ជាតិ
កម្ពុជា រឹតបន្តឹងការនាំចូលសាច់បង្កក ពីប្រទេសកំពុងឆ្លងកូវីដ-១៩ខ្លាំង រូបភាពពីហ្វេសប៊ុកឈ្មោះ Ryna Pheng
× ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញវិធានការរឹតបន្តឹង លើការនាំចូលសាច់កក និងទំនិញបង្កក ដែលមានប្រភពមកពីប្រទេស កំពុងរាលដាលជំងឺកូវីដ-១៩ខ្លាំង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ វិធានការថ្មីនេះ តម្រូវឱ្យអាជីវករទាំងអស់ ត្រូវមានលិខិតបញ្ជាក់ថាទំនិញខ្លួនគ្មានផ្ទុកកូវីដ-១៩ ឬវីរុសបម្លែងថ្មី Delta និងឆ្លងកាត់ការធ្វើសំណាកម្ដងទៀតមុនពេលនាំចូលមកកម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញវិធានការរឹតបន្តឹង ការនាំចូលសាច់កក និងទំនិញបង្កក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងវីរុសបម្លែងថ្មី Delta នៅកម្ពុជា។ ការរឹតបន្តឹងនេះ អនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ដោយតម្រូវឱ្យម្ចាស់ទំនិញទាំងអស់ ត្រូវធ្វើតេស្តទំនិញខ្លួន និងមានលិខិតបញ្ជាក់លទ្ធផលអវិជ្ជមាន ពីប្រទេសដើមកំណើតទំនិញ។ លើសពីនេះ ទំនិញបង្កកទាំងអស់នោះ នឹងត្រូវធ្វើសំណាកម្ដងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រ មុនពេលនាំចូលមកលក់លើទីផ្សារកម្ពុជា។
បន្ទាប់ពីធ្វើតេស្តទំនិញរួច អាជ្ញាធរនឹងធ្វើលិខិតបញ្ជាក់ពីលទ្ធផលទំនិញទាំងនោះ ហើយជូនដំណឹងទៅអាជីវករ។ ក្នុងករណី ទំនិញគ្មានផ្ទុកមេរោគឆ្លងកូវីដ-១៩ ឬវីរុសបម្លែងថ្មី Delta ម្ចាស់ទំនិញអាចបញ្ចេញទំនិញខ្លូនពីមន្រ្តីគយបាន ប៉ុន្តែបើករណីរកឃើញវិជ្ជមាន អាជ្ញាធរនឹងសម្រេចថាត្រូវបំផ្លាញចោល ឬយ៉ាងណា។ ចំពោះថ្លៃចំណាយទាំងអស់ ម្ចាស់ទំនិញជាអ្នកទទួលបន្ទុក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
សូមបញ្ជាក់ថា វិធានការរឹតបន្តឹងថ្មីនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជារកឃើញវីរុសកូវីដ-១៩ ក្នុងសាច់ក្របីកកចំនួន៣កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ សាច់ក្របីបង្កកទាំង៣កុងតឺន័រដែលមានផ្ទុកមេរោគកូវីដ-១៩នេះ គឺបាននាំចូលដោយក្រុមហ៊ុនASHARY INVESTMENT & CONSTRUCTION និងក្រុមហ៊ុន BOVINI FOOD៕
© រក្សាសិទ្ធិដោយ thmeythmey.com