ជាតិ
លោក អ៊ុក ដារាច័ន្ទ យកសិល្បៈគំនូរ ផ្សព្វផ្សាយពីអរិយធម៌អង្គរនៅអ៊ុយក្រែន
03, Aug 2021 , 8:59 am        
រូបភាព
 លោក អ៊ុក ដារាច័ន្ទ ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន
លោក អ៊ុក ដារាច័ន្ទ ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ១៩៩៥ លោក អ៊ុក ដារាច័ន្ទ បានផ្ដើមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ទៅក្នុងសង្គមអ៊ុយក្រែនជាផ្លូវការ តាមរយៈការតាំងពិព័រណ៍គំនូរជិត២០ផ្ទាំង ស្ដីពីអរិយធម៌អង្គរដ៏រុងរឿង ពិសេសរូបប្រាសាទអង្គរវត្តនិងអប្សរា។ វិចិត្រករវ័យ៦០ឆ្នាំរូបនេះ ថាគំនូរគឺជាមធ្យោបាយដ៏ពិសេស ដើម្បីបង្ហាញវប្បធម៌ខ្មែរទៅកាន់ពិភពលោក។



លោក អ៊ុក ដារាច័ន្ទ គឺជាជនជាតិខ្មែរមួយរូប ដែលបាននាំយកវប្បធម៌ខ្មែរ ទៅផ្សព្វផ្សាយនៅទ្វីបអ៊ឺរ៉ុបអស់រយៈពេលជិត៣០ឆ្នាំមកហើយ តាមរយៈគំនូរស្ដីពីអរិយធម៌អង្គរដ៏រុងរឿង។ អតីតសិស្សពីសាលាវិចិត្រសិល្បៈផ្នែកគំនូរផ្សាយជំនាន់ទី១រូបនេះ ទទួលបានអាហារូបករណ៍ ទៅសិក្សាជំនាញគំនូរវិចិត្រកម្ម នៅសហភាពសូវៀត កាលពីឆ្នាំ១៩៨៥។ 
 
ឆ្នាំ១៩៩៥ ជាឆ្នាំដំបូងគេបង្អស់ដែលលោក អ៊ុក ដារាច័ន្ទ បានតាំងពីព័រណ៍គំនូរបង្ហាញពីអរិយធម៌ និងវប្បធម៌ខ្មែរ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពីលោកបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិចិត្រកម្ម។ ការតាំងពិព័រណ៍ នៅវិមានសរដ្ឋាភិបាលនោះហើយ ដែលបាននាំស្នាដៃរបស់លោក ឱ្យប្រជាជនអ៊ុយក្រែនស្គាល់កាន់តែច្រើន។ ​គ្រានោះ លោកក៏ទទួលបានការផ្ដល់ឱកាស ឱ្យក្លាយជាគ្រូសិល្បៈផ្នែកគំនូរ នៅសាលាវិចិត្រសិល្បៈ ក្នុងក្របខណ្ឌរដ្ឋអ៊ុយក្រែនតែម្ដង។


 
ការតាំងពិព័រណ៍គំនូរដែលបង្ហាញទាំងអរិយធម៌ខ្មែរ និងអ៊ុយក្រែន បានបន្តធ្វើជារៀងរាល់ឆ្នាំ ទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្រៅប្រទេសអ៊ុយក្រែន រហូតដល់មានការផ្ទុះជំងឺកូវីដ-១៩។ ពិព័រណ៍ខ្លះ លោកត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន។ អ្វីដែលគួរឱ្យកត់សម្គាល់ រាល់គំនូរទាំងអស់ ដែលបានដាក់តាំងពិព័រណ៍ លោកមិនលក់ឡើយ បើទោះបីជាគេឱ្យតម្លៃថ្លៃក៏ដោយ។ មិនលក់ក៏ព្រោះតែលោកស្ដាយស្នាដៃ ដែលចេញពីបេះដូងរបស់លោកផ្ទាល់នោះឯង។
 
បុរសកូន២រូបនេះបញ្ជាក់បន្ថែម៖«កាលខ្ញុំនៅក្រ ក្រសួងការពារជាតិអ៊ុយក្រែន ឱ្យតម្លៃគំនូរខ្ញុំមួយផ្ទាំង៧ពាន់ដុល្លារ តែខ្ញុំមិនលក់ទេ ព្រោះជារូបស្នាដៃ ខ្ញុំស្ដាយ។ រូបទាំងនោះទៅមុខនឹងកាន់តែមានតម្លៃសម្រាប់វប្បធម៌ជាតិ។ ខ្ញុំគូរលក់ដែរ តែលក់គំនូរដែលគេឱ្យគូរ ព្រោះខ្ញុំគូរតាមចិត្តគេចង់បាន។ ប៉ុន្តែគំនូរដែលខ្ញុំគូរដោយខ្លួនឯង គឺចេញពីបេះដូងរបស់ខ្ញុំ ខ្ញុំមិនលក់ទេ។ គំនូរមានគុណភាពដូចគ្នា ប៉ុន្តែបេះដូងផ្សេងគ្នា»។ 
 
បុរសដែលធ្វើការបណ្ដើរ ហើយគូររូបស្នាដៃបណ្ដើររូបនេះ បច្ចុប្បន្នថែរក្សាគំនូរប្រហែល៥០ផ្ទាំង ដែលមានគំនូរនិយាយពីកម្ពុជា៧០ភាគរយ និងពីអ៊ុយក្រែន៣០ភាគរយ ដោយភាគច្រើន ទំហំចាប់ពីជាង១ម៉ែត្រឡើងទៅ។ លោក ដារាច័ន្ទ ត្រូវការពេលប្រហែល៣ ទៅ៤ខែ ឬលើសពីនេះ ដើម្បីគូរបានរូបមួយផ្ទាំង។


 
«គេសួរខ្ញុំដែរ ថាហេតុអ្វីខ្ញុំគូរច្រើនតែរូបខ្មែរ មិនគូររូបអ៊ុយក្រែនច្រើន? ខ្ញុំឆ្លើយទៅគេវិញថា ខ្ញុំនៅអ៊ុយក្រែន ខ្ញុំគូរពីខ្មែរ ដើម្បីឱ្យអ៊ុយក្រែនស្គាល់ខ្មែរកាន់តែច្រើន។ នៅពេលខ្ញុំទៅខ្មែរវិញ ខ្ញុំនឹងគូរពីអ៊ុយក្រែនដើម្បីឱ្យខ្មែរស្គាល់អ៊ុយក្រែនច្រើនវិញ»។ នេះជាការពន្យល់របស់លោក ដារាច័ន្ទ ទៅកាន់ជនជាតិអ៊ុយក្រែន។
 
បុរសដែលបានចាកឆ្ងាយមាតុភូមិ តាំងពី៣៦ឆ្នាំមុន ដើម្បីបន្តការសិក្សារូបនេះ ថាជីវិតដែលរស់នៅស្រុកគេ ពិតជាធ្វើឱ្យលោកយល់តម្លៃវប្បធម៌ជាតិ ខ្លាំងជាងរស់នៅក្នុងប្រទេស​កំណើត។ យល់ពីតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិនោះ ត្រូវបានស្ដែងឡើងតាមរយៈការមិនឃើញអ្វីដែលជាខ្មែរ ក្នុងសង្គមរស់នៅប្រចាំថ្ងៃនោះឯង។ 
 
គ្រូគំនូរដែលបានតាំងពិព័រណ៍ស្នាដៃរបស់ខ្លួន តាំងពីឆ្នាំ១៩៨១ គ្រានៅជាសិស្សវិទ្យាល័យនៅឡើយនោះ ពន្យល់៖«នៅស្រុកខ្មែរមើលមិនសូវឃើញ ពីតម្លៃវប្បធម៌របស់ខ្លួនប៉ុនណាទេ ប៉ុន្តែអ្នកដែលរស់នៅឃ្លាតឆ្ងាយពីមាតុភូមិ ទើបដឹងថា ខ្មែរយើងមានកម្រិតវប្បធម៌ខ្ពស់។ ពេលខ្ញុំបានជួបខ្មែរ បាននិយាយខ្មែរ ខ្ញុំសប្បាយចិត្តចង់ងាប់»។
 
ការរស់ឆ្ងាយពីញាតិរួមជាតិដ៏យូរ ធ្វើឱ្យបុរសដែលមានការស្រមើស្រមៃខ្ពស់រូបនេះ បង្ហាញក្ដីស្រឡាញ់ និងក្ដីគោរពសិល្បៈ វប្បធម៌ជាតិ តាមរយៈស្នាដៃគំនូរពីសម័យអង្គរ។ ទៅរស់នៅប្រទេសអ៊ុយក្រែន និងបានបង្កើតគ្រួសារថ្មីនៅទីនោះផង លោក អ៊ុក ដារាច័ន្ទ ថាតាមរយៈការធ្វើពិព័រណ៍គំនូរ បាននាំឱ្យជនជាតិអ៊ុយក្រែន ស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ។


 
ទោះជាយ៉ាងណា លោកចូលចិត្តគូររូបទៅតាមព្រឹត្តិការណ៍ ដែលបានកើតឡើងពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ជាតិ។ ឧទាហរណ៍ករណីមានការចម្រូងចម្រាស់ រឿងប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ឬសិល្បៈល្ខោនខោលជាដើម ជាមួយប្រទេសថៃកាលកន្លងទៅ។ លោកធ្វើបែបនេះ ដើម្បីផ្សព្វផ្សាយថា មរតកវប្បធម៌ទាំងអស់នោះ ជារបស់ខ្មែរ។ 
 
លោក អ៊ុក ដារាច័ន្ទ ពន្យល់ដូច្នេះ៖«ខ្ញុំគូររូបទេសភាពតិចទេ ព្រោះប្រទេសណាក៏មានដែរ។ ខ្ញុំស្រឡាញ់គំនូរសម័យអង្គច្រើន។ ម្យ៉ាងអង្គរមានតែខ្មែរមួយប៉ុណ្ណោះដែលមាន។ ខ្មែរយើង បើនិយាយពីការផ្សព្វផ្សាយ គឺចាញ់ថៃហើយ គេផ្សព្វផ្សាយច្រើនជាងយើងឆ្ងាយណាស់។ ពេលគេថតមុខគំនូរប្រាសាទអង្គរវត្ត អ្នកខ្លះគេថាជារបស់ថៃ ខ្ញុំប្រាប់គេថាជារបស់ខ្មែរ តែអ្នកខ្លះមិនជឿទេ។ ខ្ញុំឱ្យគេស្រាវជ្រាវឯកសារទៅ នឹងដឹងហើយ។ គេឃើញហើយ គេជឿខ្ញុំ។ ជនជាតិអ៊ុយក្រែន ស្គាល់ខ្មែរច្រើន តាមរយៈស្នាដៃរបស់ខ្ញុំ»។  

បុរសដែលជាគ្រូសិល្បៈផង និងជាគ្រូបង្ហាត់តេក្វាន់ដូផងរូបនេះ បានចូលជាសមាជិកសហព័ន្ធវិចិត្រករអ៊ុយក្រែននៅឆ្នាំ២០១០។ លោកថា នេះគឺជាកិត្តិយសធំមួយសម្រាប់លោក ព្រោះការប្រឡងចូលក្នុងសហព័ន្ធនោះ មានការពិបាក ហើយពុំងាយមានអ្នកប្រឡងជាប់។ ដោយឡែកករណីជនបរទេស ដែលអាចប្រឡងជាប់ រឹតតែជាករណីកម្រថែមមួយកម្រិតទៀត។ វិចិត្រករដែលមាន ឪពុកជានាយទាហានជាន់ខ្ពស់ នៅសម័យសង្គមរាស្ត្រនិយមរូបនេះពន្យល់៖«ទាល់តែប្រឡងជាប់៨ដង ទើបអាចចូលជាសមាជិកសហព័ន្ធនោះបាន។ អ្នកខ្លះទៅប្រឡង១០ ទៅ២០លើក នៅតែប្រឡងមិនជាប់។ ម្នាក់ៗ គេចង់ចូលសហព័ន្ធហ្នឹង ព្រោះជាកិត្តិយស ហើយសមត្ថភាពត្រូវបានគេទទួលស្គាល់។ សមាជិកក្នុងសហព័ន្ធនេះ ភាគច្រើនជាជនជាតិអ៊ុយក្រែន»។
 
លោក អ៊ុក ដារាច័ន្ទ ដែលរៀនជាប់ចំណាត់ថ្នាក់លេខ១ គ្រប់មុខវិជ្ជាទាំងអស់ កាលសិក្សានៅកម្ពុជានោះ និងចូលនិវត្តពីគ្រូសិល្បៈនៅសាលាវិចិត្រសិល្បៈអ៊ុយក្រែន នៅចុងឆ្នាំ២០២១នេះ។ លោកនឹងមានពេលច្រើន ដើម្បីបង្កើតស្នាដៃគំនូរ ហើយយកមរតកវប្បធម៌ អរិយធម៌របស់បុព្វបុរសខ្មែរ ទៅផ្សព្វផ្សាយដល់ពិភពលោក កាន់តែទូលំទូលាយថែមទៀត៕  
 
 
 

Tag:
 សិល្បៈ
  គំនូរ
  វប្បធម៌
  អ៊ុយក្រែន
  អរិយធម៌
  អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com