COVID-19
អន្តរជាតិ
ហាងមួយនៅរដ្ឋកាលីហ្វនីញ៉ា មិនស្វាគមន៍អតិថិជនដែលចាក់វ៉ាក់សាំងកូវីដ-១៩
01, Aug 2021 , 6:39 pm        
រូបភាព
ដោយ: ធីតា
ហាងមួយនៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក បែរជាមានគោលការប្លែកខុសគេក្នុងបរិបទកូវីដ-១៩ ដោយមិនស្វាគមន៍អតិថិជនដែលបានចាក់វ៉ាក់សាំងនោះឡើយ។

 
«យើងអនុវត្តដោយគ្មានការយោគយល់ចំពោះអំពើក្បត់ និងការប្រឆាំងពលរដ្ឋអាមេរិកដ៏ល្ងង់ខ្លៅ»។ នេះជាសំណេរលើផ្ទាំងដែលបិទនៅមុខហាង Basilico’s Pasta e Vino ដោយតម្រូវឲ្យអតិថិជិនបង្ហាញភស្តុតាងថា ពួកគេពិតជាអត់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
 
យោងតាមការផ្សាយរបស់សារព័ត៌មាន Vice ហាង Basilico’s Pasta e Vino បាននៅតែដំណើរការនាអំឡុងខែមីនា ឆ្នាំ២០២០ ខណៈហាងជាច្រើនបានបិទទ្វារដោយសារកូវីដ-១៩។ ជាមួយគ្នានេះ អតិថិជនក្នុងហាងក៏មិនតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពនោះដែរ។
 
ម្ចាស់ហាងស្ថិតក្នុងចំណោមអ្នកដែលទាមទារសេរីភាពបុគ្គល និងសេរីភាពពលរដ្ឋអាមេរិក នាអំឡុងនៃការរាតត្បាតកូវីដ-១៩ ដោយពួកគេបានប្រើប្រាស់ពាក្យស្លោកថា «Make Restaurants Great Again» ដូចគោលនយោបាយរបស់លោក Donald Trump ផងដែរ។
 
ទោះបីជាយ៉ាងណាក៏ដោយ វាអាចគ្រាន់តែជាគោលការណ៍របស់ម្ចាស់ហាងដើម្បីបង្ហាញពីជំហរប្រឆាំងគោលនយោបាយបច្ចុប្បន្នប៉ុណ្ណោះ ពីព្រោះវាជារឿងដែលមិនអាចទៅរួចនោះឡើយក្នុងការបង្ហាញភស្តុតាងថា មិនបានចាក់វ៉ាក់សាំង។
 
លោក Tony Roman ដែលជាម្ចាស់ហាង ធ្លាប់បាននិយាយប្រាប់ Fox Los Angeles ថា គាត់ហាមបុគ្គលិកពាក់ម៉ាស់ ហើយតម្រូវឲ្យអតិថិជនដោះម៉ាស់ចេញនៅពេលចូលហាងរបស់ខ្លួន។
 
ទោះបីជាយ៉ាងណាក៏ដោយ លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វនីញ៉ា បន្តអំពាវនាវពលរដ្ឋឲ្យចាក់វ៉ាក់សាំង ស្របពេលដែលសហគមន៍ Orange County ដែលជាតំបន់ក្បែរហាងរបស់លោក Roman មានករណីឆ្លងថ្មីរាប់រយនាក់ជារៀងរាល់ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com