ជាតិ
សេដ្ឋកិច្ច
៧ខែ កម្ពុជានាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន ភាគច្រើនទៅវៀតណាម
05, Aug 2021 , 8:59 am        
រូបភាព
មន្រ្តីអគ្គរដ្ឋបាលគយចិន កំពុងត្រួតពិនិត្យគុណភាពស្វាយស្រស់ដែលនាំចូលពីកម្ពុជា មុនចែកចាយលក់ក្នុងទីផ្សារចិន នាអំឡុងខែឧសភា ឆ្នាំ២០២១កន្លងទៅ។ ការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ចំនាយពេលពីរសប្តាហ៍។(រូបថត៖ហ្វេសប៊ុក លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
មន្រ្តីអគ្គរដ្ឋបាលគយចិន កំពុងត្រួតពិនិត្យគុណភាពស្វាយស្រស់ដែលនាំចូលពីកម្ពុជា មុនចែកចាយលក់ក្នុងទីផ្សារចិន នាអំឡុងខែឧសភា ឆ្នាំ២០២១កន្លងទៅ។ ការដឹកជញ្ជូនស្វាយស្រស់ចេញពីកម្ពុជា ទៅកាន់ប្រទេសចិន ចំនាយពេលពីរសប្តាហ៍។(រូបថត៖ហ្វេសប៊ុក លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)
កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ប្រមាណ១៦១ ២២៨តោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ។ ចំនួននេះ កើនឡើងជិត២៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ ប្រទេសវៀតណាម ជាទីផ្សារនាំចេញស្វាយស្រស់ធំជាងគេរបស់កម្ពុជា។ ក្រៅពីស្វាយស្រស់ កម្ពុជាក៏បាននាំចេញតំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយជាង១៧,៥ពាន់តោនទៅទីផ្សារអន្តរជាតិដែរ។

 
កម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ចំនួន ១៦១ ២២៨,៥៥តោន ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ ដោយបរិមាណនេះកើនឡើងជិត២៤៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ បើតាមរបាយការណ៍ដែលបង្ហោះនៅទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ។ របាយការណ៍នោះឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសចំនួន៧ ដែលកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅនោះ ប្រទេសវៀតណាម ជាទីផ្សារនាំចេញស្វាយស្រស់ធំជាងគេរបស់កម្ពុជា បន្ទាប់មកគឺប្រទេសថៃ ចិន និងកូរ៉េខាងត្បូង។ 
 
បើតាមរបាយការណ៍ដដែល បរិមាណសា្វយស្រស់ដែលបាននាំចេញទៅកាន់ប្រទេសវៀតណាមមានជិត ១៤ម៉ឺនតោន ខណៈនាំចេញទៅប្រទេសថៃ មានជាង២.១ម៉ឺនតោន។ ស្វាយស្រស់ជាង២១១តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងជាង១២៤តោន ត្រូវបាននាំទៅប្រទេសកូរ៉េខាងត្បូង។ ទីក្រុងហុងកុង ក៏បាននាំចូលស្វាយស្រស់ពីកម្ពុជា ជាង៥០តោនដែរពីកម្ពុជាដែរ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ ខណៈប្រទេសសិង្ហបុរី បាននាំចូលជាង១៦តោន។ របាយការណ៍ដដែល បញ្ជាក់ទៀតថា កម្ពុជា ក៏បាននាំចេញផ្លែស្វាយស្រស់ចំនួន១០គីឡូក្រាម ទៅប្រទេសគុយវ៉ែតដែរ។ 
 
ក្រៅពីផ្លែស្វាយស្រស់ កម្ពុជាក៏បាននាំចេញតំណាប់ស្វាយ ចំនួន ១៣៥២៤,៥ តោនដែរ ទៅជិត១០ប្រទេស ក្នុងរយៈពេល៧ខែមកនេះ។ បើតាមរបាយការណ៍ដដែល កម្ពុជានាំចេញតំណាប់ស្វាយ ទៅប្រទេសចិន ជាង១.១ម៉ឺនតោន, ថៃជាង១ពាន់តោន, ហ្វីលីពីនជាង៧៣៥តោន, ជប៉ុនជាង៥១២តោន, វៀតណាមជិត៧៧តោន, ចក្រភពអង់គ្លេសជាង១៦តោន, សាធារណរដ្ឋកូរ៉េជាង១៤តោន  សហរដ្ឋអាមេរិកជាង៨,៥តោន និងប្រទេសកាហ្សាក់ស្ថានចំនួន៥០គីឡូក្រាម។
 
ជាមួយគ្នានេះ កម្ពុជាក៏នាំចេញទឹកស៊ីរ៉ូស្វាយប្រមាណ ៤០៦៩ តោន ទៅកាន់ប្រទេសចិន និងហ្វីលីពីនផងដែរ៕
 
 
 

Tag:
 កសិកម្ម
  ស្វាយស្រស់
 តំណាប់ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com