កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមកីឡាសម្តែងក្នុងអាងទឹកក្រិក ដកខ្លួនពីអូឡាំពិកតូក្យូ ក្រោយសមាជិក៤នាក់ឆ្លងកូវីដ-១៩
04, Aug 2021 , 9:49 am        
រូបភាព
ក្រុមកីឡាការិនីសម្តែងក្នុងអាងទឹករបស់ក្រិក បានដកខ្លួនចេញពីការប្រកួតអូឡាំពិកក្រុងតូក្យូ បន្ទាប់ពីសមាជិក៤នាក់ក្នុងចំណោមពួកគេ បានធ្វើតេស្តរចេញលទ្ធផលវិញ្ជមានកូវីដ-១៩ ។ គណៈកម្មាធិការអូឡាំពិកក្រិក (HOC) ប្រកាសដូច្នេះនៅថ្ងៃទី៣ ខែសីហា។


ដំបូងឡើយ មានអត្តពលិកម្នាក់បានធ្វើតេស្តវិជ្ជមាន ខណៈ៣នាក់ទៀតដែលបានប៉ះពាល់ផ្ទាល់បានរកឃើញថាឆ្លងកូវីដ-១៩​ នៅមួយថ្ងៃបន្ទាប់។ ក្រុមកីឡាការិនីសម្តែងក្នុងអាងទឹកក្រិកផ្សេងទៀតតម្រូវនៅដាច់ដោយឡែកនៅថ្ងៃទី៣ ខែសីហា ទោះពិនិត្យមិនឃើញថាឆ្លងក្តី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ដោយបារម្ភពីការរីករាលដាលទៅអ្នកដទៃ និងមិនមានសមាជិកគ្រប់គ្រាន់ HOC បានជូនដំណឹងដល់អ្នករៀបចំការប្រកួតថាក្រុមកីឡាការិនីហែលទឹកសិល្បៈរបស់ខ្លួនបានដកខ្លួនចេញពីការប្រជែងមេដាយនៅអូឡាំពិករដូវក្តៅឆ្នាំ២០២០តែម្តង។
 
បើទោះអត្តពលិក មន្ត្រី ទាំងអស់ស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរ៉ឹងនៅពេលពួកគេទៅដល់ប្រទេសជប៉ុនក៏ដោយ ក៏នៅតែមានចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះច្រើនករណីដែរ។
 
អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូនៅថ្ងៃទី៣ ខែសីហា នេះបានរាយការណ៍ថាមានករណីឆ្លងកូវី-១៩ថ្មីចំនួន១៨ករណីដែលសុទ្ធសឹងទាក់ទងនឹងការប្រកួត។ សរុបមកទល់ពេលអូឡាំពិក២០២០ កើនចំនួនករណីឆ្លងសរុបដល់ ២៩៤ ករណីហើយ៕
 

Tag:
 HOC
  COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com