COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ផ្តល់អាទិភាពដល់ជនជាតិដើមភាគតិច ចាក់វ៉ាក់សាំងJonhson & Jonhson
01, Aug 2021 , 9:59 pm        
រូបភាព
វ៉ាក់សាំង Johnson _ Johnson ជំនួយរបស់រដ្ឋាភិបាលអាមេរិក    ជិត៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
វ៉ាក់សាំង Johnson _ Johnson ជំនួយរបស់រដ្ឋាភិបាលអាមេរិក ជិត៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ។
ដោយ:
វ៉ាក់សាំង Jonhson & Jonhson នឹងត្រូវចាក់ជូនបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្តមួយចំនួនទៀតដែលមានជនជាតិដើមភាគតិចរស់នៅ​។
នេះបើតាមសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩លើកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនៅព្រឹកថ្ងៃទី១ ខែសីហានេះ។

 
​ប្រមុខរដ្ឋាភិបាល បញ្ជាក់បន្តថា ​វ៉ាក់សាំងJonhson & Jonhson ដែលសល់ ពីការចាក់ជូនបងប្អូនជនជាតិដើមភាគតិច នឹងត្រូវចាក់លើពលករខ្មែរ ដែលកំពុងជាប់គាំងនៅ​ប្រទេសថៃ​ ប្រសិនបើមិនទាន់ហួសសុពលភាព។
 
​សូមបញ្ជាក់ថា វ៉ាក់សាំងJonhson & Jonhson គឺត្រូវចាក់តែមួយដូសប៉ុណ្ណោះ ហើយបើតាមរបាយការណ៍ជំរឿនប្រជាជននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២១៩ ជនជាតិដើមភាគតិចទាំងក្មេង ទាំងចាស់ ដែលកំពុងរស់នៅកម្ពុជា មានជាង៤០ម៉ឺននាក់។  
 
កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ កម្ពុជាទទួលបានវ៉ាក់សាំង Johnson & Johnson ជំនួយអាមេរិក ជំហានទីមួយ  ជិត៥០ម៉ឺនដូសដែលជាចំនួន​ពាក់កណ្តាល ក្នុងចំណោមជំនួយ១លានដូស។ វ៉ាក់សាំងដែលនៅសល់ ពាក់កណ្តាលទៀត គ្រោងដឹកមកដល់នៅថ្ងៃទី២សីហា ស្អែកនេះ។
សូមជម្រាបផងដែរថា បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ជិត១៩លានដូសហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយបើគិតទាំងវ៉ាក់សាំងកូវីដ-១៩ ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត​នៅក្នុងខែសីហានេះ កម្ពុជា នឹងមានវ៉ាក់សាំងសរុបជិត ២៦.៥លានដូស​។ ក្នុងចំណោមវ៉ាក់សាំងសរុបនេះ មានប្រមាណ២០.៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាបញ្ជាទិញពីប្រទេសចិន។
 
គិតត្រឹមថ្ងៃទី៣១ ខែកក្កដា កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋ ជាង៧.៣លាននាក់ហើយ ដល់ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលស្មើនឹង៧៣ភាគរយនៃផែនការ១០លាននាក់។ នៅថ្ងៃទី១ ខែសីហានេះ កម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ កណ្តាល កោះកុង និងខេត្តព្រះសីហនុផងដែរ៕
 

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំនៅព្រឹកថ្ងៃទី១ ខែសីហា។

 

© រក្សាសិទ្ធិដោយ thmeythmey.com