កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់អូឡាំពិក៖ ប្រេស៊ីល ជួបអេស្ប៉ាញប្រជែងមេដាយមាស ឯម្ចាស់ផ្ទះជប៉ុនដណ្តើមសំរឹទ្ធិជាមួយម៉ិកស៊ិក
04, Aug 2021 , 12:59 pm        
រូបភាព
ក្រុមម្ចាស់ជើងឯកប្រេស៊ីល នឹងត្រូវប៉ះក្រុមអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាសអូឡាំពិកក្រុងតូក្យូវិញ្ញាបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំ។ ម្ចាស់ផ្ទះជប៉ុន និងម៉ិកស៊ិកដែលបរាជ័យនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សល់ឱកាសប្រជែងមេដាយសំរឹទ្ធិ។


ប្រេស៊ីល បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីការពារមេដាយមាសអូឡាំពិករបស់ខ្លួន បន្ទាប់ពីឈ្នះម៉ិកស៊ិកដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៤-១ នៅជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៣ ខែសីហា។ 
 


ក្រុមទាំងពីរប្រកួតគ្នាបញ្ចប់ក្នុងលទ្ធផល ០-០ ទាំងក្នុងម៉ោងផ្លូវការ៩០នាទី និងម៉ោងបន្ថែម១៥នាទីពីរដង។ ឈានដល់វគ្គកាត់សេចក្តីប៉េណាល់ទី ម៉ិកស៊ិកទាត់ចូលតែមួយគ្រាប់ប៉ុណ្ណោះក្នុងចំណោម៣នាក់ ឯប្រេស៊ីលសម្រេចទីបានទាំង៤រូប។
 
អេស្ប៉ាញ បានទម្លាក់ម្ចាស់ផ្ទះជប៉ុនដោយលទ្ធផលពិន្ទុ ១-០។ គ្រាប់បាល់ជ័យជម្នះរបស់អេស្ប៉ាញ កើតឡើងនៅម៉ោងបន្ថែមនាទី១១៥ ដែលសម្រេចដោយ Marco Asensio ខ្សែប្រយុទ្ធ Real Madrid។ 
 
ប្រេស៊ីលដែលជាម្ចាស់មេដាយមាសអូឡាំពិក្រុងរីយ៉ូឆ្នាំ២០១៦ នឹងត្រូវជួបអេស្ប៉ាញ ដើម្បីដណ្តើមមេដាយមាសអូឡាំពិករដូវក្តៅឆ្នាំ២០២០ នៅថ្ងៃទី៧ ខែសីហា វេលាម៉ោង ៦:៣០នាទីល្ងាច [ម៉ោងនៅកម្ពុជា] ក្រោយមួយថ្ងៃនៃជំនួបដណ្តើមមេដាយសំរឹទ្ធិរវាងជប៉ុន និងម៉ិកស៊ិក៕
 



Tag:
 បាល់ទាត់អូឡាំពិក
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com