ជាតិ
កម្ពុជា-វៀតណាម បន្តរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសគ្រឿងញៀន
04, Aug 2021 , 8:59 pm        
រូបភាព
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំតាមអនឡាញជាមួយលោក តូ ឡាំ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។
សម្តេច ស ខេង ស្ថិតក្នុងកិច្ចប្រជុំតាមអនឡាញជាមួយលោក តូ ឡាំ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។
កម្ពុជា-វៀតណាម បន្តសហការគ្នា ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសគ្រឿងញៀន និងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់តាមព្រំដែន។ ការព្រមព្រៀងគ្នានេះ  ធ្វើឡើងតាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរវាងសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក តូ ឡាំ (To Lam) រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

    
ព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំនោះ កម្ពុជា-វៀតណាម ក៏បានបន្តសហការគ្នាទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែរ រួមទាំងបន្តសហការគ្នារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពតាមតំបន់ព្រំដែន ដើម្បីកសាងព្រំដែន ដែលមានសន្តិភាព និងការអភិវឌ្ឍ។
 
សម្តេច ស ខេង និង លោក តូ ឡាំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដែលរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម  ទោះបីស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ក្តី។ លើសពីនេះ រដ្ឋមន្រ្តីនៃប្រទេសទាំងពីរ បង្ហាញការមើលឃើញដូចគ្នានូវសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរយៈពេល១ឆ្នាំចុងក្រោយនេះ ដូចជា ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការកសាងសមត្ថភាពកងកម្លាំង និងការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន និងអំពើជួញដូរមនុស្សឆ្លងដែន ជាដើម៕ 
 
 
 
 
 

Tag:
 ស ខេង
  តូ ឡាំ
  កម្ពុជា-វៀតណាម
  កិច្ចសហការ
  ព្រមដែន
© រក្សាសិទ្ធិដោយ thmeythmey.com