កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ Instagram ប្លុកគណនីម្ចាស់មេដាយមាសជនជាតិហ្សាម៉ាអ៊ីក ដែលបង្ហោះវីដេអូមេដាយ
05, Aug 2021 , 12:59 pm        
រូបភាព
កីឡាការិនីហ្សាម៉ាអ៊ីក Thomson-Herah Elaine ត្រូវបាន Instagram ប្លុក បន្ទាប់ពីនាងចែករំលែកវីដេអូអំពីការឈ្នះមេដាយមាសចំនួនពីរ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ លើបណ្តាញសង្គមដ៏ល្បីមួយនេះ។


Elaine បានបង្កើតកំណត់ត្រាពិភពលោក ដោយប្រើថេរវេលា ១០.៦១វិនាទី ដើម្បីឈ្នះមេដាយមាសកីឡារត់ល្បឿន១០០ម៉ែត្រ និងមេដាយមាសលើវិញ្ញាសារត់ប្រណាំង២០០ម៉ែត្រនៅតូក្យូឆ្នាំ២០២០។ នាងបានចែករំលែកវីដេអូពីការប្រណាំងទាំងពីប្រភេទវិញ្ញាសានេះនៅលើគណនី Instagram ផ្ទាល់ ដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រ និងជនរួមជាតិខ្លួនបានឃើញ។
 
ក្រោយការចែករំលែករបស់ Elaine តែប៉ុន្មានម៉ោង Instagram បានប្លុកគណនីរបស់នាង។ អត្តពលិកហ្សាម៉ាអ៊ីក វ័យ២៩ឆ្នាំរូបនេះ បានសរសេរនៅលើ Twitter ថានាងត្រូវបានរារាំងមិនឱ្យចូលប្រើគណនី Instagram របស់ខ្លួន ដោយសារតែបានបង្ហោះវីដេអូនោះ។
 
ជុំវិញករណីនេះ អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកដែលគ្រប់គ្រងលើ Instagram បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា នេះក៏ដោយសារការម្ចាស់គណនីបង្ហោះវីដេអូ ខុសគោលការណ៍កម្មសិទិ្ធបញ្ញា។ 
 
យ៉ាងណាក៏ដោយ រាល់អត្តពលិកអាចចែករំលែកវីដេអូបាន ខណៈហ្វេសប៊ុកក៏បានអះអាងដែរថា ខ្លួនបានប្លុកខុសគណនី ហើយ៣ថ្ងៃក្រោយមក Elaine អាចប្រើប្រាស់បណ្តាញសង្គម Instagram វិញបានធម្មតា។
 
គោលការណ៍ណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) អត្តពលិកមិនត្រូវបង្ហោះខ្លឹមសារអូឡាំពិកជាសំឡេង និងវីដេអូរបស់អូឡាំពិក ឬពិធីបំពាក់មេដាយលើគណនីរបស់ខខ្លួនដោយផ្ទាល់ឡើយ។ នេះដោយសារតែម្ចាស់ក្រុមហ៊ុនផ្សព្វផ្សាយមានសិទ្ធិផ្តាច់មុខក្នុងការផ្សាយកម្មវិធីកីឡានេះតាមរយៈកិច្ចសន្យាក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។ សិទ្ធិផ្តាច់មុខរបស់ពួកគេ រួមមានទាំងការចែកចាយនៅលើបណ្តាញសង្គមផង។ ប៉ុន្តែសម្រាប់អត្តពលិក IOC អនុញ្ញាតឱ្យចែករំលែកបន្ត នៅលើគណនីរបស់ពួកគេ៕
 

Tag:
 Thomson-Herah Elaine
  Instagram
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com