ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«អ្នកការទូតពូកែ គឺជាអ្នកការទូតដែលអាចប្តូរសត្រូវមកជាមិត្ត»
02, Aug 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ អាជីពជាអ្នកការទូត មិនមែនមានភាពខុសគ្នាខ្លាំងណាស់ណា ពីអាជីពផ្សេងៗដទៃពេកនោះទេ។ ប៉ុន្តែអាជីពមួយនេះ ទាមទារសមត្ថភាពពិសេសមួយចំនួន ក្នុងការសម្របខ្លួន ថែមទាំងការប្រើប្រាស់ភាពច្នៃប្រឌិតផ្សេងៗទៀត ដើម្បីឲ្យការងារមួយនេះដំណើរការឲ្យបានកាន់តែល្អ។ ​ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកការទូតចូលនិវត្តន៍មួយរូប បានអះអាងថា «អ្នកការទូតពូកែ គឺជាអ្នកការទូតដែលអាចប្តូរសត្រូវមកជាមិត្ត»។ អ្នកការទូតចូលនិវត្តន៍ដដែល ក៏អះអាងដែរថា ការងាររបស់អ្នកការទូត ក៏មានលក្ខណៈប្រឈមផងដែរ។ ពួកគេត្រូវរិះរកមធ្យោបាយ ដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងការងារ។ ភាពខុសគ្នារវាងបរិស្ថានធម្មជាតិ មនុស្ស វប្បធម៌ ម្ហូបអាហារ ភាសា អាកាសធាតុ ការការពារប្រយោជន៍ប្រទេសជាតិ សុទ្ធសឹងតែជារឿងរ៉ាវមួយចំនួនដែលអ្នកការទូត ត្រូវចេះសម្របតាម។ អ្នកការទូតចូលនិវត្តន៍មួយរូប បានផ្តល់កិច្ចសម្ភាសរបស់លោក នៅក្នុងប្រធានបទដែលនិយាយអំពីការប្រឈម និងសមត្ថភាពសំខាន់ៗមួយចំនួន ដែលអ្នកការទូតត្រូវមាន នៅពេលធ្វើការនៅក្នុងវិស័យមួយនេះ។ នៅក្នុងកិច្ចសម្ភាសនេះ សារព័ត៌មានថ្មីៗ នឹងប្រើឈ្មោះ ប៉ាច ឈួន ជាឈ្មោះតំណាងឱ្យអ្នកការទូតចូលនិវត្តន៍​រូបនេះ។ 

 
ដើម្បីជ្រាបព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញអានបទសម្ភាសរវាងលោក គី ចំណា អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (thmeythmey.com) និងលោក ប៉ាច ឈួន ដូចតទៅ៖
 
គី ចំណា៖ លោកប៉ាចឈួនបានប្រឡូកនៅក្នុងវិស័យការទូត ទាំងនៅក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើលោកមានអនុស្សាវរីយ៍សំខាន់ៗអ្វីខ្លះនៅក្នុងវិស័យនេះ? ហើយអនុស្សាវរីយ៍សំទាំងនោះ បានផ្លាស់ប្តូរផ្នត់គំនិតរបស់លោកយ៉ាងដូចម្តេចខ្លះ? 

ប៉ាច ឈួន៖ ខ្ញុំបានចាប់ផ្តើមអាជីពជាអ្នកការទូតនៅក្នុងឆ្នាំ១៩៨៥ បើទោះបីជាខ្ញុំបានចូលប្រលូកវាជាលើកដំបូងតាំងពីឆ្នាំ១៩៧៩មកក៏ដោយក្តី។ នៅពេលដែលខ្ញុំជាអ្នកការទូតវ័យក្មេង ខ្ញុំបានធ្វើដំណើរជាមួយនឹងក្រុមគណៈប្រតិភូ ដោយភ្ជាប់ជាមួយនឹងតួនាទីមួយចំនួនដូចជាការមើលការខុសត្រូវទៅលើតម្រូវការនានារបស់ក្រុមគណៈប្រតិភូ ការងារបកប្រែភាសា ឬការងាររដ្ឋបាលផ្សេងៗទៀតជាដើម។ បន្ទាប់មក ខ្ញុំក៏បានទទួលបន្ទុកជាអ្នកការទូតតំណែងមធ្យម នៅឯខាងក្រៅប្រទេស។ ស្ថានទូតរបស់យើងកាលពីពេលនោះ មានទំហំតូច ហើយមិនសូវមានបុគ្គលិកច្រើននាក់នោះទេ។ ពួកគេត្រូវធ្វើការជាច្រើនម៉ោងក្នុងការរៀបចំការងារមួយចំនួនដូចជា ការរក្សាទំនាក់ទំនងរវាងប្រទេសនិងប្រទេស ការប្រមូល និងវិភាគទិន្នន័យ ការផ្តល់ព័ត៌មានមកកាន់ទីស្នាក់ការកណ្តាល ការបង្កើតមិត្តភាពថ្មីៗ ថែមទាំងការជួយការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រទេសយើង។ ជាទូទៅ ពួកយើងតែងមានការងារច្រើនជាងធម្មតានៅពេលដែលមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់។ អ្នកអាចស្រមៃបានថា នៅពេលដែលអ្នកធ្វើដំណើរជាមួយនឹងឯកអគ្គរាជទូត និងអ្នកការទូតរៀមច្បងពីររូបទៀត អ្នកមានតួនាទីច្រើនក្នុងការពិនិត្យមើលផ្នែកនានានៃទំនាក់ទំនងការទូត ដែលមានដូចជារឿងរ៉ាវនយោបាយ សន្តិសុខ សេដ្ឋកិច្ច ការនាំចេញនាំចូលទំនិញ ការដាក់ទុនវិនិយោគ ប្រព័ន្ធអប់រំ វប្បធម៌ ថែមទាំងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផងដែរ។ ការធ្វើទំនាក់ទំនងមកកាន់ទីស្នាក់ការកណ្តាលមិនមែនមានភាពងាយស្រួលដូចក្នុងពេលសព្វថ្ងៃនេះទេ។ កាលពីពេលនោះ យើងមិនទាន់មានទូរសព្ទដៃទំនើប ឬប្រព័ន្ធអ៊ីនធឺណីតនោះឡើយ។ ពួកខ្ញុំត្រូវធ្វើការទាក់ទងតាមប្រព័ន្ធតេឡេក្រាមប្រើខ្សែ ឧបករណ៍តេលិច ឬទូរសព្វលើតុជាដើម។ ហេតុដូចនេះ សម្រាប់ហេតុការណ៍ដែលកើតឡើងភ្លាមៗមួយចំនួន ដូចជាការងារដែលត្រូវជួយយកអាសាប្រជាជនរបស់យើងក្នុងគ្រាអាសន្ន យើងត្រូវសម្រេចការងារទាំងនេះទៅតាមវិន័យ និងលំនាំ ក៏ដូចជាទំនៀមទម្លាប់ទូទៅរបស់ពិភពលោក ឬតំបន់ណាមួយ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ និង១៩៩០ ប្រទេសរបស់យើងស្ថិតនៅក្នុងភាពក្រីក្រនៅឡើយទេ។ នាពេលនោះ យើងបានជួបប្រទះសង្គ្រាមស៊ីវិល និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់លោកខាងលិច និងប្រទេសដែលប្រកាន់របបសេរីផ្សេងៗទៀត។ ប្រាក់ខែកាលនោះក៏មិនសូវជាច្រើនប៉ុន្មាននោះដែរ។ អ្នកធ្វើការផ្នែកការទូតនាពេលនោះមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការនាំក្រុមគ្រួសារទៅជាមួយនោះទេ។ លើសពីនេះទៅទៀត ពួកគេថែមទាំងត្រូវសន្សំប្រាក់មួយចំនួនដើម្បីផ្ញើមកក្រុមគ្រួសារនៅឯប្រទេសកំណើតវិញ ទៀតផង។ ដូច្នេះ អ្នកអាចដឹងបានថា ពួកខ្ញុំបានរងសម្ពាធទាំងផ្នែកការងារ និងរឿងរ៉ាវផ្ទាល់ខ្លួន។ តែជាមួយនឹងកំណែទម្រង់នយោបាយកាលពីឆ្នាំ២០១៦ និងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសយើង អ្នកការទូតរបស់យើងសព្វថ្ងៃនេះ បានទទួលភាពងាយស្រួលជាងមុន បើប្រៀបធៀបទៅកាន់ក្រុមអ្នកការទូតនាអំឡុងឆ្នាំ១៩៨០ និងពាក់កណ្តាលអំឡុងឆ្នាំ១៩៩០។ ជារួម អ្នកការទូតកម្ពុជាគួរតែចងចាំគំនិតមួយនេះនៅក្នុងអារម្មណ៍។ នៅពេលដែលអ្នកការទូតធ្វើអ្វីមួយ ប្រទេសដែលជាភាគីម្ខាងទៀត នឹងគិតថា វាគឺជាសកម្មភាពរបស់ប្រទេសកម្ពុជា មិនមែនគ្រាន់តែជាសកម្មភាពរបស់អ្នកការទូតតែប៉ុណ្ណោះនោះទេ។ ហេតុដូចនេះ អ្នកការទូតត្រូវតែមានភាពយកចិត្តទុកដាក់ជានិច្ច ដូចជាពេលធ្វើការ ពេលកម្សាន្ត ឬពេលធ្វើដំណើរជាដើម។ រឿងមួយទៀតដែលជួយពួកខ្ញុំក្នុងអាជីពជាអ្នកការទូតនោះ គឺបទពិសោធន៍ដែលពួកខ្ញុំទទួលបានក្នុងអំឡុងពេលនៃការធ្វើការងារ។ ជាឧទាហរណ៍ ខ្ញុំបានរៀនអំពីការគ្រប់គ្រងក្រុមមនុស្ស ដែលមកពីប្រទេសខុសៗគ្នា សាសនាខុសៗគ្នា និងវប្បធម៌ខុសៗគ្នា។ ខ្ញុំបានទទួលបទពិសោធន៍ក្នុងការនិយាយចរចា ដោយក្នុងពេលខ្លះ ចំណេះដឹងតែមួយមុខមិនទាន់​គ្រប់គ្រាន់ទាំងស្រុងបានឡើយ។ សកម្មភាពសិក្សាជាបន្តបន្ទាប់ និងបទពិសោធន៍ដែលខ្ញុំទទួលបាន មានតួនាទីក្នុងការចាត់ចែងអាជីពរបស់ខ្ញុំ នៅក្នុងវិស័យការទូតនេះ។ 
 
គី ចំណា៖ នៅពេលដែលលោកចេញទៅធ្វើការនៅឯខាងក្រៅប្រទេស ដូចជាការចូលរួមកិច្ចពិធីប្រជុំធំៗណាមួយ សកម្មភាពផ្លូវការទាំងនោះត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅតាមទូរទស្សន៍ ឬនៅតាមវេទិកាបណ្តាញសង្គមនានា។ ក្រៅពីការចាក់ផ្សាយនៅតាមកញ្ចក់អេក្រង់ទាំងនោះ តើអ្នកការទូតមានការងារ ឬសកម្មភាពប្រចាំថ្ងៃអ្វីផ្សេងទៀតដែរ? 
 
ប៉ាច ឈួន៖ និយាយទៅ សព្វថ្ងៃនេះបណ្តាញសង្គមទាំងប្រភេទបោះពុម្ព និងប្រភេទអេឡិចត្រូនិក តែងតែបង្ហាញពីរឿងល្អ ឬអាក្រក់ទៅកាន់មហាជន។ ពួកគេមានអំណាចក្នុងការកែប្រែគំនិតរបស់មហាជន ទៅលើសកម្មភាពរបស់រដ្ឋាភិបាល ឬបុគ្គលណាមួយ។ ពួកគេអាចបំប្លែងការពិត ដើម្បីជាប្រយោជន៍ទៅកាន់អ្នកដែលជួយឧបត្ថម្ភរបស់ពួកគេ។ ហេតុដូច្នេះ ក្នុងនាមជាអ្នកការទូត ពួកខ្ញុំត្រូវមានភាពប្រុងប្រយ័ត្នជាមួយនឹងសារព័ត៌មាន។ ពួកគេអាចជួយលើកតម្កើងអ្នក ហើយពួកគេក៏អាចបង្កគ្រោះថ្នាក់ដល់អ្នក ឬប្រទេសរបស់អ្នក ដើម្បីជាផលប្រយោជន៍ ទៅកាន់អ្នកឧបត្ថម្ភរបស់ពួកគេនោះ។ តាំងពីពេលដែលខ្ញុំនៅធ្វើការ ឬនៅក្នុងពេលបច្ចុប្បន្នក៏ដោយ គ្រប់សកម្មភាពដែលពួកខ្ញុំរៀបចំឡើង ដែលក្នុងនោះអាចមានដូចជា ការជួបប្រជុំ ការជួបទំនាក់ទំនងទ្វេភាគី ការធ្វើទស្សនកិច្ចជាលក្ខណៈផ្លូវការជាដើម អ្នកការទូតត្រូវនិយាយជាមួយនឹងក្រុមសារព័ត៌មានសិន ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។ ប៉ុន្តែ ពួកខ្ញុំត្រូវកំណត់ព្រំដែននូវអ្វីដែលក្រុមអ្នកសារព័ត៌មានអាចដឹងបាន។ ហេតុដូចនេះហើយ មុនពេលដែលមានការប្រជុំ សន្និសីទ ឬដំណើរទស្សនកិច្ចផ្លូវរដ្ឋ អាចចាប់ផ្តើមទៅបាន គេតែងតែធ្វើសន្និសីទសារព័ត៌មាន នៅក្នុងស្ថានទូតដែលពាក់ព័ន្ធ ឬនៅឯក្រសួងការបរទេសរបស់ប្រទេសណាមួយ។ អ្នកការទូត ត្រូវធ្វើការឲ្យស៊ីចង្វាក់គ្នា ជាមួយនឹងទីស្នាក់ការកណ្តាល ក្នុងការនិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន។ បើនិយាយអំពីសកម្មភាពប្រចាំថ្ងៃរបស់ពួកខ្ញុំវិញ ពួកខ្ញុំមិនចាំបាច់រាយការណ៍ប្រាប់អ្នកសារព័ត៌មាន គ្រប់ពេលវេលានោះទេ។ ពួកខ្ញុំតែងតែបញ្ជូនរបាយការណ៍នានា ទៅកាន់ទីស្នាក់ការកណ្តាលជាធម្មតា។ ពួកខ្ញុំក៏ទទួលបានព័ត៌មាន និងការណែនាំមួយចំនួនមកវិញ ក្នុងការប្រតិបត្តិកិច្ចការនានាដើម្បីរក្សាទំនាក់ទំនងការទូតល្អ ជាមួយនឹងប្រទេសនៅក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។ ពួកខ្ញុំក៏ត្រូវចងចាំដែរថា ការងារជាបឋមគឺការជួយលើកស្ទួយ និងការពារផលប្រយោជន៍ជាតិយើងនៅក្នុងវិស័យទាំងឡាយ។ ពួកខ្ញុំត្រូវធ្វើការងារផ្សេងៗជំនួសគ្នា ដោយសារតែកង្វះបុគ្គលិក និងកញ្ចប់ថវិកាតូច។ រូបខ្ញុំផ្ទាល់ និងក្រុមការងាររបស់ខ្ញុំ ធ្វើការងារបានដោយធម្មតា បើទោះបីជាមានវត្តមាននូវការងារធ្ងន់ៗមួយចំនួន និងការតានតឹងផ្លូវអារម្មណ៍ខ្លះក៏ដោយ​។ 
 
គី ចំណា៖ បើគិតអំពីរឿងទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬសហការីដែលរស់នៅក្នុងប្រទេសកំណើត តើការធ្វើការក្រៅប្រទេសជាច្រើនឆ្នាំបែបនេះកាលពីសម័យនោះមានការលំបាកសម្រាប់លោកយ៉ាងដូចម្តេចខ្លះ? 
 
ប៉ាច ឈួន៖ ខ្ញុំគិតថា ខ្ញុំបានឆ្លើយវាខ្លះនៅក្នុងសំណួរមុនៗរួមមកហើយ។ នាពេលនោះ ប្រទេសកម្ពុជាស្ថិតនៅក្នុងសង្គ្រាមស៊ីវិល និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ប្រទេសប្រកាន់របបសេរី។ ប្រទេសយើង ស្ថិតនៅក្នុងភាពក្រីក្រ។ កញ្ចប់ថវិកាសម្រាប់ការធ្វើទំនាក់ទំនងការទូតមានទំហំតូច ហើយប្រាក់ខែរបស់ពួកខ្ញុំ ក៏មានកម្រិតទាបដែរ។ អ្នកការទូតក្នុងពេលនោះ មិនអាចយកក្រុមគ្រួសារទៅតាមខ្លួន ក្នុងអំឡុងបេសកកម្ម៣ឆ្នាំរបស់ពួកខ្ញុំនោះទេ។ ការធ្វើដំណើរមកលេងក្រុមគ្រួសារតាមជើងហោះទៅមក ក៏មិនមែនជារឿងស្រួលនោះដែរ។ ពួកខ្ញុំខ្លះអាចមកលេងប្រទេសកំណើតតែម្តងគត់ ក្នុងរយៈពេលបីឆ្នាំនោះ។ ពួកខ្ញុំត្រូវពឹងផ្អែកលើខ្សែតេឡេក្រាម ឬទូរសព្ទលើតុ ដើម្បីទំនាក់ទំនង តែវាមានតម្លៃថ្លៃណាស់។ ពួកខ្ញុំបានផ្ងើសំបុត្រតាមកាបូបសាររបស់អ្នកការទូត ដែលមានវត្តមានមួយខែម្តង តាមគណៈប្រតិភូដែលមកធ្វើទស្សនកិច្ច ឬធ្វើដំណើរឆ្លងកាត់ប្រទេសនោះ។ ហេតុដូច្នេះ ទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនៅឯផ្ ទះមិនមានភាពងាយស្រួលនោះទេ។ បច្ចុប្បន្ន មនុស្សគ្រប់គ្នាអាចមានប្រព័ន្ធបណ្តាញសង្គមដូចជា ហ្វេសប៊ុក ម៉េសិនជ័រ វ៉ែប័រ ឬស្កែបជាដើម ក្នុងការទាក់ទងមកកាន់អ្នកផ្ទះ។ ជាមួយនឹងលោករដ្ឋមន្រ្តីនៃក្រសួងការបរទេសសព្វថ្ងៃ ការធ្វើកំណែទម្រង់គោលនយោបាយកាលពីឆ្នាំ២០១៦ ជាមួយនឹងការរីកចម្រើននៃសេដ្ឋកិច្ច រដ្ឋាភិបាលអាចផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ នូវថវិកាទៅកាន់អ្នកការទូត ទាំងនៅខាងក្នុង និងខាងក្រៅប្រទេស។ ហេតុដូចនេះ ទើបអ្នកការទូតមួយចំនួន អាចយកក្រុមគ្រួសាររបស់ពួកគេទៅក្រៅប្រទេសជាមួយបាន។ វាជួយពួកគាត់កាត់បន្ថយភាពតានតឹងមួយចំនួន ហើយក៏អាចអនុញ្ញាតឲ្យពួកគាត់ ផ្តោតអារម្មណ៍បានល្អទៅលើការងារផងដែរ។ 
 
គី ចំណា៖ លោកបានទៅសិក្សា រួមទាំងបានធ្វើការនៅឯខាងក្រៅប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។ តើលោកមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការរក្សាសុខភាពរាង្គកាយ និងសុខភាពខួរក្បាលឲ្យនៅបានល្អ ជាពិសេសនៅពេលដែលមានកិច្ចប្រជុំធំៗមួយចំនួន ដែលពេលខ្លះអាចប្រព្រឹត្តទៅអស់រយៈពេលជាច្រើនថ្ងៃ?
 
ប៉ាច ឈួន៖ នៅពេលដែលអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកត្រូវយល់ច្បាស់ អំពីភាពខុសគ្នានៃវប្បធម៌មនុស្ស។ តើភាពខុសគ្នានៃវប្បធម៌របស់មនុស្ស មានន័យដូចម្តេច? វាមានន័យ​ថា ភាពខុសគ្នារវាងសាសនា ទំនៀមទម្លាប់ អាហារ និងសកម្មភាពនានាផ្សេងៗទៀត។ ជាឧទាហរណ៍ មនុស្សមួយចំនួន អាចមានការលំបាកក្នុងការសម្របខ្លួន ទៅកាន់អាហារដែលមានជាតិហឹរ តំបន់ដែលមានអាកាសធាតុក្តៅ ឬសង្គមណាមួយដែលមិនសូវមានសុជីវធម៌។ នេះគឺដោយសារតែពួកគេ មិនទាន់យល់ច្បាស់អំពីភាពខុសគ្នា រវាងវប្បធម៌របស់មនុស្ស។ សិស្សមួយចំនួនដែលទៅរៀននៅឯក្រៅប្រទេស មានអារម្មណ៍មិនល្អដោយសារតែអាហារនៅទីនោះ មិនមានរសជាតិឆ្ងាញ់ ដូចអាហារដែលមាននៅឯស្រុកកំណើត។ ចំណែកឯអ្នកខ្លះទៀត ក៏រអ៊ូរទាំជាមួយនឹងទម្លាប់ខុសគ្នារបស់មនុស្ស ឬភាពរើសអើងនៅក្នុងសង្គមជាដើម។ វាមិនមានជារឿងតូចតាចនោះទេ។ ពេលខ្លះ វាអាចធ្វើឲ្យបុគ្គលណាម្នាក់ទ្រាំទ្រមិនបាន ដែលជាលទ្ធផល អាចធ្វើឲ្យបុគ្គលនោះបោះបង់ការសិក្សា ឬការងារនៅឯក្រៅប្រទេស។ បើតាមបទពិសោធន៍របស់ខ្ញុំ យើងត្រូវដឹងឲ្យច្បាស់អំពីកន្លែងដែលខ្ញុំ នឹងទៅរស់នៅ។ យើងត្រូវចេះច្នៃ ហើយត្រូវចេះប្រើប្រាស់អ្វី ដែលមាននៅក្នុងតំបន់ដែលយើងរស់នៅ។ ជាឧទាហរណ៍ គ្រឿងផ្សំមុខម្ហូបមានលក្ខណៈដូចតែគ្នាទេ។ អ្វីដែលខុសគ្នា គឺការប្រើប្រាស់វាសម្រាប់ចម្អិនម្ហូបអាហារតែប៉ុណ្ណោះ។ អាហារឥណ្ឌា អាហារឥណ្ឌូណេស៊ី ឬអាហារអឺរ៉ុប សុទ្ធសឹងតែផ្សំឡើងពីគ្រឿងផ្សំដូចគ្នា ដែលមានដូចជាសាច់ បន្លែ ស្ករ ឬអំបិលជាដើម។ ហេតុដូច្នេះ ហេតុអ្វីបានជាអ្នកត្រូវចាំបាច់ ឲ្យឪពុកម្តាយ ឬក្រុមគ្រួសារនៅឯប្រទេសកំណើត ផ្ញើម្ហូបអាហារមកពីផ្ទះធ្វើអ្វី? ពេលខ្លះវាជារឿងប្រថុយប្រថាន ដោយសារតែអាហារមួយចំនួន ត្រូវបានគេហាមឃាត់ក្នុងការនាំចេញចូល។ បញ្ហា គឺការរៀនចម្អិនអាហារដោយខ្លួនឯង។ បើទោះបីជាយ៉ាងណាក៏ដោយ ការរៀនចម្អិនអាហារនេះ មិនទាមទារវេលាពេលយូរនោះឡើយ។ អ្នកការទូតជាច្រើន ក៏ដូចជារូបខ្ញុំនាពេលនោះ អាចចម្អិនអាហារប្រពៃណីយើងបានយ៉ាងល្អ។ ពួកខ្ញុំមិនមែនកើតមក ចេះតែម្តងនោះទេ តែពួកខ្ញុំត្រូវរៀន ដើម្បីអាចធ្វើអ្វីៗបានដោយខ្លួនឯង។ 
 
បន្ទាប់ពីការចេះធ្វើម្ហូប អ្នកការទូត សិស្ស ឬអ្នកធ្វើការនៅឯក្រៅប្រទេស ក៏ត្រូវចេះបើកបរ ឬស្គាល់ផ្លូវទៅកាន់ទីកន្លែងផ្សេងៗផងដែរ។ យើងត្រូវរៀនអំពីរឿងថ្មីៗពីក្នុងសង្គម ពីមនុស្ស និងពីធម្មជាតិដែលនៅជុំវិញខ្លួន។ នៅជំនាន់ខ្ញុំ ពួកខ្ញុំមិនទាន់មានកុំព្យូទ័រ អិនធឺណិត ឬវ៉ាយហ្វាយនោះទេ។ ពួកខ្ញុំនៅប្រើប្រាស់ម៉ាស៊ីនអង្គុលីលេខ ឧបករណ៍តេលិច ឬខ្សែតេលេក្រាមនៅឡើយ។ ប៉ុន្តែក្រោយមក ពួកខ្ញុំបានផ្លាស់ប្តូរមករៀនប្រើប្រាស់កុំព្យូទ័រ និងប្រព័ន្ធបណ្តាញសង្គម។ តើពួកខ្ញុំចេះវាដោយដូចម្តេច? ពួកខ្ញុំចេះវា គឺដោយសារតែការបន្តរៀន។ ការសិក្សាអំពីរឿងថ្មីដែលកើតមាននៅជុំវិញខ្លួន លាយឡំជាមួយនឹងវិធីសាស្រ្តច្នៃប្រឌិតនានាបន្ថែមទៀត។ 
 
គី ចំណា៖ ការងារការទូត គឺជាអាជីពមួយប្រភេទដែលទាមទារចំណេះដឹងខ្ពស់ នៅក្នុងរឿងរ៉ាវច្រើនប្រភេទ។ ហេតុដូចនេះ អ្នកការទូតជើងចាស់មួយចំនួន បាននិយាយថា«ការប្រឈម គឺជារឿងសប្បាយ»។ តើសម្រាប់លោកផ្ទាល់ តើការប្រឈម ពិតជារឿងដែលសប្បាយមែនដែរឬអត់ទេ? 
 
ប៉ាច ឈួន៖ ខ្ញុំយល់ស្របជាមួយនឹងឃ្លាដែលនិយាយថា«ការប្រឈមគឺជារឿងសប្បាយ»។ ដូចដែលខ្ញុំបាននិយាយមុននេះដែរ ខ្ញុំជឿលើការបន្តរៀន។ ការប្រឈមបង្ខំឲ្យអ្នកចេះរៀនបន្ថែម ដើម្បីយកមកដោះស្រាយការប្រឈមទាំងអស់នោះ។ ការប្រឈម អាចជំរុញឲ្យអ្នកចេះប្រើប្រាស់ភាពច្នៃប្រឌិត ជាជាងការគោរពតាមគោលការណ៍ និងវិន័យគ្រប់ពេល គ្រប់វេលា។ ពេលខ្លះ អ្នកនឹកឃើញអំពីអ្វីមួយ ដែលមិនសូវជាមានលក្ខណៈស្របគ្ នាជាមួយនឹងគោលការណ៍ ឬវិន័យ តែពេលខ្លះ វាអាចជួយអ្នកក្នុងការដោះស្រាយបញ្ ហាដែលអ្នកកំពុងតែប្រឈមបានដែរ។ ប្រសិនបើអ្នកគិតតែអំពីវិន័យ ឬគោលការណ៍ នោះពេលខ្លះអ្នកនឹងអាចទទួលបានការប្រឈមមកវិញទេ។ ជាឧទាហរណ៍ អ្នកចង់ធ្វើទឹកគ្រឿង ឬស្លស្ងោរប្រហុក តែអ្នកមិនមានប្រហុក ឬផ្អកនៅជាប់ខ្លួននោះទេ។ តើអ្នកធ្វើវាដូចម្តេច? អ្នកគួរតែប្រើប្រាស់ភាពច្នៃប្រឌិត។ នៅក្នុងផ្សារទំនើបនៃប្រទេសនានា គេមានលក់ត្រីកំប៉ុងមួយប្រភេទដែលមានឈ្មោះថា«Anchovy»។ វាមានរសជាតិស្រដៀងគ្នាទៅនឹងប្រហុក ឬម៉ាំដែរ។ ម្យ៉ាងវិញទៀត អ្នកក៏អាចទិញប្រហុកពីផ្សារបែបអាស៊ី នៅឯប្រទេសផ្សេងៗផងដែរ។ ហេតុដូច្នេះ តើអ្នកត្រូវចាំបាច់ឲ្យក្រុមគ្រួសារ ផ្ញើអាហារមកពីប្រទេសកំណើតធ្វើអ្វី? 
 
នៅក្នុងនយោបាយក៏ដូចនេះដែរ។ ការប្រឈម បង្ខំពួកខ្ញុំឲ្យធ្វើការស្រាវជ្រាវកាន់តែច្រើន ក្នុងការរិះរកដំណោះស្រាយ។ វាធ្វើឲ្យយើងខំរៀនបន្ថែម រិះរកផ្លូវ ភាពសមរម្យក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិយើង។ បើមិនមានការប្រឈមនោះទេ មនុស្សនឹងមិនខំប្រឹងក្នុងការរៀនសូត្រអ្វីៗថ្មីនោះទេ ហើយពួកគេ ក៏មិនអាចធ្វើបច្ចុប្បន្នភាព មកកាន់ខ្លួនឯងបានដែរ។ មនុស្សទូទៅ គួរតែយកការប្រឈមជារឿងសប្បាយ។ វាធ្វើឲ្យយើងខំស្រាវជ្រាវ រុករក និងដោះស្រាយបញ្ហា។ នៅក្នុងរឿងនេះ ខ្ញុំក៏ជាអ្នកលេងអុកមួយរូបដែរ។ នៅក្នុងល្បែងនេះ ខ្ញុំចូលចិត្តលេងជាមួយអ្នកដែលខ្លាំងជាង ដោយសារតែខ្ញុំអាចរៀនអំពីជំហានថ្មីៗ ពីពួកគេ។ ខ្ញុំមានអារម្មណ៍ថាធុញទ្រាន់ នៅពេលដែលខ្ញុំលេងជាមួយអ្នកដែលខ្សោយជាង ដោយសារតែខ្ញុំមានភាពងាយស្រួល ក្នុងការយកជ័យជម្នះ។ វាមិនសប្បាយទេ។ 
 
គី ចំណា៖ ជាដំបូន្មានទៅកាន់អ្នកជំនាន់ក្រោយ ដែលប្រាថ្នាចង់ក្លាយទៅជាអ្នកការទូត តើមានជំហានដែលមិនគួររំលងអ្វីខ្លះ ដែលគួរឆ្លងកាត់មុននឹងក្លាយទៅជាអ្នកការទូត? ក្រៅពីការយល់ដឹង អំពីចំណេះដឹងទូទៅនៅក្នុងវិស័យការទូតនេះ តើលក្ខណៈសម្បត្តិសំខាន់ៗអ្វីខ្លះដែលអ្នកការទូតនាថ្ងៃអនាគតគួរតែមាន? 
 
ប៉ាច ឈួន៖ នៅពេលដែលអ្នកចាប់ការងារបានហើយ អ្វីដែលអ្នកគួរតែផ្តោតដំបូងនោះ គឺការបង្ហាញពីសមត្ថភាពរបស់អ្នក។ កុំគិតពីការដំឡើងប្រាក់ខែ។ នេះគឺជាការងាររបស់មេអ្នក មិនមែនជាការងាររបស់អ្នកនោះឡើយ។ ហេតុអ្វី? ពេលដែលអ្នកគិតតែអំពីការដំឡើងប្រាក់ខែ នោះអ្នកនឹងចាប់ផ្តើមឃើញអំពីភាពឈ្នានីស និងភាពមោទក លើខ្លួនឯង។ អ្នកត្រូវចេះធ្វើការងារជាក្រុម ត្រូវធ្វើការងារដោយមានគុណភាព និងបទពិសោធន៍គ្រប់គ្រាន់ មុននឹងអ្នកត្រូវបានគេដំឡើងឲ្យបានអ្វីមួយ។ ជាការពិតណាស់ វាតែងតែមានភាពអយុត្តិធម៌មួយចំនួន នៅក្នុងកន្លែងនានា។ តែអ្នកត្រូវតែអត់ធ្មត់ ហើយបំភ្លេចវាទៅ។ បន្ទាប់មក ការងាររបស់អ្នកនឹងរីកចម្រើន ហើយការដំឡើងតំណែង នឹងខិតជិតមករក។ ពេលខ្លះ ជាមួយនឹងអ្នកការទូតវ័យក្មេងមួយចំនួន ពួកគេមានមោទកភាពនឹងខ្លួនឯងខ្លាំងពេក។ សកម្មភាពមោទកទាំងអស់នោះ អាចបង្កផលប៉ះពាល់មួយចំនួន ទៅកាន់អ្នកធ្វើការរៀមច្បង ហើយវានឹងអាចបង្កើតបរិយាកាសមិនល្អ នៅក្នុងកន្លែងធ្វើការ មិនថាក្នុង ឬក្រៅប្រទេសនោះឡើយ។ អ្នកគួរតែជៀសវាងការប្រើប្រាស់គំនិត «ជនជាតិកម្ពុជាជាអ្នកចម្បាំង»។ ជារើយៗ ពួកគេច្បាំងតែជាមួយគ្នាឯងទេ មិនមែនអ្នកដទៃនោះទេ។ 
 
ចំណេះដឹងបែបទ្រឹស្តី អាចជួយអ្នកឲ្យធ្វើការជាអ្នកការទូតបាន តែវាមិនអាចជួយអ្នក ឲ្យក្លាយទៅជាអ្នកការទូតល្អនោះទេ។ បទពិសោធន៍ និងភាពអត់ធ្មត់ ធ្វើឲ្យអ្នកក្លាយជាអ្នកការទូតល្អបាន។ ហេតុដូចនេះហើយ ការកំណត់មួយ មុននឹងក្លាយទៅជាអគ្គរាជទូតនោះគឺអាយុ។ ពួកគេត្រូវតែមានអាយុលើសពី៤៥ឆ្នាំ និងធ្លាប់បានកាន់ដំណែងផ្សេងៗជាច្រើន ទាំងនៅក្នុង និងក្រៅប្រទេស។ ពួកគេត្រូវមានដំណែងយ៉ាងហោចណាស់ ជាអគ្គនាយកនៅឯប្រទេសកំណើតរបស់ខ្លួន។ បើអគ្គរាជទូតនោះមានអាយុក្មេងពេក និងមិនសូវជាមានបទពិសោធន៍ទេ នោះ គាត់ក៏មិនសូវត្រូវបានគេគោរព នៅក្នុងរង្វង់អ្នកការទូតនោះដែរ។ 
 
គី ចំណា៖ នៅក្នុងរង្វង់នៃអ្នកការទូត មនុស្សមួយចំនួនគិតថា«វាគ្មានឡើយមិត្ត ឬសត្រូវ។ វាមានតែប្រយោជន៍ប៉ុណ្ណោះ»។ តើលោកមានមតិអ្វីទៅកាន់គំនិតមួយនេះដែរ? 
 
ប៉ាច ឈួន៖ នៅក្នុងវិស័យនយោបាយការបរទេស មិនមានឡើយមិត្តភក្តិ ឬសត្រូវ គឺមានតែប្រយោជន៍ជាតិប៉ុណ្ណោះ។ ក្នុងនាមជាអ្នកការទូត យើងត្រូវចេះប្រើប្រាស់ភាពច្នៃប្រឌិត ក្នុងការបង្កើតផ្លូវរបស់ខ្លួន ដើម្បីធ្វើដំណើរ។ បាវចនារបស់ប្រទេសយើង គឺការបង្កើតមិត្តឲ្យបានច្រើន និងសត្រូវឲ្យបានតិច។ បើអ៊ីចឹង តើយើងគួរធ្វើបែបម្តេច? ការងារចម្បងមួយរបស់ពួកខ្ញុំនៅឯខាងក្រៅប្រទេស គឺការប្រមូលទិន្នន័យដែលអាចទុកចិត្តបាន មកពីប្រភពដែលអាចទុកចិត្តបាន។ បន្ទាប់មក យើងយកទិន្នន័យទាំងនោះ មកវិភាគ រួចបញ្ចូនវាត្រលប់មកប្រទេសយើងវិញ។ នៅក្នុងពេលជាមួយគ្នានេះដែរ ពួកខ្ញុំក៏ត្រូវបង្កើតមិត្តឲ្យបានច្រើន ពីរង្វង់ផ្សេងខុសៗគ្នា។ ពេលខ្លះគេអាចនិយាយថា អ្នកការទូតតែងតែជប់លៀង និងជល់កែវស្រាក្រហម។ តាមពិតទៅ យើងប្រមូលទិន្នន័យពីកែវស្រា និងពែងកាហ្វេទាំងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងតែងតែគិតជានិច្ចនូវកាតព្វកិច្ច ក្នុងការការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ។ បើអ្នកពិនិត្យមើលអាទិភាពទីពីរ នៃនយោបាយការបរទេសនៃប្រទេសកម្ពុជា គេនិយាយថាការអនុវត្តនយោបាយការបរទេស គឺជាការងារដែលទាមទារភាពឈ្លាសវៃ ភាពចេះបត់បែន និងភាពរឹងប៉ឹង។ ពេលខ្លះ យើងអាចបន្ទន់ឥរិយាបទបន្តិច ដើម្បីជៀសវាងជម្លោះ។ ប៉ុន្តែយើងត្រូវចេះរឹងប៉ឹងក្នុងការការពារ និងលើកស្ទួយប្រយោជន៍យើងដែរ។ ការនិយាយវាស្រួលទេ តែការធ្វើវិញនោះ វាមានភាពលំបាក។ អ្នកអាចដឹងបានថា មិត្តរបស់អ្នកមិនគាំទ្រផលប្រយោជន៍របស់អ្នកនោះទេ នេះគឺដោយសារតែពួកគេ ក៏ត្រូវគាំទ្រប្រយោជន៍របស់ពួកគេផ្ទាល់ខ្លួនដែរ។ ហេតុដូចនេះ នៅក្នុងពាក្យចរចា ឬកិច្ចព្រមព្រៀង តួនាទីសំខាន់មួយ គឺការសិក្សាពាក្យនីមួយៗឲ្យបានល្អិតល្អន់ បើទោះបីជាពាក្យនោះចេញពីមិត្ត ឬអ្នកប្រឆាំងក៏ដោយ។ នៅពេលដែលអ្នកឃើញពាក្យណាមួយ ដែលអាចបង្កការប៉ះពាល់ដល់ប្រយោជន៍ជាតិអ្នក អ្នកគួរប្រឆាំងវា ហើយស្នើឲ្យមានការផ្លាស់ប្តូរ។ នៅក្នុងន័យនេះ អ្នកគួររុករកពាក្យណាមួយ ដែលមិនបង្កផលប៉ះពាល់ ឬអាចបង្កផលប៉ះពាល់តិចតួច ទៅកាន់ជាតិរបស់យើង។ ពេលខ្លះទៀត អ្នកគួរប្រើប្រាស់ពាក្ យដែលអាចធ្វើឲ្យភាគីទាំងពីរ បានចំណេញដូចគ្នា។ នៅក្នុងបរិបទនេះ យើងត្រូវមានការគាំទ្រពីសំណាក់មិត្ត នៅក្នុងវង្វង់របស់យើង និងពេលខ្លះទៀត មិត្តរបស់យើង ដែលមាននៅក្នុងរង្វង់នៃក្រុមដែលប្រឆាំងយើង។ អ្នកការទូតល្អ គឺជាអ្នកការទូតដែលអាចផ្លាស់ប្តូរសត្រូវ មកជាមិត្ត។ វាគឺជាការប្រឈម ប៉ុន្តែវាក៏មានលក្ខណៈសប្បាយផងដែរ នៅពេលដែលអ្នកប្រើប្រាស់ជំនាញ និងភាពច្នៃប្រឌិត ក្នុងការយកជ័យជម្នះ នៅក្នុងល្បែងពាក្យពេចន៍នេះ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com