អន្តរជាតិ
ប្រមុខការទូតសិង្ហបុរី៖ តើប្រេសិតអាស៊ាន អាចជួបគ្រប់ភាគីនៅមីយ៉ាន់ម៉ាបានឬទេ?
07, Aug 2021 , 11:29 am        
រូបភាព
ប្រមុខការទូតសិង្ហបុរី លោកVivian Balakrishnan នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលតែងតាំង រដ្ឋមន្ត្រីការបរទេសព្រុយណេទី២ លោក Erywan Pehin Yusof ជាប្រេសិតពិសេសសម្រាប់មីយ៉ាន់ម៉ា។ រូបភាព៖ Facebook-Vivian Balakrishnan
ប្រមុខការទូតសិង្ហបុរី លោកVivian Balakrishnan នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលតែងតាំង រដ្ឋមន្ត្រីការបរទេសព្រុយណេទី២ លោក Erywan Pehin Yusof ជាប្រេសិតពិសេសសម្រាប់មីយ៉ាន់ម៉ា។ រូបភាព៖ Facebook-Vivian Balakrishnan
ប្រមុខការទូតសិង្ហបុរី លោកVivian Balakrishnan បានចោទសំណួរ ថាតើបេសកជនអាស៊ាន ដែលត្រូវបានតែងតាំងថ្មីៗនេះ អាចជួបជាមួយភាគីទាំងអស់នៅមីយ៉ាន់ម៉ា បានឬយ៉ាងណា? ការចោទសួររបស់រដ្ឋមន្រ្តីការបរទេសរូបនេះ ទំនងជាក្ដីបារម្ភលើលទ្ធភាពដែល អាចមានការរឹតត្បិតសកម្មភាពប្រេសិតពិសេសអាស៊ាន ក្នុងពេលចុះបេសកកម្មពីសំណាក់របបយោធាមីយ៉ាន់ម៉ា។

 
 
រយៈពេល៦ខែហើយ ដែលមីយ៉ាន់ម៉ា ស្ថិតក្រោមការដឹកនាំរបស់របបសឹក។ បញ្ហាជាច្រើន ក៏បានកើតឡើងដែរ ក្នុងនោះរួមមានទាំងបញ្ហាទាក់ទិននឹងនយោបាយ និងជំងឺកូវីដ-១៩។ ដើម្បីដោះស្រាយវិបត្តិ និងផ្អែកតាមការព្រមព្រៀងក្នុងខែមេសាកន្លងទៅ អាស៊ាន បានតែងតាំង រដ្ឋមន្ត្រីការបរទេសព្រុយណេទី២ លោក Erywan Pehin Yusof ជាប្រេសិតពិសេសសម្រាប់មីយ៉ាន់ម៉ា។ 
 
ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្រ្តីការបរទេសិង្ហបុរី លោក Vivian Balakrishnan បានអះអាងថា លោកបានគិតពីសំណួរដ៏សំខាន់មួយ ទាក់ទិននឹងកម្រិតដែលប្រេសិតពិសេសអាស៊ានទទួលបាន ក្នុងពេលធ្វើកិច្ចការនៅមីយ៉ាន់ម៉ា។ «បញ្ហាសំខាន់នៅពីក្រោយការតែងតាំងនេះ គឺថាបេសកជនអាស៊ាន គួរតែអាចជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា»។ ប្រមុខការទូតសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៦ ខែសីហា។ 
 
បើតាមលោករដ្ឋមន្រ្តី បេសកជនអាស៊ាន ត្រូវជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់ មានលក្ខណៈស្ថាបនា និងវិជ្ជមាន ដើម្បីរៀបចំការចរចានៅមីយ៉ាន់ម៉ា។ ជាមួយគ្នា លោក Balakrishnan បានចាត់ទុកការតែងតាំងប្រេសិតពិសេសអាស៊ានជាជំហានដ៏សំខាន់មួយ ក្នុងការអនុវត្តការឯកភាព ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសាកន្លងទៅ។
 
សូមបញ្ជាក់ថា ពេលនេះ មីយ៉ាន់ម៉ា កំពុងត្រូវការជំនួយជាចាំបាច់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងជំងឺកូវីដ-១៩ ។ អាស៊ាន នឹងផ្តល់ជំនួយទៅមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលជំនួយមនុស្សធម៌ ខណៈពេលសិង្ហបុរី ក៏កំពុងរៀបចំផ្តល់ជំនួយដល់ប្រទេសមួយនេះផងដែរ៕ 
 

Tag:
 សិង្ហបុរី
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com