ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជានាំចេញអង្ករបានជាង៣០ម៉ឺនតោន ធ្លាក់ចុះជាង២៧ភាគរយ
04, Aug 2021 , 7:59 pm        
រូបភាព
កម្ពុជាបាននាំចេញអង្ករចំនួន ៣០៩.៨៦៥តោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ ធ្លាក់ចុះជាង២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះ គឺដោយសារខ្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។ ទំហំទឹកប្រាក់ពីការនាំចេញអង្គរទាំងជាង៣០ម៉ឺនតោននោះ មានជាង២៦១លានដុល្លារ។

 
ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣០៩ ៨៦៥តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៩ប្រទេស មានដូចជាអ៊ឺរ៉ុប ចិន អាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត។ បើតាមរបាយការណ៍ដែលផ្សាយដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ។ របាយការណ៍ដដែល បញ្ជាក់ថា បរិមាណនាំចេញនេះ ធ្លាក់ចុះជាង២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានជាង៤២ម៉ឺនតោនឯណោះ។ មូលហេតុគឺដោយសារខ្វះទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។ 
 
ចំពោះទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករទាំងជាង៣០ម៉ឺនតោននោះ មានចំនួន ២៦១.៨៣៥.៩២៥ដុល្លារ។ នេះបើតាមរបាយការណ៍ដដែល។ 
 
បរិមាណអង្ករដែលកម្ពុជា បាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២១ប្រទេស មានបរិមាណ៧៧៧៨៦តោន ថយចុះជាង៤៦ភាគរយ។ នាំទៅប្រទេសចិន ចំនួន ១៥៣ ៩២១តោន ប្រហាក់ប្រហែលនឹងឆ្នាំទៅ។ ខណៈប្រទេសអាស៊ាន មាន ៥ប្រទេស ក្នុងចំនួន ២៩ ៤៥៣តោន ថយចុះជាង៤៨ភាគរយ និងទិសដៅដទៃទៀតចំនួន២២ប្រទេស មានបរិមាណ៤៨ ៧០៥តោន ថយចុះជិត៣០ភាគរយ។
 
ដោយឡែកនៅក្នុងខែកក្កដា ឆ្នាំ២០២១ ការនាំចេញអង្គរមានចំនួន ២៩.៤១៥តោន កើនឡើង ជាង៣ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២០។ ក្នុងចំណោមអង្ករដែលបាននាំចេញមានអង្ករក្រអូបគ្រប់ប្រភេទចំនួន២១៤.៩៦៨តោន, អង្ករសគ្រប់ប្រភេទចំនួន ៨៨.៧០២តោន និងអង្ករចំហុយមានចំនួន ៦.១៩៥តោន៕
 
 
 
 

Tag:
 អង្ករ
  នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com