អន្តរជាតិ
អាមេរិក ចោទជនជាតិមីយ៉ាន់ម៉ា២នាក់ទាក់ទងគម្រោងធ្វើឃាតអគ្គរដ្ឋទូតនៅ UN
07, Aug 2021 , 9:29 pm        
រូបភាព
តុលាការអាមេរិក នៅថ្ងៃទី៦ ខែសីហា បានចោទប្រកាន់ជនជាតិមីយ៉ាន់ម៉ា២នាក់លើគម្រោងសម្លាប់តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ (UN) លោក Kyaw Moe Tun ដែលប្រឆាំងរបបយោធា។​ បើតាមមន្រ្តីអាមេរិក បុគ្គលទាំងពីរ បានរៀបចំគម្រោងជួលមនុស្សទៅគំរាមលោក Kyaw Moe Tun ឱ្យចុះចេញពីតំណែង ហើយបើមិនលាលែងទេ ត្រូវសម្លាប់លោកតែម្ដង។​

 
អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំ UN លោក Kyw Moe Tun បានអះអាងកាលពីថ្ងៃទី៤ ខែសីហា ថា សុវត្ថិភាពរបស់លោក រងការគំរាម។ ក្រោយកើតរឿងនេះ អាមេរិកក៏បន្ថែមការការពារសន្តិសុខអ្នកការទូតដែលនៅតែជាតំណាងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់កាលពីខែកុម្ភៈ។
 
 
នៅថ្ងៃទី៦ ខែសីហា អាជ្ញាធរអាមេរិកក៏បញ្ចេញមុខជនសង្ស័យ២នាក់ដែលរៀបចំគម្រោងនេះ។ រដ្ឋអាជ្ញាធរខណ្ឌខាងត្បូងនៃទីក្រុងញូវយ៉ក Audrey Strauss និយាយថា ជនជាតិមីយ៉ាន់ម៉ាឈ្មោះ Phyo Hein Htut អាយុ២៨ឆ្នាំ និង Ye Hein Zaw អាយុ២០ មានផែនការធ្វើឱ្យរបួសធ្ងន់ធ្ងរ ឬសម្លាប់អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំទីស្នាក់ការ UN ដែលនោះជាការប៉ុនប៉ងវាយប្រហារមន្រ្តីបរទេសលើទឹកដីអាមេរិក។
 
ចំណែកឧបការីស្ដីទីការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បញ្ជាក់ថា​ មន្រ្តីអនុវត្តច្បាប់អាមេរិកចាត់វិធានការទាន់ពេលវេលា បន្ទាប់ពីទទួលដំណឹងទាក់ទងការប៉ងធ្វើឃាតដែលគ្រោងធ្វើនៅ Westchester County ភាគខាងជើងទីក្រុងញូវយ៉កទីដែលលោក Kya Moe Tun ស្នាក់នៅ។ បើតាមឯកសារតុលាការ មន្រ្តីអាមេរិកបានដំណឹងនេះនៅថ្ងៃទី៣ សីហា។ ជនសង្ស័យទាំង២ ខាងលើ ត្រូវចោទរួចហើយនៅតុលាករ Westchester ដែលអាចជាប់គុកដល់ទៅ៥ឆ្នាំ។
 
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថាគម្រោងធ្វើឃាតនេះមានទាក់ទងរបបយោធាមីយ៉ាន់ម៉ាឬយ៉ាងណាឡើយ។ ប៉ុន្តែរដ្ឋអាជ្ញាអាមេរិកនិយាយថា​ ជនសង្ស័យ Phyo Hein Htut ធ្លាប់ទាក់ទងជាមួយឈ្មួញអាវុធនៅថៃម្នាក់ដែលមានទំនាក់ទំនងជាមួយក្រុមយោធានៅមីយ៉ាន់ម៉ា។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ជនសង្ស័យរូបនេះ និងឈ្មួញអាវុធដដែល ជជែកតាម Facetime ពីការជួលមនុស្សឱ្យធ្វើតាមផែនការរបស់ពួកគេ។
 
បើមានព័ស្តុតាងបង្ហាញពីការពាក់ព័ន្ធមន្រ្តីមីយ៉ាន់ម៉ា អាមេរិកទំនងជាដាក់សម្ពាធកាន់តែខ្លាំងទៀតលើរបបយោធា ក្រោយដាក់ទណ្ឌកម្មជាច្រើនរួចមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com