ជាតិ
សពផលិតករភាពយន្ត លោក ហ៊ុយ ពុធ នឹងបូជាថ្ងៃស្អែក
× ភ្នំពេញ៖ លោក ហ៊ុយ ពុធ បានទទួលមរណភាពនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨និង១៥នាទីល្ងាច ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធ។ ពិធីរំលាយសពនឹងធ្វើឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី៤ សីហាស្អែក នៅវត្តឫស្សីស្រស់។
បច្ចុប្បន្នសពលោក ហ៊ុយ ពុធ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ 93B ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ភរិយារបស់លោក ហ៊ុយ ពីឡុត ដែលត្រូវជាកូនបង្កើតលោក ហ៊ុយ ពុធ បានប្រាប់សារព័ត៌មានថ្មីៗថា សពនឹងត្រូវដង្ហែចេញពីគេហដ្ឋាននៅម៉ោង៧ព្រឹកថ្ងៃទី៤ ខែសីហា ឆ្ពោះទៅវត្តឫស្សីស្រស់ ហើយនៅម៉ោង១០ព្រឹកថ្ងៃដដែល នឹងធ្វើពិធីបូជា។
កូនប្រសាលោក ហ៊ុយ ពុធ បញ្ជាក់៖«យើងតម្កល់សពប៉ានៅផ្ទះមួយយប់ទៀត ដល់ស្អែកម៉ោង៧ព្រឹកយើងដង្ហែសពទៅវត្ត។ ដល់ម៉ោង១០ព្រឹកទើបយើងបូជា»។
លោក ហ៊ុយ ពុធ គឺជាអ្នកដឹកនាំផលិតវីដេអូចម្រៀងកាយវិកាខារ៉ាអូខេ តាំងពីអំឡុងឆ្នាំ១៩៩០។ នៅឆ្នាំ១៩៩៤ លោកបានបង្ហាត់បង្ហាញអ្នកនាង អម្ពរ ទេវី លោក ទេព រិនដារ៉ូ ខៃ ប្រសិទ្ធិ អ្នកនាង សុខ ស្រីមុំ ព្រមទាំងតួមួយចំនួនទៀត ឱ្យចេះសម្ដែងកាយវិកាថតខារ៉ាអូខេ។
អ្នកនិពន្ធ ហ៊ុយ ពុធ ចេះជំនាញតែងនិពន្ធសេណារីយោ និងដឹកនាំថតកុនតាំងពីសម័យសង្គមរាស្ត្រនិយម ដោយរៀនជាមួយនឹងគ្រូជនជាតិបារាំងម្នាក់។ លោកធ្លាប់ធ្វើការនៅក្នុងវិទ្យុជាតិ និងធ្លាប់អមព្រះរាជដំណើរអតីតព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ទៅទីក្រុងបេកាំងនៅដើមឆ្នាំ១៩៧០ ដើម្បីថតសកម្មភាពរបស់ព្រះអង្គ។ ហើយលោកក៏បានចូលរួមថតភាពយន្ត ថ្វាយអតីតព្រះមហាក្សត្រផងដែរ។
ឆ្នាំ១៩៧៩ លោកបានចូលធ្វើការនៅនាយកដ្ឋានភាពយន្ត ក្រោមក្រសួងឃោសនាការនិងព័ត៌មាន ហើយលោកក៏ចាប់ផ្ដើមផលិតកុនខ្មែរ។ ដើមឆ្នាំ១៩៩០ លោកបានបង្កើតក្រុមផលិតភាពយន្តដោយខ្លួនឯង ដោយថតរឿងបានមួយចំនួន។ រឿងដំបូងមានចំណងជើងថា “ស្នេហ៍រហែក ជ្រែកវិញ្ញាណ” ឬ”ជីវិតអ្នកចម្រៀង” បន្ទាប់មករឿង”ខ្លែងជីវិត” និងរឿងមួយចំនួនទៀត៕
Tag:
សព
មរណភាព
សិល្បៈ
ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com