COVID-19
អន្តរជាតិ
ការសិក្សា៖ រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ ខុសគ្នាទៅតាមអាយុ និងភេទ
08, Aug 2021 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ថ្មីៗនេះ ការសិក្សាមួយ បានរកឃើញថា រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ មានសភាពខុសគ្នា ទៅ​តាមក្រុមអាយុ ដែលបែងចែកជា២ក្រុម គឺមនុស្សមានវ័យ ១៦ឆ្នាំ ដល់ ៥៩ឆ្នាំ និងក្រុមមនុស្ស​វ័យ​ចាស់ដែលមានអាយុចាប់ពី ៦០ ដល់ ៨០ឆ្នាំ។ លើសពីនេះ រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ ក៏មានភាពខុសគ្នារវាងបុរសនិងស្ត្រីផងដែរ។

 
ការសិក្សាថ្មីមួយ បានបង្ហាញថា រោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ មានភាពខុសគ្នាតាមក្រុម​អាយុ និងភេទរបស់អ្នកជំងឺ។ ការសិក្សានេះ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីសុខ​ភាពដ៏ល្បី The Lancet ដែលដឹកនាំ ​ដោយក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ King នៅទីក្រុងឡុងដ៍។ 
 
ក្រុមអ្នកស្រាវជ្រាវ បានប្រើប្រាស់ម៉ាស៊ីនម្យ៉ាងដែលមានសមត្ថភាពសិក្សាពីរោគសញ្ញាបឋមនៃជំងឺកូវីដ-១៩ និងទំនាក់ទំនងជាមួយលក្ខណៈមួយចំនួនរបស់អ្នកជំងឺដូចជាអាយុ ភេទ និងស្ថានភាពសុខភាព។ ជាលទ្ធផល វាបានបង្ហាញថារោគសញ្ញានៃការឆ្លងជំងឺកូវីដ-១៩ នៅដំណាក់​កាលដំបូងមានភាពខុសគ្នាតាមក្រុមអាយុ និងភេទរបស់អ្នកជំងឺ។ 
 
តាមការវិនិច្ឆ័យ វាមានរោគសញ្ញាសរុបចំនួន១៨ករណី ដែលកើតឡើងលើមនុស្សមានវ័យខុសគ្នា។ ជាទូទៅ រោគសញ្ញានៃជំងឺកូវីដ-១៩ បានលេចឡើងមានដូចជា ការបាត់​បង់ក្លិន ឈឺទ្រូង ក្អកញឹកញាប់ ឈឺពោះ រាគ ឡើងពងទឹកលើជើង ឈឺភ្នែក និងឈឺសាច់ដុំ​ខុសពីធម្មតាជាដើម។ 
 
ការបាត់បង់ក្លិន ភាគច្រើនកើតចំពោះមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ តែសម្រាប់អ្នកជំងឺកូវីដ-១៩​មានវ័យលើសពី ៨០ឆ្នាំ មិនមានរោគសញ្ញាបាត់បង់ក្លិន​នោះទេ។ ទន្ទឹមនេះ រោគសញ្ញារាគ ក៏ជាអាការៈ​សំខាន់ ដែលកើតមានញឹកញាប់នៅក្នុងក្រុម​វ័យ​ចំណាស់មានអាយុចាប់ពី ៦០ ដល់ ៨០ឆ្នាំដែរ។ 
 
លើសពីនេះ អ្នកជំងឺកូវីដ-១៩ បុរស អាចកើតមានរោគសញ្ញាមួយចំនួនដូចជាដកដង្ហើមខ្លីៗ អស់កម្លាំង និងរងាញ័រញាក់ជាដើម។ ចំណែកស្ត្រីវិញទំនងជាមានរោគសញ្ញាបាត់បង់ក្លិន ចុកទ្រូង និងក្អក។ ផ្ទុយទៅវិញ អាការៈគ្រុនក្តៅ ដែលគ្រប់​គ្នាស្គាល់ថាជារោគសញ្ញាមួយនៃ​ជំងឺកូវីដ-១៩ នោះ ត្រូវបានការសិក្សាពន្យល់​ថា វាមិនមែនជាសញ្ញាដំបូងនៃជំងឺកូវីដ-១៩​នៅក្នុងក្រុមអាយុ និងភេទណាមួយឡើយ។
 
ការដឹងពីរោគសញ្ញាដំបូងនៃជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់សម្រាប់គ្រប់គ្នា ដើម្បីងាយ​ស្រួលតាមដានសុខភាព និងវិនិច្ឆ័យថាតើអ្នក ឬសមាជិកគ្រួសារអ្នកបានឆ្លងជំងឺនេះឬយ៉ាងណា។ ម្យ៉ាងវិញទៀត ការដឹងពីរោគសញ្ញាបឋមនៃជំងឺកូវីដ-១៩ ក៏ជួយឱ្យអ្នកឆាប់ទទួលយកការធ្វើ​តេស្ត និងព្យាបាលបានទាន់ពេលវេលា ដើម្បីសុខភាពអ្នកផ្ទាល់ និងបន្ថយហានិភ័យផ្សេងទៀតដែរ៕ 
 

Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com