ជាតិ
សហស្ថាបនិកហ្វារពន្លឺសិល្បៈលោក ស្រី បណ្ដូល ទទួលមរណភាពដោយសារកូវីដ-១៩
05, Aug 2021 , 10:30 am        
រូបភាព
ភ្នំពេញ៖ លោក ស្រី បណ្ដូល ដែលជាសហស្ថាបនិកអង្គការ ហ្វារពន្លឺសិល្បៈ បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។ សពត្រូវបានបូជារួចហើយ។ ភរិយារបស់លោក ស្រី បណ្ដូល ក៏មានផ្ទុកជំងឺកូវីដ-១៩ដែរ។ នេះបើតាម ហ្វារពន្លឺសិល្បៈ។



អត្ថបទទាក់ទង
សារព័ត៌មានថ្មីៗ នៅពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីភរិយា សាច់ញាតិ និងអ្នកស្និទ្ធិនឹងសពបានឡើយ  ដោយទូរសព្ទចូល តែមិនមានអ្នកទទួល។

ក្រោយរបបខ្មែរក្រហម លោក ស្រី បណ្តូល បានរស់ក្នុងជំរំជនភៀសខ្លួនសាយធូ (Site Two) ដែលនៅទីនោះ បានជួបមិត្តភក្តិ និងកុមារជាច្រើននាក់ដែលត្រូវបានអ្នកគ្រូជនជាតិបារាំងម្នាក់បង្ហាត់បង្រៀនឲ្យចេះគូរគំនូរពីឆ្នាំ១៩៨៧ដល់ឆ្នាំ១៩៩២។



ក្នុងបទសម្ភាសជាមួយ VOA កាលពីឆ្នាំ២០១៩ លោក បណ្តូលបានអះអាងថា ការគូរគំនូរបានធ្វើឲ្យលោកនិងមិត្តៗរបស់លោកមានភាពស្និទ្ធស្នាលនិងស្រឡាញ់សិល្បៈ ហើយក៏ជាការព្យបាលផ្លូវចិត្តក្រោយបែកបាក់ពីម្តាយផងដែរ។
 
មុនការបោះឆ្នោតអ៊ុនតាក់នៅឆ្នាំ១៩៩៣ លោក ស្រី បណ្តូល និងមិត្តដទៃៗទៀតបានវិលត្រឡប់មកខេត្តបាត់ដំបងវិញ។ ក្រោយមកលោក និងមិត្តភក្តិ៨រូបទៀត ក្នុងនោះមានលោក ឃួន ដេត  និងលោក តោ វុតា្ថ ដែលធ្លាប់រស់នៅក្នុងជំរំជនភៀសខ្លួនជាមួយគ្នា បានរួមបង្កើតអង្គការហ្វារពន្លឺសិល្បៈនៅក្នុងខេត្តបាត់ដំបងនៅចុងឆ្នាំ១៩៩៤។

អង្គការនេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ១៩៩៥ ជាមួយនឹងការបណ្តុះបណ្តាលជំនាញសិល្បៈចម្រុះ  ដូចជា គូរគំនូរ គំនូរជីវចល សូនរូប តន្ត្រី របាំ សៀក និងសិល្បៈផ្នែកកាយសម្ព័ន្ធផ្សេងៗទៀត។

ហ្វាពន្លឺសិល្បៈ បានផ្តល់ឱកាសឲ្យកុមារក្រីក្រ កុមារដែលរងគ្រោះពីការរំលោភបំពាន អំពើកេងប្រវ័ញ្ច អំពើហិង្សាក្នុងគ្រួសារនិងតាមផ្លូវ និងកុមារដែលមានការប្រឡូកនឹងគ្រឿងញៀនឲ្យបានចូលរៀន។ ចាប់តាំងពីឆ្នាំ១៩៩៤ មក អង្គការហ្វារបានរៀបរៀងកម្មវិធីសិក្សារបស់ខ្លួននានា និងថែមទាំងបានពង្រីកខ្លួនទៅខេត្តសៀមរាបនៅឆ្នាំ២០១៣ទៀត៕

 
 

Tag:
 សិល្បៈ
  វប្បធម៌
  ហ្វារពន្លឺសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com