COVID-19
អន្តរជាតិ
មនុស្សជាង២០០លាននាក់ហើយនៅលើពិភពលោកដែលតេស្តវិជ្ជមានកូវីដ-១៩ រូបថត Xinhua
× តួលេខអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក ឡើងដល់ជាង២០០លាននាក់ហើយ ដោយគិតត្រឹមថ្ងៃទី៤ ខែសីហា នេះ ដែលក្នុងនោះ ជាង៤.២៥លាននាក់ បានស្លាប់ និងជាង១៨០លាននាក់ បានជាសះស្បើយ។
ក្នុងចំណោមអ្នកឆ្លងជាង២០០លាននាក់ សហរដ្ឋអាមេរិក មានជាង៣៦លាន ឥណ្ឌាជាង៣១.៧លាន ប្រេស៊ីលជិត២០លាន ខណៈរុស្សី និងបារាំង មានជាង៦លានរៀងៗខ្លួន។
ចក្រភពអង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី អ៊ីរ៉ង់ អាល្លឺម៉ង់ និងឥណ្ឌូណេស៊ី មានពីជាង៣លានករណី ទៅជិត៦លានករណី។
រីឯបណ្តាប្រទេសដែលមានពីជាង១លានករណីទៅជិត៣លានករណី រួមមាន ប៉ូឡូញ ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ប៉េរូ ហូឡង់ ឆែក អ៊ីរ៉ាក់ ស៊ីលី ហ្វីលីពីន កាណាដា បង់ក្លាដែស ម៉ាឡេស៊ី បែលហ្ស៊ិក ស៊ុយអែត រូម៉ានី និងប៉ាគីស្ថាន។
ក្នុងចំណោមអ្នកស្លាប់ជាង៤.២៥លាននាក់ សហរដ្ឋអាមេរិក មានជាង៦៣ម៉ឺន ប្រេស៊ីលជាង៥៥.៨ម៉ឺន ឥណ្ឌាជាង៤២.៥ម៉ឺន ម៉ិកស៊ិកជាង២៤ម៉ឺន ប៉េរូជាង១៩ម៉ឺន រុស្ស៊ីជាង១៦ម៉ឺន ចក្រភពអង់គ្លេស និងអ៊ីតាលីជិត១៣ម៉ឺន កូឡុំប៊ីជាង១២ម៉ឺន បារាំងជាង១១ម៉ឺន និងអាហ្សង់ទីនជាង១០ម៉ឺន។
តាមទិន្នន័យ Worldometers តំបន់អាស៊ីទាំងមូលមានអ្នកស្លាប់ជាង៩១ម៉ឺននាក់ ដោយភាគច្រើននៅឥណ្ឌា បន្ទាប់មក ឥណ្ឌូណេស៊ី អ៊ីរ៉ង់ ហ្វីលីពីន ប៉ាគីស្ថាន បង់ក្លាដែស អ៊ីរ៉ាក់ ជប៉ុន និងមីយ៉ាន់ម៉ា។ គិតត្រឹមថ្ងៃពុធនេះ កម្ពុជមានអ្នកស្លាប់១៤៨៨នាក់ក្នុងចំណោម៧៩ ៦៣៤ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com