោះទេ លោក គឹមឡេង ក៏ទន្ទឹងពេលដែលមានភ្ញៀវទេសចរឡើងវិញផងដែរ។ ការងារនាំភ្ញៀវទេសចរថតរូបតំបន់អង្គរ ជាប្រភពចំណូលដ៏សំខាន់សម្រាប់លោក ផ្គត់ផ្គង់ជីវភាពគ្រួសារ។
 
«ខ្ញុំអត់អាចរកអ្វីបានក្រៅពីការងារនេះ។ អ៊ីចឹង (ខ្ញុំ)មានតែចាំ។ ហើយពេលមានភ្ញៀវឡើងវិញ ខ្ញុំក៏ប្រហែលរវល់ច្រើន ប៉ុន្តែថ្នាក់បង្រៀនអង់គ្លេសក្មេងៗហ្នឹងខ្ញុំនៅតែបន្តបើកអ៊ីចឹង បើក្មេងនៅមករៀន ហើយពួកវាចង់រៀន»។ នេះបើតាមការលើកឡើងរបស់លោក គឹមឡេង ដែលបន្ថែមថា លោក នឹងជួលគ្រូឱ្យមកបង្រៀនក្មេងៗបន្ត។​ លោក គឹមឡេង ស្គាល់ជនជាតិបរទេសច្រើន។ ពួកគេក៏ស្មគ្រចិត្តជួយបង្រៀនក្មេងផងដែរ។
 
សំរាមក្នុងភូមិក៏កើនឡើង ដោយសារថ្នាក់ភាសាអង់គ្លេសប្ដូរយកសំរាមបានផ្អាកកន្លងមក រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ លោក គឹមឡេង តែងតែនាំក្មេងៗដើររើសសំរាមក្នុងភូមិ​។ គ្រូបង្រៀនអង់គ្លេសក្នុងភូមិរូបនេះ បណ្ដុះគំនិតស្រឡាញ់បរិស្ថាន និងការបែងចែកសំ​រាម​ដល់ក្មេងៗ។ លោក គឹមឡេង បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖«ពេលបង្រៀន ខ្ញុំនាំពួកគេរើសទៅវាស្អាតផ្លូវ ស្អាតភូមិខ្លះដែរ។ តែឥឡូវខានរើស ច្រើនមកវិញដដែលហ្នឹង។ ពួកគាត់នៅតែមិនយល់។ នេះមិនមានភ្លៀងលិចផង បើភ្លៀងវិញអណ្តែតព្រោងព្រាតហើយ​»​។
 
លោក បន្តថា ពលរដ្ឋមួយចំនួននៅតែទុកដាក់សំរាមមិនបានត្រឹមត្រូវ ខណៈផលប៉ះពាល់នៃសំរាមប្លាស្ទិកលើផែនដី និងធនធានធម្មជាតិ ត្រូវបានអប់រំផ្សព្វផ្សាយច្រើន។ កន្លងមកនៅពេលលោក នាំក្មេងៗដើររើសសំរាម ឱពុកម្ដាយរបស់ពួកគេមិនសប្បាយចិត្តឡើយ ដោយបារម្ភខ្លាចកូនៗ ឆ្លងមេរោគពីសំរាមកខ្វក់។
 
ទន្ទឹមនឹងនេះ លោក គឹមឡេងគិតគូរពីសុវត្ថិភាពរបស់ក្មេងៗ ដោយឱ្យពួកគេពាក់ស្រោមដៃ និងមានដង្កៀបចាប់សំរាម​ដែរ។លោក បញ្ជាក់ថា៖«ពេលរើសសំរាមហ្នឹង រើសទាំងអស់គ្នា ខ្ញុំក៏រើសដែរ។ មិនមែនបញ្ជាឱ្យតែពួកគេរើសទេ។ហើយបើចង់ឱ្យអត់សំរាម គឺត្រូវចូលរួមទាំងអស់គ្នា មិនតែពួកខ្ញុំប៉ុន្មាននាក់ហ្នឹងទេ»៕
 
 

Tag:
 សាំង គឹមឡេង
 អប់រំ
 ភាសាអង់គ្លេស
 កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com