អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ព្រមានកូរ៉េខាងត្បូងដែលគ្រោងរៀបចំសមយុទ្ធយោធាជាមួយអាមេរិក
02, Aug 2021 , 3:14 pm        
រូបភាព
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត AFP
លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត AFP
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម យ៉ូចុង នៅថ្ងៃទី១ ខែសីហា បានព្រមានកូរ៉េខាងត្បូងទាក់ទងគម្រោងសមយុទ្ធយោធាជាមួយអាមេរិក។ លោកស្រី គីម ព្រមានថា សមយុទ្ធយោធារដូវក្ដៅនេះ នឹងធ្វើឱ្យ ទំនាក់ទំនងកូរ៉េទាំងពីរកាន់តែអាក្រក់នៅពេលខាងមុខ ហើយប៉ះពាល់ការព្យាយាមស្ដារទំនាក់ទំនងអន្តរកូរ៉េឡើងវិញដែរ។ ​

 
ជាយូរមកហើយ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដោយចាត់ទុកជាការហាត់សមសម្រាប់ការលុកលុយទឹកដីកូរ៉េខាងជើង។ អាមេរិក និងកូរ៉េខាងត្បូងក៏ អះអាងថាសមយុទ្ធនេះមានលក្ខណៈជាការការពារប៉ុណ្ណោះ។ សម្ព័ន្ធមិត្តទាំងពីរ គ្រោងរៀបចំសមយុទ្ធរួមគ្នាប្រចាំឆ្នាំនៅខែសីហា។ គម្រោងនេះ ធ្វើឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកជាថ្មី ហើយព្រមានពីការធ្លាក់ចុះទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែលទើបប្រសើរបន្តិច។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ KCNA លោកស្រី គីម យ៉ូចុង ប្អូនស្រីបង្កើតមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ព្រមានកូរ៉េខាងត្បូងថា សមយុទ្ធយោធានេះនឹងធ្វើឱ្យប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរដល់បំណងរបស់មេដឹកនាំកូរ៉េទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងនៅឧបទ្វីបកូរ៉េ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់ការកសាង​ការជឿទុកចិត្តគ្នាទៅវិញទៅមកផងដែរ។
 
«រដ្ឋាភិបាល និងទាហានកូរ៉េខាងជើងនឹងតាមដានព្រឹត្តិការណ៍នេះ​យ៉ាងដិតដល់ថា តើភាគី កូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើសមយុទ្ធជាមួយអាមេរិកនៅខែសីហា ឬសម្រេចចិត្តផ្សេងវិញ?» ប្អូនស្រីប្រមុខដឹកនាំកូរ៉េខាងជើងបញ្ជាក់បែបនេះមុនថា ការសម្រេចចិត្តទាំងអស់ធ្លាក់លើកូរ៉េខាងត្បូង។ 
 
ទាក់ទងសមយុទ្ធនេះ ក្រសួងការពារជាតិសេអ៊ូលអះអាងថា សម្ពន្ធមិត្តកំពុងតែពិភាក្សាពីពេលវេលា និងមធ្យោបាយសម្រាប់សមយុទ្ធយោធានេះនៅឡើយ។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Yonhap បានស្រង់សម្ដីមន្រ្តីក្រសួងបង្រួបបង្រួមថា កូរ៉េខាងត្បូង និងអាមេរិកអាចនឹងផ្អាកការធ្វើសមយុទ្ធយោធានេះ ដោយសារតែជំងឺជំងឺកូវីដ-១៩ និងភាពចាំបាច់ក្នុងការជជែកជាមួយកូរ៉េខាងជើង។
 
ទំនាក់ទំនងអន្តរកូរ៉េ បានប្រសើបន្តិចក្រោយកូរ៉េទាំងពីរ នៅថ្ងៃទី២៧ ខែកក្កដា បានភ្ជាប់បណ្ដាញទាក់ទងឡើងវិញ ដែលផ្ដល់ក្ដីសង្ឃឹមសម្រាប់ការបន្តកិច្ចសន្ទនា។ ប៉ុន្តែលោកស្រី គីម បញ្ជាក់ថា កូរ៉េខាងត្បូងមិនគួរវិនិច្ឆ័យលឿនពេក និងគ្មានមូលដ្ឋានចំពោះរឿងនេះឡើយព្រោះវាគ្រាន់តែជាការ ភ្ជាប់ទំនាក់ទំនងឡើងវិញ និងមិនមានអ្វីលើសពីនេះឡើយ៕
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
 ​ អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com