ជាតិ
កំពង់ស្ពឺ៖ ទឹកដីសម្បូរដើមត្នោត និងរមណីយដ្ឋានធម្មជាតិ
08, Aug 2021 , 7:59 am        
រូបភាព
ខេត្តកំពង់ស្ពឺ ជាខេត្តមួយដែលនៅជាប់រាជធានីភ្នំពេញ។ ខេត្តនេះ ត្រូវបានគេស្គាល់ថាជាខេត្តសម្បូរដើមត្នោតជាងគេនៅកម្ពុជា។ ជាពិសេស ស្ករត្នោតខេត្តកំពង់ស្ពឺ ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីផលិតផលសម្គាល់ភូមិសាស្រ្តទំនិញរបស់សហភាពអឺរ៉ុបនៅឆ្នាំ២០១៩។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺ ក៏មានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ ដែលសម្បូររមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។

 
ខេត្តកំពង់ស្ពឺ ជាតំបន់ខ្ពង់រាប និងភ្នំ ដែលមានផ្ទៃដីប្រមាណ ៧ ០១៧ គីឡូម៉ែត្រការ៉េ។ ទីរួមខេត្ត គឺក្រុងច្បារមន ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា (Sipar) ដែលមានចំណងជើងថា «យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រនៅកម្ពុជា» រៀបរាប់ថា ទឹកដីនៃខេត្តនេះមួយភាគធំ ជាតំបន់វាលស្រែ ដែលមានដើមត្នោតដុះយ៉ាងច្រើនសន្ធឹកសន្ធាប់។ ភាគខាងលិចរបស់ខេត្តនេះ សម្បូរទៅដោយភ្នំ និងព្រៃឈើ។
 
ដ្បិតថា អំណោយផលព្រៃភ្នំធម្មជាតិ តែផ្លូវទឹកធម្មជាតិនៃខេត្តកំពង់ស្ពឺ មិនសូវសម្បូរទេ គឺមានតែស្ទឹងព្រែកត្នោត ដែលចុះពីភ្នំក្រវាញ ហូរកាត់រួចធ្លាក់ទៅទន្លេបាសាក់ ត្រង់តាខ្មៅប៉ុណ្ណោះ។ យ៉ាងណាមិញ ដើម្បីបម្រើតម្រូវការចាំបាច់ផ្នែកកសិកម្ម គេក៏បានកសាងបណ្តាញធារាសាស្ត្រមួយចំនួនដូចជា ទំនប់អូរក្រាំងអំបល់ ទំនប់កំពង់ទួល ទំនប់ស្លា  និងទ្វារទឹករលាំងជ្រៃជាដើម ខណៈបច្ចុប្បន្ន ក្រសួងធនធានទឹក និងឧត្តុនិយម កំពុងជីក និងស្ដារប្រឡាយបន្ថែមជាច្រើន។
 
ងាកមកផ្នែកអេកូទេសចរណ៍វិញ ខេត្តកំពង់ស្ពឺ មានអំណោយផលល្អលើតំបន់ទេសចរណ៍ព្រៃភ្នំធម្មជាតិ ដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានី។ តួយ៉ាង ខ្នងផ្សា ឧទ្យានជាតិគិរីរម្យ តំបន់អេកូទេសចរណ៍ចំបក់ រមណីយដ្ឋានអំពែភ្នំ និងភ្នំព្រៃខ្មែរ សុទ្ធតែជារមណីយដ្ឋានដ៏ទាក់ទាញ។ ក្រៅពីនេះ បឹងតេទឹកពុះ ដែលស្ថិតនៅភូមិតេ ស្រុកឱរ៉ាល់ មានទឹកក្តៅប្រហែល៧០អង្សា មានផ្សែងហុយៗចេញពីដី។​  អ្នកស្រុកនៅទីនោះជឿថា បឹងតេទឹកពុះជាកន្លែងស័ក្តិសិទ្ធិ ដែលអាចព្យាបាលជំងឺឲ្យជាសះស្បើយបាន។ ប៉ុន្តែសព្វថ្ងៃ បឹងតេទឹកពុះ កំពុងក្លាយជាតំបន់ទេសចរណ៍ ដ៏ពេញនិយមដែលទទួលបានភ្ញៀវច្រើនឡើងៗ។
 
ចំណែក តំបន់ខ្ពង់រាបខាងត្បូងឆៀងខាងលិចនៃរាជធានីភ្នំពេញ រដ្ឋាភិបាល បានបង្កើតឱទ្យានជាតិមួយឈ្មោះថា ឱទ្យានជាតិព្រះសុរាម្រឹត-កុសុមៈ ដែលហៅកាត់ថា «គិរីរម្យ»។ ឱទ្យានជាតិនេះ មានផ្ទៃដីប្រមាណ ៣៥ ០០០ហិកតា ដោយមួយផ្នែកនលយចូលទៅក្នុងទឹកដីខេត្តកោះកុង។
 
លើសពីនេះ ឱទ្យានជាតិ«គិរីរម្យ» ក៏សម្បូរទៅដោយព្រៃ​ស្រល់ដ៏ស្រស់ស្អាត ដែលព្រៃទាំងនោះ បានផ្តល់ជាជម្រកសម្រាប់ថនិកសត្វ ល្មូន និងបក្សាបក្សីជាច្រើនប្រភេទ។ ជាងនេះទៅទៀត នៅលើស្ទឹងច្រាល ដែលហូរធ្លាក់ពីភ្នំនេះ មានរោងចក្រអគ្គិសនី«គិរីរម្យ១» ដែលមានអានុភាព ១២ ០០០គីឡូវ៉ាត់ បានផ្តល់ថាមពលអគ្គិសនី សម្រាប់បញ្ជូនទៅប្រើប្រាស់នៅក្រុងច្បារមន និងភ្នំពេញ៕
 

Tag:
 ស៊ីប៉ា
  ខ្ញុំចង់ដឹង
 
© រក្សាសិទ្ធិដោយ thmeythmey.com