ជាតិ
សេដ្ឋកិច្ច
ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ត្រូវបានម្ចាស់បំណុលក្រុមហ៊ុន KrisEnergy លួចដឹកទៅថៃ 
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
×![]()
ភ្នំពេញ៖ ប្រេងឆៅរបស់កម្ពុជាចំនួន២៩ម៉ឺនបារ៉ែល ដែលក្រុមហ៊ុន KrisEnergy បូមបានពីតំបន់អណ្ដូងអប្សរាឬប្លុកA ត្រូវបានអ្នកបើកបរកប៉ាល់ផ្ទុកប្រេងនោះ លួចដឹកចូលក្នុងទឹកដីប្រទេសថៃ។ លោក ជៀប សួរ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា អ្នកដែលបញ្ជាឱ្យកប៉ាល់ដឹកប្រេងរបស់កម្ពុជារត់នោះ គឺជាម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy។
បច្ចុប្បន្ន កម្ពុជាបានផ្អាកដំណើរការបូមប្រេងឆៅទាំងស្រុង បន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន នាដើមខែមិថុនា ឆ្នាំ២០២១មក។ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារនិងយុវជនដែលមានអាយុពី១២ដល់១៧ឆ្នាំ កាលពីថ្ងៃទី១សីហា សម្តេច ហ៊ុន សែន បានប្រកាសនូវភាពបរាជ័យនៃដំណើរការបូមប្រេងជាលើកដំបូងនៅកម្ពុជា ដោយក្រុមហ៊ុន KrisEnergy។
«២៩ធ្នូ[ឆ្នាំ២០២០] ដែលយើងប្រកាសដំណក់ប្រេងលើកដំបូង ប្រហែលបរាជ័យហើយ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ដែលបានបន្តរៀបរាប់ដូច្នេះ៖«[យើង]គ្រោងថា ក្នុងមួយថ្ងៃបូមប្រេងបាន៥,៧០០បារ៉ែល [តែ]ទីចុងបំផុតមួយថ្ងៃបានតែ១,០០០បារ៉ែល។ ឥឡូវក្រុមហ៊ុនហ្នឹងក្ស័យធន ហើយវាបូកថែមទាំងអាកប៉ាល់ដែលយើងបូម[ប្រេង]ដាក់ហ្នឹង វារត់ចេញទៅបាត់ទៅ ដោយយើងទប់មិនទាន់ វាចូលដល់ដីថៃ រួចហើយគេមានមេធាវីរបស់គេ[…]។ ឥឡូវ វាយកទាំងប្រេងទៅបាត់អស់រលីង! បាត់អស់អាប្រេងហ្នឹង»។
បើតាមលោក ជៀប សួរ អគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល មុនពេលក្រុមហ៊ុន KrisEnergy ប្រកាសក្ស័យធន ក្រុមហ៊ុននេះ បូមប្រេងពីប្លុកAបានចំនួន២៩ម៉ឺនបារ៉ែល ដោយយករក្សាទុកនៅក្នុងកប៉ាល់ ដែលសព្វថ្ងៃកំពុងស្ថិតនៅប្រទេសថៃ។ លោក និយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាល្ងាចថ្ងៃទី២សីហា ដូច្នេះ៖«កប៉ាល់ដែលលួចដឹកប្រេងកម្ពុជារត់ទៅបាត់ហ្នឹង គឺក្រុមហ៊ុន KrisEnergy បានជួលពីគេមក សម្រាប់ដំណើរការនៃអាជីវកម្មបូមប្រេងនៅកម្ពុជា។ ក្រោយយើងដាក់សំណើរទាមទារប្រេងនោះមកវិញ ម្ចាស់កប៉ាល់នោះ បានប្រាប់យើងថា ក្រុមហ៊ុន KrisEnergy បានជំពាក់លុយគាត់»។
មកទល់ពេលនេះ ក្រសួងរ៉ែ និងថាមពល កំពុងបន្តនិតីវិធីដោះស្រាយផ្នែកច្បាប់ ជាមួយក្រុមហ៊ុន KrisEnergy ខណៈក្រុមហ៊ុននេះក៏កំពុងដំណើរការរឿងក្ដីនៅតុលាការ ក្រោយប្រកាសក្ស័យធនដោយសារបំណុល។ បើតាមលោក ជៀប សួរ ក្នុងដំណាក់កាល ដែលក្រសួងកំពុងដោះស្រាយជាមួយក្រុមហ៊ុន KrisEnergy នេះ គឺមិនទាន់មានក្រុមហ៊ុនថ្មីណា សម្លឹងឃើញការវិនិយោគលើការបូមប្រេងនៅកម្ពុជាឡើយ ខណៈកម្ពុជានៅមានប្លុកប្រេងជាច្រើនទៀត (ទាំងនៅដែនទឹកនិងដែនគោក កម្ពុជាមានប្រេងប្រមាណ២០ប្លុក) ដែលត្រូវបន្តការរុករកនឹងធ្វើអាជីវកម្ម៕
Tag:
ប្រេង
ក្រុមហ៊ុន KrisEnergy
© រក្សាសិទ្ធិដោយ thmeythmey.com