ជាតិ
គុណបំណាច់របស់លោក ស្រី បណ្ដូល មិនអាចកាត់ថ្លៃបាន សម្រាប់សមាគមហ្វារពន្លឺសិល្បៈ
06, Aug 2021 , 10:56 am        
រូបភាព
លោក ស្រី បណ្ដូល សហស្ថាបនិកសមាគមសហ្វាពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ សីហា ២០២១
លោក ស្រី បណ្ដូល សហស្ថាបនិកសមាគមសហ្វាពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ សីហា ២០២១
ភ្នំពេញ៖ អតីតសិស្ស ដែលទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងនានា ក៏ដូចជាផ្នែកសិល្បៈ ពីអង្គការហ្វារពន្លឺសិល្បៈ បានសម្ដែងក្ដីសោកស្ដាយ ចំពោះការបាត់បង់លោក ស្រី បណ្ដូល ពីផែនដីនេះ។ ពួកគេសុទ្ធតែបានអះអាងថា សហស្ថាបនិករូបនេះ មានចិត្តសប្បុរស រួសរាយ បើកចិត្តទូលាយ និងពោរពេញដោយស្រឡាញ់ សម្រាប់មនុស្សគ្រប់គ្នា។



លោក ស្រី បណ្ដូល កើតក្នុងឆ្នាំ១៩៧២។ លោកបានរៀនគូរគំនូរតាំងពីក្មេងពីសិល្បការិនី វេរូនិចដឺក្រុប នៅជុំរំសាយធូ ជាយដែនកម្ពុជា-ថៃ ពីឆ្នាំ១៩៨៤-១៩៩០។ នៅចុងឆ្នាំ១៩៩៥ សមាគមហ្វារពន្លឺសិល្បៈបានបង្កើតឡើង ដោយអ្នកស្រី វេរូនិចដឺក្រុប នៅខេត្តបាត់ដំបង ហើយលោក ស្រី បណ្ដូល ក៏ជាសហស្ថាបនិកមួយរូប ក្នុងចំណោមសហស្ថាបនិកជាច្រើនរូបទៀត ដែលត្រូវជាមិត្តភ័ក្ដិរបស់លោក។ លោក ស្រី បណ្ដូល បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដោយបន្សល់ទុកភរិយា និងកូន២នាក់។


 លោក ហួត តារា នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ 

លោក ហួត តារា នាយកប្រតិបត្តិសហគ្រាសសង្គមហ្វារ បានប្រាប់សារព័ត៌មានថ្មីៗទាំងអួលដើមកថា លោក បណ្ដូល មិនត្រឹមតែជាមនុស្សដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែលោកតែងមានសេចក្ដីសណ្ដោសប្រណីដល់កុមារក្រីក្រ តាមរយៈការចិញ្ចឹមបីបាច់ និងផ្ដល់អាហារដល់ពួកគេ។ 
 
អតីតសិស្សនៅអង្គការហ្វារពន្លឺសិល្បៈរូបនេះបន្ថែមថា ក្នុងនាមជាប្រធានផ្នែកទំនាក់ទំនងសហគម លោក បណ្ដូល បានជួយឱ្យសិល្បៈមានភាពសកម្មក្នុងសង្គម តាមរយៈការនាំសិល្បករទៅគូរគំនូរនៅក្នុងភូមិ និងបង្កើតមហោស្រពសិល្បៈផ្សេងៗ។ លោក បណ្ដូល ក៏ផ្ដួចផ្ដើមឱ្យមានការគូរគំនូរនៅតាមចិញ្ចើមថ្នល់នៅខេត្តបាត់ដំបងជាទីតាំងស្អាត មានអគារបុរាណសល់ពីសម័យបារាំង ជាផ្លូវដែលមិនសូវមានឡាន ម៉ូតូជិះច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។
 
លោក ហួត តារា បញ្ជាក់ទាំងខ្សឹកខ្សួល៖«លោកគ្រូតែងមានចិត្តសប្បុរស រួសរាយ បើកចិត្តទូលាយ និងបង្ហាញការស្រឡាញ់។ ទាល់តែរបស់និងមនុស្សដែលជាមរតកមនុស្សរស់បាត់ទៅ ទើបនាំគ្នាស្រែកស្ដាយ ប៉ុន្តែពេលដែលគាត់នៅអត់ខ្វល់ អត់គិត។ សិល្បៈរបស់គាត់បរទេសទទួលស្គាល់ជុំវិញពិភពលោក ចុះកូនខ្មែរប៉ុន្មាននាក់ដែលស្គាល់គាត់? ។ តាមរយៈទំនាក់ទំនងដ៏ជ្រាលជ្រៅ ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជនគំរូកម្ពុជាមួយរូបនេះ។ កេរដំណែលរបស់គាត់នៅសមាគមហ្វារពន្លឺសិល្បៈ សហគ្រាសសង្គមហ្វារ វណ្ណកម្ម ស្នាដៃ និងកេរ្ដិ៍ឈ្មោះរបស់គាត់ នឹងបន្តច្រើនរយឆ្នាំទៅមុខទៀត។ ពួកយើងចងចាំ នឹងបន្តទស្សនវិស័យរបស់លោកគ្រូទៅមុខទៀត»។


 លោក យាន រស្មី អតីតសិស្សនៅហ្វារពន្លឺសិល្បៈ 

ចំណែកលោក យាន រស្មី ក៏ជាអតីតសិស្សនិងបុគ្គលិកនៅហ្វារពន្លឺសិល្បៈផងដែរ។ ធំដឹងក្ដី និងបានសិក្សារៀនសូត្រនៅហ្វារ លោក រស្មី ថាបើទោះបីលោកមិនមែនជាសិស្សដែលបានរៀលផ្ទាល់ជាមួយលោក បណ្ដូលក៏ពិតមែន ប៉ុន្តែលោកមានភាពស្និទ្ធស្នាលជាមួយសិល្បកររូបនោះណាស់។
 
លោក រស្មី អះអាងថា សហស្ថាបនិក ស្រី បណ្ដូល ជាមនុស្សបើកចិត្តទូលាយជាងគេ ក្នុងចំណោមមនុស្សដែលបើកចិត្តទូលាយ ជាអ្នកដែលតែងស្វែងយល់ចំណេះដឹងថ្មី ជាមនុស្សម្នាក់ដែលលោកអាចជជែងពិភាក្សារឿងច្រើនយ៉ាង ទាក់ទងនឹងសិល្បៈ ប្រវត្តិសាស្ត្រសិល្បៈ អក្សរសាស្ត្រ និងបទពិសោធជីវិតជាដើម។ 
 
តាមរយៈការជួបមុខគ្នាផ្ទាល់កាលពីថ្ងៃទី១៧ខែកក្កដា និងបានឆ្លើយឆ្លងគ្នាតាមទូរសព្ទចុងក្រោយបង្អស់នៅថ្ងៃទី២៨ខែកក្កដាដដែលលោក យាន រស្មី ថាលោកនិងលោក បណ្ដូល ជជែកពីគម្រោងសហការគ្នាបង្កើតវិចិត្រសាល និងផ្សព្វផ្សាយស្នាដៃសិល្បៈនៅខេត្តបាត់ដំបង រួមទាំងមានកម្រោងផ្សេងៗទៀត។ បន្ថែមពីនោះ លោក បណ្ដូល ក៏មានគម្រោង យកផ្ទះរបស់ខ្លួន បង្កើតជាវិចិត្រសាលផងដែរ។
 
«គាត់(លោក បណ្ដូល)តែងតែលើកទឹកចិត្ត និងរំលឹកខ្ញុំម្ដងហើយម្ដងទៀតថា រស្មីឯងជាអ្នកមានសក្តានុពលនៅក្នុងគ្រឹះស្ថានសិក្សាយើង បើអាចត្រូវព្យាយាមទៅរៀន ដើម្បីជួយសង្គម និងជួយវិស័យសិល្បៈក្នុងស្រុកខ្មែរ។ គាត់តែងរំឭកថា ខ្ញុំគឺជាក្ដីសង្ឃឹមរបស់ហ្វារ ព្រោះខ្ញុំមានឱកាសចេញទៅរៀនឆ្ងាយ គាត់តែងសង្ឃឹមថាខ្ញុំនឹងត្រឡប់ទៅខេត្តបាត់ដំបង ដើម្បីជួយធ្វើការជាមួយគ្នា»។ នេះជាការបញ្ជាក់របស់អតីតសិស្សនិងបុគ្គលិកនៅហ្វារពន្លឺសិល្បៈ។
 
គាត់ជាដៃគូដ៏សំខាន់ក្នុងការរកគំនិតផ្សេងៗ។ គាត់ជាសហស្ថាបនិកដែលនៅខាំស្មៅ មិនបានចេញទៅណាច្រើនទេ ព្រោះរវល់តែនៅយកចិត្តទុកដាក់ការពង្រឹងវិស័យអប់រំនៅហ្វារ និងបណ្ដុះធនធានមនុស្ស។ គាត់ព្យាយាមផ្ដល់ចំណេះដឹងដែលគាត់មានទៅសិស្សគ្រប់គ្នា។ គាត់ជាអ្នកជំរុញការជឿនលឿននៃគំនិតផ្នែកសិល្បៈ»។ នេះជាការអះអាងរបស់លោក យាន រស្មី។ 

លោក ឃួន ដេត សហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ 
 
រីឯលោក ឃួន ដេត ដែលជាសហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈមួយរូបទៀត ហើយក៏ជាមិត្តស្និទ្ធស្នាលរបស់លោក ស្រី បណ្ដូល តាំងពីកុមារភាពផងនោះ ក៏បានសម្ដែងក្ដីក្រៀមក្រំ ចំពោះមរណភាពនេះដែរ។ លោកថា ការបាត់បង់នេះ មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ។ លោក ដេត ដែលមានផ្ទុកជំងឺកូវីដ-១៩ ជាមួយភរិយា និងកូនផងនោះ បញ្ជាក់ថា លោក បណ្ដូល បានពិនិត្យឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១។
 
មិត្តទាំងពីររូបនេះ បានផ្ញើសារតាមដានសុខភាពគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ។ ប៉ុន្តែទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ អាការរបស់លោក បណ្ដូល ចាប់ផ្ដើមធ្ងន់ធ្ងរឡើង រហូតលោកទទួលទូរសព្ទលែងបាន ហើយក៏ទទួលមរណភាពតែម្ដង។

លោក ឃួន ដេត ពន្យល់៖«បណ្ដូលមិនឈឺធ្ងន់ពេកទេ តែគាត់មានជំងឺទឹកនោមផ្អែមប្រចាំកាយ ដូច្នេះទើបមេរោគនោះវាយប្រហារលឿន។ កូនទាំង២របស់គាត់មិនឆ្លងទេ តែប្រពន្ធគាត់ឆ្លង។ យើងកម្សត់កម្រពីបាតដៃទទេដូចគ្នា។ ពួកយើងលះបង់ និងដាក់បេះដូងដើម្បីសង្គម និងសិល្បៈជំនាន់ក្រោយ ដើម្បីអត្តសញ្ញាណជាតិយើង និងដើម្បីក្មេងៗ។ បណ្ដូល និងក្រុមការងារយើងខំប្រឹងណាស់។ យើងតែងគិតជាមួយគ្នា ថាត្រូវធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក្នុងហ្វារ។ យើងតែងគិតថ្ងៃអនាគតរបស់ហ្វារ យើងរកវិធីសាស្ត្រយ៉ាងណា ដើម្បីរៃអង្គាសប្រាក់បន្តសកម្មភាពហ្វារ។ យើងមិនចង់បិទហ្វារទេ ទោះសកម្មភាពយើងរួមតូចក៏ដោយ។ តែការគាំទ្រសិល្បៈក្នុងស្រុកខ្មែរ ទាំងប្រជាជននិងរដ្ឋាភិបាលនៅមានកម្រិត បើប្រៀបជាមួយប្រទេសគេខុសគ្នាឆ្ងាយណាស់។ យើងធ្វើដើម្បីឱ្យសិល្បៈរស់ និងបង្កើតសិល្បៈថ្មី ជាអត្តសញ្ញាណយើង ដែលមិនមែនជាពណ៌សម្បុរគេ»។
 
ភ្ជាប់ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏សម្ដែងការសោកស្ដាយផងដែរ។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួង បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមានការសោកស្ដាយ ពិសេសស្ដាយធនធានសិល្បៈដែលកម្រដូចលោក ស្រី បណ្ដូល។ 
 


លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

«គាត់មានទេពកោសល្យលើការគូរគំនូរ។ គាត់មានស្នាដៃល្អៗជាច្រើន ដែលបានបន្សល់ទុក។ ប៉ុន្តែទោះជាយ៉ាងណា សេចក្ដីស្លាប់យើងចៀសមិនផុត។ ក្រសួងនឹងមានការទៅចូលរួមមរណទុក្ខ ព្រោះនេះជាការបាត់បង់ធនធានកម្រ»។ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ថែមបែបនេះ។
 
ពាក់ព័ន្ធនឹងសំណួរដែលសួរថា តើក្រសួងនឹងជួយគាំទ្រផ្នែកហិរញ្ញវត្ថុណាមួយ ដល់ហ្វារពន្លឺសិល្បៈទេ ក្នុងដំណាក់កាលដែលហ្វារកំពុងប្រឈមបែបនេះ? លោក ប៉ុណ្ណាសិរីវត្ថ ឆ្លើយតបថា ក្រសួងមានកង្វល់មិនត្រឹមតែហ្វារពន្លឺសិល្បៈឡើយ គឺផ្នែកសិល្បៈទាំងអស់ ដែលប្រឈមក្នុងដំណាក់កាលវិបត្តិកូវីដ-១៩នេះ។ ទោះជាយ៉ាងណា បញ្ហានៅចំពោះមុខ ក្រសួងពុំអាចផ្ដល់អាទិភាពចំពោះតែផ្នែកសិល្បៈណាមួយបានឡើង ដោយរដ្ឋាភិបានផ្ដល់អាទិភាពលើវិស័យដែលចាំបាច់ខ្លាំងសិន។ 
 
លោក ស្រី បណ្ដូល គឺជាគ្រូសិល្បៈ ដែលមានតួនាទីជាប្រធានគ្រប់គ្រងការចូលរួម និងទំនាន់ទំនងសិល្បៈក្នុងសហគមន៍ ជាអ្នកប្រមូលផ្ដុំសិល្បករ និងបង្កើតសកម្មភាពមហោស្រពសិល្បៈ។ លោកបានបង្ហាញពិព័រណ៍ស្នាដៃសិល្បៈរបស់ខ្លួន នៅទូទាំងពិភពលោក។ លោកជាអ្នកផ្ដួចផ្ដើមមួយរូប ក្នុងការបង្កើតសហគ្រាសសង្គមហ្វារ។
 
នៅពេលបិទខ្ទប់ត្រូវបានបញ្ចប់ ហើយភរិយារបស់លោក ស្រី បណ្ដូល បានជាសះស្បើយពីជំងឺកូវីដ-១៩ នោះ សមាគមហ្វារពន្លឺសិល្បៈ មានគម្រោងរៀបចំពិធីគោរពវិញ្ញាក្ខន្ធ និងមរតករបស់លោក បណ្ដូល ឱ្យបានសមរម្យ៕

 
មរណភាពរបស់លោក ស្រី បណ្ដូល ក៏បានជំរុញឱ្យហ្វារពន្លឺសិល្បៈ រៀបចំក្រុមប្រឹក្សាតាមអនឡាញ លើប្រធានបទ “គ្រប់គ្រងភាពសោកសៅ” ជាមួយអង្គការធីភីអូខេត្តបាត់ដំបង។ សម្រាប់អ្នកដែលចង់ពិភាក្សាបញ្ហាផ្លូវចិត្តក្នុងស្ថានភាពដ៏លំបាកនេះ ក៏អាចទាក់ទងទៅអ្នកនាង យឹម សុធារី តាមរយៈលេខ ០១២ ៧៣៣ ៦៤៤ ផងដែរ។
 
 
 
 
 
 
 
 

Tag:
 សិល្បៈ
  វប្បធម៌
  ហ្វារពន្លឺសិល្បៈ
  បាត់ដំបង
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com