ជាតិ
យុវជនសកម្ម សេវាល្អ
ដ្បិតថ្នឹកនឹងការរៀនអនឡាញ តែសិស្សមួយចំនួនថា កម្រិតយល់ដឹងមិនដូចរៀនជាមួយគ្រូផ្ទាល់
03, Aug 2021 , 1:59 pm        
រូបភាព
ដោយ៖ ណែម សុជាតា
 
កំពត៖ ជិតកន្លះឆ្នាំហើយដែលសាលារដ្ឋ និងឯកជនទាំងអស់បានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ការសិក្សារបស់សិស្ស ត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ដ្បិតតែបច្ចេកវិទ្យា អាចឱ្យសិស្សនៅតែអាចបន្តការសិក្សារបស់ពួកគេបានមែន ប៉ុន្តែសិស្សានុសិស្សមួយចំនួនអះអាងថា កម្រិតចំណេះដឹងរបស់ពួកគេមិនល្អ ដូចរៀនផ្ទាល់ជាមួយគ្រូនោះទេ។ ម្យ៉ាងទៀតបញ្ហាអ៊ីនធឺណិត កង្វះសម្ភារ ក៏បានរំខានដល់ការសិក្សារបស់ពួកគេផងដែរ។

 
យុវតី រិន វិច្ឆិកា ជាសិស្សថ្នាក់ទី៩ នៃអនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល ក្នុងស្រុកទឹកឈូ ខេត្តកំពត។ មិនខុសពីសិស្សានុសិស្សផ្សេងទៀតនៅទូទាំងប្រទេសនោះទេ យុវសិស្ស រិន វិច្ឆិកា បានសិក្សាតាមប្រព័ន្ធអនឡាញជិតកន្លះឆ្នាំហើយ បន្ទាប់ពីសាលារៀនបានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ វិច្ឆិកា តែងចំណាយពេលមួយថ្ងៃ៥ម៉ោង នៅមុខអេក្រង់ទូរសព្ទ ដើម្បីរៀនមុខវិជ្ជាខុសៗគ្នា តាមកាលវិភាគប្រចាំថ្ងៃ។  
 

 
យុវសិស្សរូបនេះ អះអាងថា ក្នុងអំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញជាង៥ខែមកនេះ ការសិក្សារបស់ខ្លួនហាក់ធ្លាក់ចុះ បើធៀបនឹងការរៀនផ្ទាល់ជាមួយគ្រូនៅក្នុងថ្នាក់។ ការណ៍នេះបានធ្វើឱ្យវិច្ឆិកា ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះជាឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់ខ្លួនផងដែរ។ យុវសិស្ស រៀបរាប់ថា៖ «ក្រោយសាលាត្រូវបានផ្អាកដោយសារតែកូវីដ-១៩ ការសិក្សាខ្ញុំ គឺមានភាពខុសគ្នាយ៉ាងខ្លាំង ទៅនឹងការរៀនផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ គឺនៅពេលខ្លះដែលយើងដោះស្រាយលំហាត់ មិនចេញ ឬមួយក៏មានចម្ងល់ត្រង់ណា គឺពិតជាមានការលំបាក ក្នុងការទំនាក់ទំនងទៅកាន់លោកគ្រូ អ្នកគ្រូ ព្រោះថាពួកគាត់ អាចនឹងមានពេលវេលារវល់ច្រើន ក្នុងការបង្រៀនសិស្ស តាមប្រព័ន្ធអនឡាញដែរ»។ 
 


តែយ៉ាងណាសិស្សថ្នាក់ទី៩រូបនេះ ក៏ព្យាយាមរៀបចំកាលវិភាគ សម្រាប់ការស្វ័យសិក្សាជាក់លាក់សម្រាប់ខ្លួន ព្រមទាំងការហ្វឹកហាត់ការដោះស្រាយលំហាត់ដែលខ្លួនមិនទាន់ច្បាស់ឡើងវិញ និងការអានមេរៀនបន្ថែមដែរ។ 
 
យុវសិស្ស ទូច ស្រីពេជ្រ ដែលកំពុងសិក្សាថ្នាក់ទី១១ នៃវិទ្យាល័យចំណេះដឹងទូទៅឯកជនឧត្ដមវិជ្ជា ក្នុងខេត្តកំពត ក៏យល់ស្របដែរថាចំណេះដឹងពីការសិក្សាតាមប្រព័ន្ធអនឡាញ គឺពិតជាមិនបានល្អ ដូចដែលសិក្សាផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូនោះទេ។ យុវសិស្ស ទូច ស្រីពេជ្រ អះអាងទៀតថា បញ្ហាប្រព័ន្ធអ៊ីនធឺណិតរអាក់រអួល ក៏បានរួមចំណែករំខានដល់ការសិក្សារបស់ខ្លួន ខណៈដែលការចំណាយលើថ្លៃកាតទូសព្ទ ក៏អស់ពី៨-១០ដុល្លារដែរក្នុងមួយខែៗ។ 


 
សម្រាប់ស្រីពេជ្រ ដើម្បីឱ្យការសិក្សារបស់ខ្លួនមានភាពល្អប្រសើរ ដូចសិក្សាជាមួយគ្រូនោះ គឺនាងត្រូវប្រឹងប្រែងខ្លាំងជាងមុន ហើយក៏ចំណាយពេលច្រើនក្នុងការសិក្សាផងដែរ។ ស្រីពេជ្រ ដែលអះអាងថា ខ្លួនបានចំណាយប្រមាណ១០ម៉ោង ក្នុងមួយថ្ងៃៗនៅមុខកញ្ចក់ទូរសព្ទ ដើម្បីរៀនតាមប្រព័ន្ធអនឡាញជាមួយគ្រូផង ស្វែងរកលំហាត់អនុវត្តបន្ថែមផង ក៏ដូចជាចូលរួមក្លិបសិក្សាជាមួយមិត្តភក្តិដទៃថែមទៀត។«ខ្ញុំគិតថាទោះបីជាយើងសិក្សាតាមរយៈអនឡាញក្ដី ឬមួយក៏យើងសិក្សាជាមួយលោកគ្រូ អ្នកគ្រូក្ដី គឺវាមិនអាស្រ័យលើការបង្រៀនដោយផ្ទាល់ ឬដោយប្រយោលនោះទេ។ ខ្ញុំគិតថា វាគឺអាស្រ័យលើខ្លួនយើងផ្ទាល់។ ប្រសិនបើយើងដាក់ចិត្ត ក្នុងការរៀនសូត្រ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់នូវរាល់ចំណេះដឹង ដែលលោកគ្រូអ្នកគ្រូ បានចែករំលែក និងស្វែងយល់បន្ថែម នោះយើងនឹងទទួលបាននូវចំណេះដឹងមួយដ៏ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ដូចនៅសាលាផ្ទាល់ដែរ»។ នេះជាការរៀបរាប់រាប់របស់យុវតី ទូច ស្រីពេជ្រ។
 
ដ្បិតបានបន្ស៊ាំខ្លួនបន្តិចម្តងៗ ទៅនឹងការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកនៅក្នុងការសិក្សា ប៉ុន្តែយុវតីរូបនេះ ក៏បានដាក់ការស្នើសុំឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននានា ផ្តល់ការជំរុញ និងលើកទឹកចិត្តសិស្សានុសិស្សបន្ថែមដែរ ជាពិសេសសិស្សពូកែ ដូចជាការផ្ដល់នូវសម្ភារសិក្សា ឬការផ្គត់ផ្គង់លើកញ្ចប់ប្រើប្រាស់អ៊ីនធឺណិត  ដើម្បីឱ្យពួកគេនៅតែបន្តប្រឹងប្រែងក្នុងការសិក្សា។
 
ជុំវិញកម្រិតចំណេះដឹងរបស់សិស្ស ក្នុងអំឡុងពេលសិក្សាតាមប្រព័ន្ធអនឡាញនេះ នាយកអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល  លោក ញាន មន ទទួលស្គាល់ថាចំណេះដឹងពួកគេមិនល្អ ដូចរៀនផ្ទាល់ជាមួយគ្រូនោះទេ។ អ្វីដែលធ្វើឱ្យ លោក ញាន មន កាន់តែបារម្ភនោះ គឺចំពោះសិស្សដែលរៀនខ្សោយស្រាប់ ហើយក្នុងអំឡុងពេលសិក្សាអនឡាញនេះ គឺពួកគេមិនសកម្មតែម្តង។ លោកនាយកអនុវិទ្យាល័យហ៊ុន សែន ជុំគ្រៀល បញ្ជាក់ថា៖«មិនដូចរៀនផ្ទាល់នៅសាលាទេ។ សិស្សដែលរៀនយឺត (ខ្សោយ) ពេលដែលរៀនតាមអនឡាញ សិស្សខ្លះមិនចូលរៀនផង។ សូម្បីតែលោកគ្រូ អ្នកគ្រូ ដាក់កិច្ចការសំណួរ ឬលំហាត់ឲ្យធ្វើ ក៏ពួកគាត់មិនធ្វើដែរ។ នេះហើយបញ្ហាប្រឈម»។
 

 
ទោះយ៉ាងណា ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោក ញាន មន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីតាមដានការសិក្សារបស់សិស្ស។ វិធានការទាំងនោះមានដូចជាឱ្យគ្រូពិនិត្យវត្តមានសិស្សក្នុងម៉ោងនីមួយៗ ហើយក្នុងពេលបង្រៀន គឺតម្រូវឱ្យសិស្សទាំងបើកកាមេរ៉ា ដើម្បីងាយស្រួលក្នុងការតាមដានសិស្ស។ ចំណែកឯសិស្សដែលមិនមានស្មានហ្វូន ឬឧបករណ៍អេឡិចត្រូនិកសម្រាប់រៀន គឺឱ្យពួកគេទាក់ទងទៅមិត្តភក្តិដែលមានស្មានហ្វូន ដើម្បីរៀនជុំគ្នាដែលការរៀនជាមួយនេះ មិនឱ្យលើសពី៣នាក់នោះទេ។  នេះជាការរៀបរាប់ របស់លោក ញាន មន ដោយលោកនាយកបានបន្តទៀតថា គ្រូទទួលបន្ទុកថ្នាក់នីមួយៗត្រូវ ស្រង់ឈ្មោះអ្នកមិនបានចូលរៀន ដើម្បីឱ្យគណៈគ្រប់គ្រងសាលា អន្តរាគមន៍ទៅកាន់អាណាព្យាបាលសិស្សផ្ទាល់។
 
លោក ញាន មន ក៏សុំអភ័យទោស និងសុំការយោគយល់ពីសិស្សានុស្សមួយចំនួន ដែល
ទទួលបានការឆ្លើយតបមិនសំណួរ ឬលំហាត់យឺតយ៉ាវពីលោកគ្រូ អ្នកគ្រូរបស់ពួកគេ។ នាយកអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល បន្តថា ភាពឆកល្វែងនេះ កើតឡើងដោយសារតែលោកគ្រូ អ្នកគ្រូ ក៏មមាញឹកក្នុងការបង្រៀនសិស្សតាមប្រព័ន្ធអនឡាញនៅថ្នាក់ផ្សេង និងរវល់កិច្ចការផ្សេងៗទៀត៕
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)៕
 
 
 
 

Tag:
 រៀនអនឡាញ
 អប់រំ
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com