អន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា កែច្បាប់ប្រឆាំងភេរវកម្មដែលទំនងសំដៅលើក្រុមប្រឆាំង
04, Aug 2021 , 2:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែសីហា បានចុះហត្ថលេខា លើវិសោធនកម្មច្បាប់ប្រឆាំងភេរវកម្ម។ ការកែប្រែច្បាប់នេះ អាចនឹងផ្តោតលើអ្នកប្រឆាំងរបបសឹក​រួមទាំងរដ្ឋាភិបាលស្រមោលរបស់អតីតសមាជិកសភាជាប់ឆ្នោត (NUG) និងកម្លាំងការពារប្រជាជនផង។


ចាប់តាំងពីឡើងកាន់អំណាចមក របបសឹក បានធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីដាក់សម្ពាធលើក្រុមអ្នកប្រឆាំង និងរក្សាអំណាចរបស់ខ្លួន។ ក្នុងថ្ងៃទី២ ខែសីហា លោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ប្រឆាំងភេរវកម្មមួយទៀត។
 
ក្រោមការកែប្រែថ្មីនេះ សកម្មភាព ដែលជំរុញ, បញ្ចុះបញ្ចូល,  ឃោសនា និងជ្រើសរើសមនុស្សឱ្យចូលរួមក្នុងក្រុមភេរវករ ឬសកម្មភាពភេរវកម្ម អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Irrawaddy។ 
 
វិសោធនកម្មច្បាប់ប្រឆាំងភេរវកម្ម ត្រូវបានមើលឃើញថា ជាឧបករណ៍ ដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំង ហើយថែមទាំងអាចប៉ះពាល់ដល់ប្រព័ន្ធផ្សព្វផ្សាយថែមទៀត។ នាពេលកន្លងទៅ របបសឹក បានចាត់ទុករដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា គណៈកម្មាធិការសភាដែលបង្កើតដោយសមាជិកសភាជាប់ឆ្នោត រួមទាំងកម្លាំងការពាររបស់ប្រជាជន ជាក្រុមភេរវកម្ម។
ទន្ទឹមនេះ រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ក៏បានចាត់ទុកយោធាមីយ៉ាន់ម៉ាជាភេរវករវិញដែរ នៅក្នុងខែមិថុនាកន្លងមក ដោយសារតែការបង្រ្កាបលើប្រជាជនស៊ីវិល និងការបំភ័យនៅក្នុងសង្គម។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារមក មនុស្សជាង ៩០០ នាក់ បានបាត់បង់ជីវិត ខណៈមនុស្សប្រមាណ ៥ពាន់នាក់ ត្រូវបានឃុំខ្លួន។ សហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរបបសឹក និងក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យដោះលែងអ្នកជាប់ឃុំទាំងនោះ និងរៀបចំលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com