កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​ហែលទឹកអាមេរិកប្រាប់​អ្នកសារព័ត៌មានកុំទៅសម្ភាសអត្តពលិកដែលចាញ់ការប្រកួត
07, Aug 2021 , 8:29 pm        
រូបភាព
Simone Manuel នាការប្រកួតកីឡាហែលទឹកអូឡាំពិកក្រុងតូក្យូ។ រូបថត AFP
Simone Manuel នាការប្រកួតកីឡាហែលទឹកអូឡាំពិកក្រុងតូក្យូ។ រូបថត AFP
ដោយ: ធីតា
កីឡាករហែលទឹកអាមេរិក Simone Manuel បាននិយាយថា អត្តពលិក​ មិនគួរមាន​បទសម្ភាសភ្លាមៗជាមួយអ្នក​សារព័ត៌មានឡើយ បន្ទាប់ពីពួកគេ​ចាញ់​ការប្រកួត ព្រោះវាអាចប៉ះពាល់ដល់​បញ្ហាផ្លូវចិត្ត និងអារម្មណ៍។ នេះបើតាម​ការផ្សាយ​របស់ AFP។

 
«សូមមេត្តាឈប់សម្ភាសអត្តពលិកភ្លាមៗ ក្រោយពួក​គេទទួលបានលទ្ធផលមិនល្អ ត្រូវរង់ចាំពេល​វេលាដ៏សមស្រប»។ Manuel បាន​សរសេរយ៉ាងដូច្នេះនៅ​លើ​បណ្តាញសង្គម Twitter របស់ខ្លួន  ដោយអះអាងថា រាល់អត្តពលិក​ទាំងអស់សុទ្ធតែ​ប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួត។
 
Simone Manuel អាយុ​២៤​ឆ្នាំ មិនទទួលបាន​លទ្ធផល​ដូចការគ្រោងទុកនោះឡើយ​ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ខណៈកាលពីព្រឹត្តិការណ៍នៅ Rio de Janeiro គេបានឈ្នះមេដាយមាស​២ និង​ប្រាក់២។ សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំនៅឆ្នា២០២១នេះ Manuel ទទួលបានត្រឹមមេដាយសំរឹទ្ធតែ១ប៉ុណ្ណោះ​លើ​វិញ្ញាសា​ហែលសេរី 4x100 ម៉ែត្រ ខណៈការប្រកួតហែលឯកត្តជន​៥០ម៉ែត្រ នាងមិនបានឈាន​ដល់វគ្គ​ផ្តាច់ព្រ័ត្រឡើយ។
 
Manuel ទាមទារឲ្យមាន​ការការពារ​សុខភាព​ផ្លូវ​ចិត្ត​អត្តពលិក ដោយ​និយាយថា អ្នក​ប្រកួត​ប្រជែងឆ្នើមៗ មិន​គួរត្រូវបាន​តម្រូវឲ្យនិយាយប្រាប់គេ បន្ទាប់ពី​លទ្ធផលមិន​សមប្រកបនោះឡើយ។ «ចូរ​មើលមកយើងទាំងអស់គ្នា ក្នុងនាមជាមនុស្ស​ប្រកបដោយមនោសញ្ចេតនា»។ នាងបាន​លើកឡើង​យ៉ាងដូច្នេះ។
 
កាលពីខែមិថុនា កន្លងមក Manuel បាន​លើកឡើងពីស្ថានភាពផ្លូវ​ចិត្តមិនអំណោយផល​របស់ខ្លួន ដែលមិនខុសពី​ករណី​កីឡាការិនីកាយសម្ព័ន្ធអាមេរិក Simone Biles និងកីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka នោះឡើយ។ ពួក​គេស្ថិតនៅក្រោម​សម្ពាធ ហើយ​ក៏ត្រូវបានតម្រូវឲ្យឆ្លើយសំណួរទៅកាន់អ្នកសារព័ត៌មានថែមទៀត៕
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com