ជាតិ
វីដេអូ
សុខភាព
ជំងឺទឹកនោមផ្អែមប្រភេទ១ច្រើនកើតលើកុមារវ័យជំទង់, តើឪពុកម្ដាយគួរថែទាំកូន និងត្រៀមខ្លួនយ៉ាងដូចម្ដេច?
06, Aug 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ជំងឺទឹកនោមផ្អែមប្រភេទ១ បណ្តាលមកពីប្រព័ន្ធភាពស៊ាំអ្នកជំងឺប្រឆាំងនិងកោសិកាលំពែង ដែលមានមុខងារផលិតអាំងស៊ុយលីន (កោសិកាបែតា)។ ជំងឺនេះ ភាគច្រើនកើតលើមនុស្សអាយុចាប់ពី៤ ដល់១៤ឆ្នាំ ដែលជាវ័យស្ថិតក្រោមការមើលថែ របស់អាណាព្យាបាល។ តើឪពុកម្ដាយគួរថែទាំកូន និងរៀបចំខ្លួនរបៀបណា? 


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា អ៊ុត រស្មី  សារព័ត៌មានថ្មីៗ និង លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ អ័រម៉ូន  និងជាភតរៈសមាជិក  American College of Endocrinology (FACE) ដូចតទៅ៖ 

 
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានណែនាំ វិធី៦ចំណុច សម្រាប់ឪពុកម្ដាយ ដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទទី១ គួរយល់ដឹង៖ 
 
១, កុំបន្ទោសខ្លួនឯង
មានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ មិនមែនជាកំហុសរបស់នរណាទេ ពោលគឺមិនទាក់ទងនិងគ្រួសារ ការរស់នៅ ការទទួលទានអ្វីទ្បើយ។ ដូចនេះមាតាបិតា ដែលមានកូនកើតជំងឺនេះ កុំមានក្តីកង្វល់ពេក រហូតធ្លាក់ទឹកចិត្ត។ 
 
២- ជំងឺទឹកនោមផ្អែមប្រភេទ១ព្យាបាលបាន
ថ្វីបើ អ្នកប្រាជ្ញមិនទាន់អាចពន្យល់បានថា ហេតុអ្វីបានជាប្រពន្ធ័ភាពស៊ាំអ្នកជំងឺ ប្រឆាំងហ្នឹងកោសិកាបែតាខ្លួនឯង តែអ្នកប្រាជ្ញបានរកឃើញថ្នាំព្យាបាលអ្នកជំងឺឱ្យរស់នៅដូចគេឯង គឺ«អាំងស៊ុយលីន» តាំងពី១០០ឆ្នាំមុន ។ 
 
៣- បច្ចេកវិទ្យាថ្មីៗបង្កើនគុណភាពជីវិតអ្នកជំងឺ
អាំងស៊ុយលីនថ្មីៗ ជួយកាត់បន្តយការទ្បើងចុះៗជាតិស្ករអ្នកជំងឺ ហើយប្រើម្ជុលតិចជាងមុន។ បច្ចេកវិទ្យាInsulin Pump (សព្វថ្ងៃមាននៅមន្ទីពេទ្យកាល់ម៉ែត) ផ្តល់Freedom អ្នកជំងឺជាងមុនច្រើន។ តែត្រូវចងចាំថា កាប្រើប្រាស់បច្ចេកវិទ្យា គឺយើងត្រូវគ្រប់គ្រងTechnology មិនមែនTechnologyគ្រប់គ្រងយើងទេ។ លើសពីនោះ Diabetic Mobile App អាចជួយភ្ជាប់ទំនាក់ទំនង វេជ្ជបណ្ឌិត អ្នកជំងឺ និង ក្រុមគ្រួសារ។ ឧទាហរណ៏ App CarnetDia «កំណត់ត្រាទឹកនោមផ្អែម»។
 
៤- គាំពារកូនឱ្យចាក់អាំងស៊ុយលីន និងតាមដានជាតិស្ករជាប្រចាំ
ឪពុកម្ដាយ ត្រូវលើកទឹកចិត្តកូនជាប្រចាំ ប្រឹក្សាជាមួយកូន និងបង្កើតបរិយាកាសគាំទ្រសម្រាប់កូន។  ឧទាហរណ៏ ទំនាក់ទំនងរវាងសាលារៀន មន្ទីរពេទ្យ និងផ្ទះ ដើម្បីទំនុកបំរុងពួកគាត់។ តែមិនត្រូវ ធ្វើជាប៉ូលីស ទាហ៊ាន FBI CIA  តាមដានកូនជាដាច់ខាត ព្រោះវាផ្តល់ផលអវិជ្ជមានទៅវិញ។ ការចាក់អាំងស៊ុយលីន និង តាមដានជាតិស្ករជាប្រចាំជាកត្តាចំបង។ មិនមានពេលណាមួយដែលអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ អាចប្តូរ មកប្រើថ្នាំគ្រាប់ (ថ្នាំពេទ្យ ថ្នាំបុរាណ) ឬ អាហារបំប៉នជាដាច់ខាត។ 
 
៥- មានស្តុកអាំងស៊ុយលីន និងសម្ភារចាំបាច់
ក្នុងរបត់នៃជំងឺកូវីដ-១៩  អ្នកជំងឺនិងក្រុមគ្រួសារ ត្រូវស្តុកទុកអាំងស៊ុយលីន ប្រដាប់មើលជាតិស្ករ ប្រដាប់មើលទឹកនោម (Ketone) អោយបានគ្រប់គ្រាន់។
 
៦- ស្វែងយល់អំពីរបបចំណីអាហារ និងវិធីជួយអ្នកជំងឺ
ពេលស្ករចុះឬទ្បើងជ្រុល ឬស្វែងយល់ជាមួយវេជ្ជបណ្ឌិត និងHealthcare providers អោយបានជាប្រចាំ។ ចូលរួមជាមួយកូនបើមានPatient Education Session៕
 
 

Tag:
 ទឹកនោមផ្អែមប្រភេទ១
  សុខភាព
  ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com