អន្តរជាតិ
កូរ៉េខាងជើង រិះគន់អង់គ្លេសដែលយកខ្លួនជាលេសដើម្បីពង្រាយនាវាចម្បាំងនៅអាស៊ី
04, Aug 2021 , 8:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ងួន សុភាវត្តី

កូរ៉េខាងជើង នៅថ្ងៃទី៣ ខែសីហា បានរិះគន់ចក្រភពអង់គ្លេសជុំវិញផែនការដាក់ពង្រាយនាវាចម្បាំងពីរគ្រឿងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ ទីក្រុងព្យុងយ៉ាងចាត់ទុកផែនការនេះជាការញុះញង់បង្កជម្លោះ។


ផែនការដាក់នាវាចម្បាំងពីរគ្រឿងនៅអាស៊ីជាអចិន្រ្តៃយ៍ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ចក្រភពអង់គ្លេសដើម្បីបង្កើនវត្តមានរបស់ខ្លួននៅអាស៊ី។ គេក៏មើលឃើញថា នេះជាយុទ្ធសាស្រ្តរបស់ក្រុមលោកខាងលិចដែលព្រួយបារម្ភពីការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ជាពិសេសលើកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងការគំរាមរបស់កូរ៉េខាងជើងផងដែរ។ នាវាចម្បាំងមួយក្រុមដឹកនាំដោយនាវាផ្ទុកយន្តហោះ HMS Elizabeth នឹងឆ្លងកាត់សមុទ្រចិនខាងត្បូងក្នុងខែសីហានេះ។
 
កូរ៉េខាងជើង បង្ហាញការមិនពេញចិត្តចំពោះអង់គ្លេសដែលយកខ្លួនប្រើប្រាស់ដើម្បីយុទ្ធសាស្រ្តរបស់ខ្លួនបែបនេះ។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បានរិះគន់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace ដែលចោទកូរ៉េខាងជើងនិងចិនដោយគ្មានមូលដ្ឋានថា កំពុងព្យាយាមបិទខ្ទប់កូរ៉េខាងត្បូង និងជប៉ុន ហើយរារាំង និងគំរាមសិទ្ធិសេរីភាពនាវាចរណ៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
 
នៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះដោយក្រសួងការបរទេសកូរ៉េខាងជើង មន្ត្រីដែលមិនបញ្ចេញឈ្មោះ បាននិយាយចំៗថា ផែនការរបស់អង់គ្លេស មានចេតនាបង្កជម្លោះប្រឆាំងនឹងកូរ៉េខាងជើងដែលចក្រភពអង់គ្លេសបញ្ជូននាវាចម្បាំងរបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានយកកូរ៉េខាងជើងធ្វើជាលេស។
 
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិអង់គ្លេស នាវាចម្បាំង២គ្រឿងនេះ នឹងមកដល់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅចុងខែសីហានេះ។ ប្រទេសដែលជាសម្ធ័ន្ពមិត្តរួមមាន ជប៉ុន អូស្ត្រាលីនិងសិង្ហបុរី នឹងផ្តល់ការគាំទ្រផ្នែកភស្តុភារ និងជំនួយផ្សេងទៀតដល់នាវាចម្បាំងទាំង២នេះ៕
 

Tag:
 កូរ៉េខាងជើង
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com