អន្តរជាតិ
លោក​​ Fauci៖​ អាមេរិកនឹងមិនបិទខ្ទប់ឡើយ ទោះករណីឆ្លងកើនឡើងដោយសារវីរុស​បំប្លែងខ្លួនដែលតា​
02, Aug 2021 , 1:52 pm        
រូបភាព
វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងអាមេរិក។ រូបថត Xinhua
វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងអាមេរិក។ រូបថត Xinhua
ដោយ៖​ ងួន​ សុភាវត្តី
 
មន្ត្រីជាន់ខ្ពស់ខាងជំងឺឆ្លងរបស់អាមេរិក វេជ្ជបណ្ឌិត Anthony Fauci​ អះអាងថា អាមេរិកនឹងមិនបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូ​​​វីដ-១៩​ ម្ដងទៀតឡើយ បើទោះជាករណីឆ្លងកើនឡើងដោយសារវត្តមានវីរុសបំប្លែងខ្លួនដែលតាក្ដី ។ ប៉ុន្តែលោក Fauci​ ព្រមានថា ស្ថានភាពនឹងកាន់តែអាក្រក់ ព្រោះការឆ្លងនឹងកើនឡើង ជាពិសេសលើអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងតែម្ដង។​

 
ក្នុងកិច្ចសម្ភាសមួយជាមួយទូរទស្សន៍​ ABC លោក Anthony Fauci អ្នកជំនាញជំងឺឆ្លងរបស់អាមេរិបញ្ជាក់ថា អត្រានៃអ្នកចាក់វ៉ាក់សាំងរួចរាល់នៅអាមេរិកមានចំនួនគ្រប់គ្រាន់ដែលធ្វើ​ឱ្យអាមេ​រិក​ជៀសផុតពីការបិទខ្ទប់ តែស្ថានការណ៍នឹងមិនល្អឡើយ។​ ទោះចំនួនអ្នកចាក់វ៉ាក់សាំងហើយមិនអាចបញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ ពិតមែន លោកជឿជាក់ថា វានឹងមិនអាច​ឱ្យអាមេរិកធ្លាក់ក្នុងស្ថានភាពដូចរដូវរងារឆ្នាំមុនឡើយ។
 
យោងតាមទិន្នន័យរបស់​  Reuters Analysis ចំនួនជាមធ្យមថ្មីនៃករណីឆ្លងជំងឺកូ​​​វីដ-១៩ នៅអាមេរិក បានកើនឡើងជិតទ្វេដងក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ។​ ករណីភាគច្រើន ត្រូវពិនិត្យឃើញវីរុសទម្រង់ថ្មីដែលតា ដែលមានសមត្ថភាពឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្លាំង។
 
អ្វីដែលជាក្ដីបារម្ភធំនោះ គឺចំនួនអ្នកមិនទាន់ទទួលបានវ៉ាក់សាំង។ លោក Fauci បញ្ជាក់ថា ប្រជាជនអាមេរិកប្រមាណ១០០លាននាក់ដែលមានសិទ្ធិទទួលបានវ៉ាក់សាំងនោះ មិនទាន់ចាក់វ៉ាក់សាំងនៅឡើយទេ បើទោះជាអាមេរិកមានវ៉ាក់សាំងគ្រប់គ្រាន់ និងលើកទឹកចិត្តទាំងថវិកា និងសម្ភារនានាក្ដី។ អ្នកជំនាញរូបនេះធ្លាប់និយាយថា អ្នកមិនទាន់ទទួលវ៉ាក់សាំងទាំងនោះ នឹងធ្វើឱ្យវីរុសសាយភាយខ្លាំង។
 
យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក ប្រហែល៥៨ភាគរយនៃប្រជាជនអាមេរិក បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូសរួចហើយ។ រដ្ឋ Vermont មានភាគរយអ្នកទទួលបានវ៉ាក់សាំងខ្ពស់ជាងគេដល់ទៅ៧៦ភាគរយ ឯរដ្ឋ Mississippi មាន៤០ភាគរយ។
 
ក្រៅពីអាមេរិក វីរុសបំប្លែងថ្មី​ដែលតា ក៏កំពុងបង្កឱ្យមានការភ័យខ្លាចដល់ប្រទេសផ្សេង​ៗដែរ។ ប្រទេសខ្លះនៃទ្វីបអាស៊ីដែលពីមុនទទួលបានជោគជ័យក្នុងការទប់ស្កាត់នឹងជំងឺកូវីដ ១៩ មានថៃ និងវៀតណាមជាដើម ឥឡូវនេះកំពុងទទួលរងការវាយលុកខ្លាំងពីសំណាក់វីរុសនេះ៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com