កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកតូក្យូ៖ អត្តពលិកអូស្ត្រាលី បំផ្លាញគ្រែនិងចោះជញ្ជាំងបន្ទប់ក្នុងភូមិកីឡា មុនចាកចេញ
05, Aug 2021 , 3:24 pm        
រូបភាព
អត្តពលិកអូស្រ្តាលី បំផ្លាញគ្រែនៅក្នុងបន្ទប់ស្នាក់នៅក្នុងភូមិកីឡា អូឡាំពិករដូវក្តៅក្រុងតូក្យូ ហើយថែមទាំងចោះរន្ធតាមជញ្ជាំងមុនពេលចាកចេញ។ អត្តពលិកផ្សេងទៀត បង្កភាពរញ៉ែរញ៉ៃនៅលើយន្តហោះទៀតផង។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការអូឡាំពិកអូស្ត្រាលី (AOC)។


លោក Ian Chesterman មន្រ្តីជាន់ខ្ពស់ម្នាក់របស់ AOC អះអាងថាអត្តពលិកក្មេងៗខ្លះបានបំផ្លាញគ្រែ និងចោះជញ្ជាំងក្នុងបន្ទប់ស្នាក់នៅរបស់ពួកគេនៅភូមិអូឡាំពិក។ យ៉ាងណាគ្មានវិធានការដាក់វិន័យណាមួយឡើយ បន្ទាប់ពីពួកគេសារភាពកំហុស និងសុំទោស។
 
បើតាមការផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuters អ្វីដែលសំខាន់ជាងនេះ ដែលលោក Chesterman មិនអាចអត់ឱនឱ្យបានគឺភាពរញ៉េរញ៉ៃនៅលើយន្តហោះអំឡុងពេលធ្វើដំណើរពីតូក្យូត្រឡប់ទៅអូស្ត្រាលីវិញ។
 
បើទោះលោក Chesterman មិនប្រាប់ឈ្មោះអត្តពលិក ឬប្រភេទកីឡាដែលពួកគេតំណាងនោះក៏ដោយ ក៏ប៉ុន្តែ AOC នៅថ្ងៃទី៤ ខែសីហាបានស្នើឱ្យស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ និងសហព័ន្ធបាល់ឱបអូស្ត្រាលីស៊ើបអង្កេតលើអាកប្បកិរិយាឈ្លោះប្រកែកគ្នារបស់កីឡាកដែលមិនអាចទទួលយកបាន អំឡុងពេលហោះហើរចូលទីក្រុងស៊ីដនីសប្តាហ៍មុន។
 
ចំពោះករណីនេះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ឱបអូស្ត្រាលីបង្ហាញការសោកស្តាយចំពោះទង្វើរបស់កីឡាករ និងអះអាងថាខ្លួននឹងបើកការស៊ើបអង្កេតទៅលើកីឡករនីមួយៗ បន្ទាប់ពីត្រូវបានជូនដំណឹងពីសំណាក់មន្រ្តីកីឡាអូឡាំពិកអូស្រ្តាលី។ ដោយឡែកខាងក្រុមកីឡាបាល់ទាត់នៅមិនទាន់ជូនដំណឺងអ្វីនោះទេ។
 
ក្រុមកីឡាករបាល់ឱបអូស្ត្រាលីផ្នែកបុរសបានធ្លាក់ចេញពីការប្រកួតដណ្តើមមេដាយអូឡាំពិកឆ្នាំ២០២០ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ ដោយឡែកក្រុមកីឡាបាល់ទាត់អូស្ត្រាលីធ្លាក់ចេញពីការប្រកួតក្នុងវគ្គសន្សំពិន្ទុ៕
 
 
 
 
 

Tag:
 Ian Chesterman
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com