កីឡាអន្តរជាតិ
អន្តរជាតិ
Diving អូឡាំពិក៖ កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Windle «ពិសី» បានលេខ៩
07, Aug 2021 , 2:25 pm        
រូបភាព
Jordan Pisey Windle នាការប្រកួតលោតជ្រមុជទឹកកម្ពស់១០ម៉ែត្រ។ រូបថត AFP និង Jordan FB
Jordan Pisey Windle នាការប្រកួតលោតជ្រមុជទឹកកម្ពស់១០ម៉ែត្រ។ រូបថត AFP និង Jordan FB
កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle ទទួលបានចំណាត់ថ្នាក់លេខ៩ក្នុងប្រកួតកីឡាលោតជ្រមុជទឹកកម្ពស់១០ម៉ែត្រ (Diving-Men’s 10m Platform) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នាថ្ងៃទី៧ ខែសីហា នេះ។



ក្នុងចំណោមអត្តពលិកចុងក្រោយ១២នាក់នៅវគ្គផ្តាច់ព្រ័ត្រ Jordan ដែលមានឈ្មោះខ្មែរថា «ពិសី» រកបានចំនួន៤០៧.៩០ពិន្ទុ  ដោយស្ថិតនៅចំណាត់ថ្នាក់លេខ៩។ ចិន បានឈ្នះមេដាយមាស និងប្រាក់ ដោយមេដាយមាសបានលើកីឡាករ Cao Yun (៥៨២.៣៥ពិន្ទុ), មេដាយប្រាក់បានលើកីឡាករ Yang Jian (៥៨០.៤០ពិន្ទុ), និងមេដាយសំរឹទ្ធបានលើកីឡាករអង់គ្លេស Daley Thomas (៥៤៨.២៥)។

នាការប្រកួតវគ្គជម្រុះបឋមកន្លងមកមក Jordan រកបាន ៣៩០.០៥ពិន្ទុ ដោយទទួលបានចំណាត់ថ្នាក់លេខ១៥ក្នុងចំណោមអត្តពលិក២៩នាក់។ គេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយសារស្ថិតក្នុងចំណោម Top 18។

នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី៧ ខែសីហា នេះ Jordan បានជាប់ក្នុងចំណោម Top 12 ពោលគឺស្ថិតក្នុងចំណាត់ថ្នាក់លេខ៩ ជាមួយនឹងការសម្រេចបាន ៤០៩.៨០ពិន្ទុ។ លទ្ធផលនេះ នាំឲ្យគេបន្តឈានទៅវគ្គផ្តាច់ព្រ័ត្រ នាការបង្ហាញខ្លួនលើកដំបូងនៅអូឡាំពិក។



Jordan Pisey Windle អាយុ២២ឆ្នាំ ជាកុមារកំព្រាកម្ពុជាដែលកើតនៅខេត្តព្រះសីហនុ ហើយត្រូវបាន លោក Jerry Windle យកធ្វើជាកូនចិញ្ចឹមតាំងពីអាយុ១៨ខែមក។ Jordan បានធំធាត់នៅសហរដ្ឋអាមេរិក និងបានចូលហាត់រៀនកីឡាលោតជ្រមុជទឹក (Diving) តាំងពីអាយុ៧ឆ្នាំមក ហើយបានក្លាយជាកីឡាករអាមេរិកដើមកំណើតខ្មែរដំបូងបំផុតដែលបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អូឡាំពិក៕


Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com