COVID-19
អន្តរជាតិ
CNN បញ្ឈប់បុគ្គលិក៣រូប ព្រោះទៅធ្វើការទាំងមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩
07, Aug 2021 , 7:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
បុគ្គលិកទូរទស្សន៍ CNN ចំនួន៣រូប ត្រូវបានបណ្ដេញចេញពីការងារ ដោយសារតែបំពានគោលនយោបាយរបស់ក្រុមហ៊ុន។ អ្នកទាំងប ទៅធ្វើការនៅការិយាល័យ ដោយមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។



តាមរយៈសារអេឡិចត្រូនិច Email ផ្ទៃក្នុងមួយ ដែលផ្ញើទៅកាន់បុគ្គលិកក្រុមហ៊ុន និងត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនទទួលបាន លោក Jeff Zucker ប្រធានទូរទស្សន៍ CNN បានអះអាងថា​ ក្រុមហ៊ុនបានរកឃើញបុគ្គលិកចំនួន ៣រូប ដែលមកធ្វើការនៅការិយាល័យ ដោយមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ ពេលនេះ អ្នកទាំង ៣រូប ត្រូវបានបញ្ឈប់ពីការងារហើយ។ 
 
«អនុញ្ញាតឱ្យខ្ញុំបញ្ជាក់ឱ្យច្បាស់ យើងគ្មានការលើកលែងលើគោលនយោបាយបែបនេះឡើយ»។ លោក Zucker បានបញ្ជាក់បែបនេះនៅក្នុងលិខិតផ្ទៃក្នុង និងត្រូវបានបង្ហោះលើបណ្តាញសង្គម Twitter ដោយអ្នកសារព័ត៌មាន CNN មួយរូប។ យ៉ាងណាមិញ លិខិតផ្ទៃក្នុងនោះ មិនបានបញ្ជាក់ពីអត្តសញ្ញាណបុគ្គលិក ដែលត្រូវបានបញ្ចប់ពីការងារឡើយ។ ​
 
បើតាមលោកប្រធានទូរទស្សន៍ CNN វាគឺជារឿងចាំបាច់សម្រាប់បុគ្គលិកត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចុះយកព័ត៌មាន, ធ្វើការជាមួយបុគ្គលិកដទៃ និងចូលធ្វើការនៅការិយាល័យ។ ពេលនេះ បុគ្គលិក CNN ប្រមាណ ១ភាគ៣ប៉ុណ្ណោះ ដែលបានប្រើប្រាស់ការិយាល័យ ដោយផ្នែកលើមូលដ្ឋានស្ម័គ្រចិត្តប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា ក្រុមហ៊ុនយក្សរបស់អាមេរិក ដូចជា Facebook, Google និង Microsoft បានបញ្ជាក់ថា ក្រុមហ៊ុន នឹងស្នើទៅបុគ្គលិករបស់ខ្លួនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលវិលមកធ្វើការនៅការិយាល័យ។ គោលនយោបាយរបស់ក្រុមហ៊ុនបែបនេះ ធ្វើឡើងស្របពេលវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា កំពុងអុកឡុកនៅអាមេរិក៕ 
 

Tag:
 CNN
  កូវីដ-១៩
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com