កីឡាជាតិ
ជាតិ
គ្រូចំបាប់អ៊ីរ៉ង់ ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក នឹងបង្វឹកក្រុមជម្រើសជាតិកម្ពុជា (នៅកណ្ដាល) លោក Komeil Ghasemi គ្រូចំបាប់អ៊ីរ៉ង់ និងជាអតីតម្ចាស់មេដាយមាសអូឡាំពិក ទទួលបានការស្វាគមន៍ពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា (ពាក់អាវឈុតធំ) នៅសណ្ឋាគារមួយ នៅរាជធានីភ្នំពេញ។ (រូបពី CAMSOC)
× ភ្នំពេញ៖ គ្រូចំបាប់អ៊ីរ៉ង់ ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក លោក Komeil Ghasemi នឹងបង្វឹកក្រុមជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
លោក Komeil Ghasemi បានមកដល់កម្ពុជា ហើយធ្វើចត្តាឡីស័កចប់សព្វគ្រប់ ១៤ថ្ងៃ តាមគោលការណ៍រដ្ឋាភិបាលហើយ។ លោក Komeil Ghasemi ត្រូវចូលខ្លួនបង្វឹកផ្នែកបច្ចេកទេសចំបាប់ ដល់កីឡាករ-កីឡាការិនីកម្ពុជាបន្ថែមទៀត ខណៈពួកគេកំពុងហ្វឹកហាត់នៅផ្ទះរៀងខ្លួន ដោយមានការពិនិត្យពីគ្រូតាមរយៈអនឡាញ។
កន្លងមកលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់ ប្រឹងហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លា នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងមេដាយស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២២ ក៏ដូចជាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ សម្រាប់លោក ខេស៊ី បាណេត ការពន្យាពេលរៀបចំស៊ីហ្គេម នៅវៀតណាមនេះ ក៏ជាឱកាសល្អ សម្រាប់ក្រុមជម្រើសជាតិចំបាប់កម្ពុជា ហ្វឹកហាត់ឱ្យបានខ្លាំងដែរ។
បន្ថែមពីនេះ លោក ខេស៊ី បាណេត ក៏រំពឹងថា ក្រុមជម្រើសជាតិចំបាប់កម្ពុជា អាចទទួលបានមេដាយនៅស៊ីហ្គេម ប្រទេសវៀតណាមទៀតផង។ តាមរយៈការលើកទឹកចិត្តនេះ អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានទិញសម្ភារៈ និងស្បែកជើង ដែលកីឡាករចំបាប់នៅលើពិភពលោកប្រើប្រាស់ ឱ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ។
ក្រៅពីវត្តមានគ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់នេះ កីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា ១០រូប ក៏ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិន ។
លោក Komeil Ghasemi គ្រូចំបាប់អ៊ីរ៉ង់នេះ គឺជាអតីតម្ចាស់មេដាយមាស ផ្នែកចំបាប់សេរីបុរស ទម្ងន់១២០គីឡូ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងឡុងដ៍ ២០១២ និងជាអតីតម្ចាស់មេដាយប្រាក់ អូឡាំពិក ២០១៦ នៅទីក្រុងរីយ៉ូ ប្រេស៊ីលផងដែរ។ក្រៅពីនេះ លោក Komeil Ghasemi ក៏ធ្លាប់ឈ្នះមេដាយមាស១ និងប្រាក់២ នៅព្រឹត្តិការប្រកួតតំបន់អាស៊ាន និងមេដាយប្រាក់ពិភពលោកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com