COVID-19
ជាតិ
ក្រសួងសុខាភិបាល ប្រាប់ទៅពេទ្យរដ្ឋ និងឯកជន ត្រូវតែទទួលពិនិត្យព្យាបាលអ្នកជំងឺ
06, Aug 2021 , 7:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល។ (រូបថតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០)
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាងសន្និសីទសារព័ត៌មានស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល។ (រូបថតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០)
ក្រសួងសុខាភិបាល បានប្រាប់ឱ្យមន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជន ត្រូវតែទទួលពិនិត្យព្យាបាលអ្នកជំងឺមានសភាពធ្ងន់ធ្ងរជាដាច់ខាត ដោយត្រូវធ្វើតេស្តរហ័សរកកូវីដ-១៩ លើអ្នកជំងឺប្រសិនបើសង្ស័យ។ បើយោងតាមលិខិតមួយរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៤ សីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី គូសបញ្ជាក់ថា ប្រសិនបើមន្ទីរពេទ្យឯកជន ឬគ្លីនិកឯកជនណា មិនទទួលព្យាបាលអ្នកជំងឺតាមការណែនាំនេះទេ ក្រសួងសុខាភិបាល នឹងបិទមន្ទីរពេទ្យឯកជន ឬគ្លីនិកឯកជននោះមិនឱ្យព្យាបាលអ្នកជំងឺទៀតឡើយ។ តែយ៉ាងណា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនបានបញ្ជាក់ពីចំណាត់ការ លើប្រធាន ឬនាយកពេទ្យរដ្ឋឡើយ ប្រសិនបើមិនទទួល ព្យាបាលអ្នកជំងឺនោះ។

 
មន្ទីរពេទ្យរដ្ឋ និងពេទ្យឯកជនទាំងអស់ ត្រូវតែទទួលពិនិត្យព្យាបាលអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ជាដាច់ខាត។ នេះជាការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  នៅក្នុងលិខិតមួយចុះថ្ងៃទី៤ សីហា ស្តីពីការរៀបចំ ចាត់ចែង និងការទទួលយកអ្នកជំងឺព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យបញអែករាជធានី ខេត្ត ស្រុក ខណ្ឌ មណ្ឌលសុខភាព និងសេវាសុខាភិបាលឯកជន។
 
ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលដូច្នេះ គឺបន្ទាប់ពីសង្កេតឃើញថា កន្លងមកមានអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ បានទៅរកការព្យាបាលពីមន្ទីរពេទ្យរដ្ឋ និងឯកជន ប៉ុន្តែបែរជាមិនទទួលព្យាបាល។ សម្រាប់ក្រសួងសុខាភិបាល ទង្វើនេះបានធ្វើឱ្យជះឥទ្ធិពលមិនល្អ លើក្រសួងសុខាភិបាល និងសេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ។ 
 
បើតាមលិខិតដដែល មន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ត្រូវតែទទួសង្គ្រោះព្យាបាលអ្នកជំងឺជាដាច់ខាត ដោយអាចធ្វើតេស្តរហ័សរកអង់ទីហ្សែកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩។ ក្នុងករណីតេស្តឃើញអវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលតាមផ្នែក និងតាមបច្ចេកទេសព្យាបាលធម្មតា។ តែបើអ្នកជំងឺនោះមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទប់ដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ត្រូវមានលេខទូរសព្ទ សម្រាប់ឱ្យអ្នកជំងឺមកពីខាងក្រៅ ទំនាក់ទំនងដែរ។
 
ចំពោះមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ខណ្ឌ និងមណ្ឌលសុខភាព ក៏ត្រូវតែទទួលសង្គ្រោះព្យាបាលអ្នកជំងឺជាដាច់ខាតដែរ ដោយអាចធ្វើតេស្តរហ័សរកអង់ទីហ្សែកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩។ ក្នុងករណីអ្នកជំងឺអវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅព្យាបាលតាមផ្នែក និងតាមបច្ចេកទេសព្យាបាលធម្មតា ប៉ុន្តែបើអ្នកជំងឺវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅបន្ទាប់ដាច់ដោយឡែកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។ បើគ្មានកន្លែងព្យាបាលជំងឺកូវីដ-១៩ទេ ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ហើយរាល់ការបញ្ជូន ត្រូវទំនាក់ទំនងទៅមន្ទីរពេទ្យបង្អែករាជធានី ខេត្តឱ្យដឹងជាមុន ដោយត្រូវប្រាប់មូលហេតុនៃការបញ្ជូន និងស្ថានភាពអ្នកជំងឺដែលត្រូវបញ្ជូន។
 
 
ក្រៅពីមន្ទីរពេទ្យរដ្ឋ មូលដ្ឋានសេវាសុខាភិបាលឯកជន ដែលមានមន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព ក៏ត្រូវតែប្រកាន់គោលការណ៍ទទួលយកសង្គ្រោះព្យាបាលអ្នកជំងឺជាដាច់ខាតដែរ ដោយអាចធ្វើតេស្តរហ័សរកអង់ទីហ្សែកូវីដ-១៩ ក្នុងការញែកអ្នកជំងឺកូវីដ-១៩ ប្រសិនបើសង្ស័យ។ ក្នុងករណីអ្នកជំងឺមានតេស្តអវិជ្ជមាន ត្រូវទទួលយកព្យាបាលធម្មតា តែបើអ្នកជំងឺមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅបន្ទប់ដាច់ដោយឡែក សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បើពេទ្យ ឬគ្លីនិកនោះទទួលបានបានអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ពីក្រសួងសុខាភិបាល។ 
 
ករណីគ្មានការអនុញ្ញាតឱ្យទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវបញ្ជូនអ្នកជំងឺទៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យរដ្ឋ ដែលមានព្យបាលអ្នកជំងឹកូវីដ-១៩ ត្រូវទាក់ទងទៅមណ្ឌលព្យាបាលកូវីដ-១៩នោះឱ្យដឹងជាមុន ដោយត្រូវប្រាប់មូលហេតុនៃការបញ្ជូន និងស្ថានភាពនៃអ្នកជំងឺដែលត្រូវបញ្ជូន ។ លោកម៉ម ប៊ុនហេង គូសបញ្ជាក់ថា ក្នុងករណីម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនណា មិនអនុវត្តតាមការណែនាំនេះ ក្រសួងសុខាភិបាល នឹងបិទមូលដ្ឋានសេវាសុខាភិបាលឯកជននោះ មិនឱ្យទទួលព្យាបាលអ្នកជំងឺទៀតឡើយ។
 
 
 
គួរកត់សម្គាល់ថា នៅក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ មានពលរដ្ឋជាច្រើនបានរអ៊ូរទាំ ពីការលំបាកក្នុងការស្វែងរកការព្យាបាល ដោយសារតែមន្ទីរពេទ្យខ្លះ មិនហ៊ានទទួលព្យាបាលអ្នកជំងឺ ទាំងអ្នកជំងឺស្រាល និងអ្នកជំងឺធ្ងន់ ដោយខ្លាចថាអ្នកជំងឺនោះ មានផ្ទុកកូវីដ-១៩។ ការខ្លាចរអានេះ បានធ្វើឲ្យអ្នកជំងឺមួយចំនួន ដែលមិនមែនជាអ្នកជំងឺកូវីដ-១៩ ជួបការលំបាកក្នុងការស្វែងរកសេវាព្យាបាល។ កន្លងមកក៏មានអ្នកជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួន បានស្លាប់ ដោយសារមិនបានទទួលការព្យាបាល ក្រោមហេតុផលពេទ្យខ្លាចរអានឹងជំងឺកូវីដ-១៩នេះដែរ៕
 

Tag:
 សុខាភិបាល
  ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com