អន្តរជាតិ
ចិន និងឥណ្ឌាដកទ័ពចេញពីចំណុចប្រឈមមុខមួយទៀតនៅតំបន់ព្រំដែនមានជម្លោះ
07, Aug 2021 , 10:29 pm        
រូបភាព
ចិន និងឥណ្ឌា បានដកទ័ពរៀងៗខ្លួនចេញពីតំបន់ប្រឈមមុខគ្នាមួយទៀតនៅតាមព្រំដែន ដែលជាផ្នែកមួយនៃការបន្ថយកម្ដៅនៅខណ្ឌសីមាមហាអំណាចទាំង២ ។ នេះបើតាមការបញ្ជាក់របស់យោធាឥណ្ឌានៅថ្ងៃទី៦ ខែសីហា ក្រោយការចរចាជុំចុងក្រោយរវាងមេបញ្ជាការជាន់ខ្ពស់ភាគីទាំងពីរ។

 
បើតាមការប្រកាសរបស់កងទ័ពឥណ្ឌា យោធាចិន និងឥណ្ឌា ត្រូវបានដកចេញពីកន្លែងឈរជើងនៅចំណុច Gogra ក្នុងតំបន់ Ladakh ដែលជាព្រំដែនរវាងប្រទេសទាំងពីរ។ ការដកទ័ពនេះ ធ្វើឡើងពីរបីថ្ងៃមកហើយ ហើយកងទ័ពប្រទេសទាំងពីរវិលចូលជំរំអចិន្រ្តៃយ៍រៀងៗខ្លួន។
 
«រចនាសម្ព័ន្ធបណ្ដោះអាសន្ន និងហេដ្ឋារចនាសម្ព័ន្ធនានាដែលត្រូវបានសាងសង់ដោយភាគីទាំងពីរ ត្រូវបានរុះរើ ដោយឆ្លងកាត់ការត្រួតពិនិត្យទៅវិញទៅមក។ ឯសណ្ឋានដី ក៏ត្រូវបានរៀបចំដូចមុនការប្រឈមមុខដែរ។» កងទ័ពឥណ្ឌាបញ្ជាក់បែបនេះ។ មិនទាន់សេចក្ដីប្រកាសណាមួយពីខាងយោធានៅឡើយទេ។
 
ចំណុច Gogra ជាតំបន់មួយក្នុងចំណោមតំបន់៣ ដែលដាក់លើតុចរចាកាលពីសប្ដាហ៍មុនរវាងមេបញ្ជាការកងទ័ពចិន និងឥណ្ឌាដែលធ្វើនៅតំបន់ព្រំដែនតែម្ដង។ ចំណុចពីរទៀតមានHot Springs និង Depsang នៃតំបន់ Ladakh ដដែលស្ថិតនៅជួរភ្នំហិមាល័យ។ កាលពីខែកុម្ភៈ យោធាចិន និងឥណ្ឌាបានឯកភាពដកទ័ពចេញពីបឹង Pangong Pso ។ 
 
ចិន និងឥណ្ឌា បានពង្រាយទ័ពរាប់ម៉ឺននាក់ជាមួយសព្វាវុធជាច្រើនមានរថក្រោះ កាំភ្លើងធំ និងយន្តហោះចម្បាំងនៅតាមបណ្ដោយខ្សែកាន់កាប់ជាក់ស្ដែង ដែលត្រូវបានសន្មត់ជាបន្ទាត់ព្រំដែនរវាងមហាយក្សទាំងពីរ។ កាលឆ្នាំ២០២០ យោធាទាំងពីរបានប៉ះទង្គិចដ៏បង្ហូរមិនធ្លាប់មានជាច្រើនទសវត្សរ៍ដែលបណ្ដាលឱ្យយោធាឥណ្ឌាស្លាប់២០នាក់ និងកងទ័ពចិនស្លាប់៤នាក់ ទោះជាមិនមានការបាញ់កាំភ្លើងអ្វីឡើយពេលនោះ៕
 
 
 
 
 
 
 
 
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com