ជាតិ
អាជ្ញាធរបន្ទាយមានជ័យដុតកម្ទេចកាំភ្លើងកែច្នៃ១៤០ដើម
07, Aug 2021 , 10:57 am        
រូបភាព
កាំភ្លើងកែច្នៃ១៤០ ដើម ត្រូវបានដុតកម្ទេច។ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
កាំភ្លើងកែច្នៃ១៤០ ដើម ត្រូវបានដុតកម្ទេច។ រូបភាពពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
កាំភ្លើងកែច្នៃ១៤០ដើម ដែលដកហូតពីអ្នកប្រើប្រាស់ខុសច្បាប់ ត្រូវបានស្នងការនគរបាលខេត្តបន្ទាយមានជ័យដុតកម្ទេចកាលពីថ្ងៃទី ៦ ខែសីហា។ នេះបើតាមហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

 
 
លោក ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះ និង អគ្គិភ័យ បានឱ្យដឹងថា កាំភ្លើងកែច្នៃទាំងនេះ ធ្វើពីឈើ បាញ់ដោយគ្រាប់កិប, គ្រាប់កង់ ប្រើខ្យល់ និងកាំភ្លើងស្នាកេះ។  បើតាមស្នងការរងរូបនេះ កាំភ្លើងទាំងនេះ គឺប្រមូលពីពលរដ្ឋដែលប្រព្រឹត្តបទល្មើស និងអ្នកបាញ់កណ្ដុរ និងសត្វផ្សេងៗ ចំនួន៩ស្រុកក្នុងខេត្តបន្ទាយមានជ័យ តាំងពីឆ្នាំ២០១៧មក។ 


 
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ការដុតកម្ទេចកាំភ្លើងកែច្នៃទាំងនេះ គឺដើម្បីចូលរួមចំណែកធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងគ្មានអំពើល្មើសច្បាប់ផ្សេងៗក្នុងមូលដ្ឋាន។ ស្នងការខេត្តបន្ទាយមានជ័យរូបនេះ ក៏អំពាវនាវដល់ពលរដ្ឋ និងយុវជន ដែលមានកាំភ្លើងកែច្នៃ និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការប្រគល់ជូនសមត្ថកិច្ច៕  
 
 

Tag:
 កាំភ្លើងកែច្នៃ
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com