ជាតិ
សម្តេច ហ៊ុន សែន បង្ហាញពីការប្តេជា្ញកម្ពុជាពេលធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២
08, Aug 2021 , 7:29 am        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ កម្ពុជានឹងប្រឹងប្រែងលើកកម្ពស់យន្តការដោយផ្អែកលើភាពស្មោះត្រង់ សាមគ្គីភាព និងរៀបចំចក្ខុវិស័យសហគមន៍អាស៊ាន ក្នុងការត្រៀមខ្លួនធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ២០២២ និងជាលើកទីបី។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងទិវាអាស៊ាន ៨ សីហា។

 
 
នៅក្នុងឆ្នាំនេះទិវាអាស៊ាន ប្រារព្ធឡើងក្រោមប្រធានបទ« យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលបង្ហាញពីបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសង្គម នាពេលបច្ចុប្បន្នដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ 
 
ដើម្បីត្រៀមខ្លួនធ្វើជាប្រធានប្ដូរវេនរបស់អាស៊ានឆ្នាំ២០២២ កម្ពុជានឹងប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្ដោតសំខាន់លើការពង្រីងសកម្មភាពរួមគ្នាជាក់ស្ដែង ដោយឈរជាមូលដ្ឋានភាពបើកចំហ ស្មោះត្រង់ សុចរិត សុឆន្ទៈ សាមគ្គីភាព និងភាពសុខដុមរមនា នៅក្នុងអាស៊ាន ដើម្បីដោះស្រាយបញ្ហារួមដែលតំបន់កំពុងជួបប្រទះ។ 
 
លើសពីនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងប្ដេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារសំខាន់សម្រាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កើតនូវផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀមស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។
 
 «យើងប្រាថ្នាលើកកម្ពស់កិត្តិនាមរបស់អាស៊ានក្នុងឆាកអន្តរជាតិ និងចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព និងកសាងសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តាមរយៈសកម្មភាពនានា ដូចជាសកម្មភាពមនុស្សធម៌លើវិស័យមីន ដែលមជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន អាចដើរតួនាទីសំខាន់»។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន។ 
 
ទន្ទឹមនេះ កម្ពុជាមានគោលបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្ដោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើមសំខាន់ៗ ក្រោមផែនការលម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ រួមមានផែនការមេតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងផែនការការងារដំណាក់កាលទី៤ នៃគំនិតផ្ដួចផ្ដើមសម្រាប់សមហរណកម្មអាស៊ាន។ ជាពិសេសការ នឹងព្យាយាមលើកកម្ពស់ការពារពលករចំណាកស្រុក និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូចមធ្យម និងសហគ្រិនភាពស្រ្តីនិងយុវជន។ 
 
បើតាមសម្ដេច កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ។ កម្ពុជានឹងខិតខំស្វែងរកលទ្ធភាពក្នុងការលើកកម្ពស់ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ានដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅរបស់អាស៊ាន ដោយផ្អែកលើគោលការណ៍នានារបស់អាស៊ាន រួមទាំងនៅក្នុងទស្សនៈវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕ 
  
 
 
 
 
 
 
 

Tag:
 ទិវាអាស៊ាន
  សម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com