អន្តរជាតិ
វៀតណាម កាត់បន្ថយរយៈពេលចត្តាឡីស័កសម្រាប់អ្នកដំណើរចាក់វ៉ាក់សាំងមកត្រឹម៧ថ្ងៃ
04, Aug 2021 , 9:29 pm        
រូបភាព
វៀតណាម បានសម្រេចបន្ថយរយៈពេលចត្តាឡីស័កពី១៤ថ្ងៃមកត្រឹម៧ថ្ងៃសម្រាប់អ្នកដំណើរដែលទទួលបានវ៉ាក់សាំងពេញលេញ ហើយមានលទ្ធផលតេស្តអវិជ្ជមាន។ នេះបើយោងតាមសេចក្តីណែនាំថ្មីរបស់ក្រសួងសុខាភិបាលវៀតណាមផ្សាយថ្ងៃទី៤ ខែសីហា។ ប៉ុន្តែពួកគេត្រូវបន្តតាមដានសុខភាពខ្លួន៧ថ្ងៃទៀតពេលបញ្ចប់ការធ្វើចត្តាឡីស័ក។


ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយអនុរដ្ឋមន្រ្តីសុខាភិបាល Do Xuan Tuyen ការបន្ថយរយៈពេលធ្វើចត្តាឡីស័ករបស់អ្នកដំណើរចូលវៀតណាម ធ្វើឡើងដោយផ្អែកទៅតាមទិន្នន័យរបស់អង្គការសុខាភាពពិភពលោកនៅវៀតណាម មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក និងអនុសាសន៍គណៈកម្មាធិការដឹកនាំជាតិសម្រាប់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ។ 
 
ជាមួយនឹងគោលការណ៍ថ្មីនេះ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនប័ត្រត្រឹមត្រូវដែលបង្ហាញថាពួកគេបានចាក់វ៉ាក់សាំងរួចរាល់ ដោយការចាក់ដូសទី២ត្រូវធ្វើឡើងចន្លោះពី១៤ថ្ងៃទៅ១២ខែ មុនពេលទៅដល់វៀតណាម។ បន្ថែមពីនេះ អ្នកដំណើរ ក៏ត្រូវមានលិខិតបញ្ជាក់តេស្តអវិជ្ជមានក្នុងរយៈពេល៧២ម៉ោងផងដែរ។ ចំណែកអ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ត្រូវមានប័ណ្ណបញ្ជាក់ថា បានជាសះស្បើយក្នុងរយៈពេល៦ខែចុងក្រោយ។
 
បើតាមសារព័ត៌មានវៀតណាម Vietnam News អ្នកដំណើរទាំងអស់ ត្រូវធ្វើតេស្តពីរទៀត គឺនៅពេលទៅដល់ និងក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក។ បន្ទាប់មក ពួកគេ ត្រូវតាមដានសុខភាពខ្លួនឯងនៅផ្ទះរយៈពេល៧ថ្ងៃទៀតជាមួយអនុវត្តការពាក់ម៉ាក់ រក្សាគម្លាត និងការប្រើប្រាស់កម្មវិធីតាមដាន Bluezone ដែលជាកម្មវិធីជូនដំណឹងសម្រាប់បុគ្គលណាដែលបានប៉ះពាល់អ្នកឆ្លងជំងឺកូវីដ-១៩។
 
ក្រសួងសុខាភិបាលវៀតណាមបានសាកល្បងបន្ថយវិធានការចត្តាឡីស័កមកត្រឹម៧ថ្ងៃនៅខេត្ត Quang Ninh ភាគខាងជើងកាលពីខែកក្កដា ដោយអនុវត្តលើអ្នកដែលបានចាក់វ៉ាក់សាំងរួច ឬជាសះស្បើយពីជំងឺកូវីដ-១៩។ ចាប់តាំងពីខែមីនាឆ្នាំ២០២០ វៀតណាមបានបិទព្រំដែនរបស់ខ្លួន និងអនុញ្ញាតឱ្យតែអ្នកដំណើរដែលភាគច្រើនជាជនជាតិវៀតណាមដែលជាប់នៅបរទេស មន្រ្តីការទូត អ្នកវិនិយោគ និងអ្នកធ្វើការមានជំនាញខ្ពស់ប៉ុណ្ណោះ៕
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com