កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ១២១ឆ្នាំរបស់ឥណ្ឌា ដែលឈ្នះមេដាយ៧ពីព្រឹត្តិការណ៍អូឡាំពិកតែមួយ
08, Aug 2021 , 9:29 am        
រូបភាព
ដោយ: រួបរួម
កីឡាករចោលលំពែងឥណ្ឌា Neeraj Chopra បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដែលធ្វើឲ្យឥណ្ឌាទទួលបានមេដាយសរុបចំនួន៧។ បើគិតចាប់តាំងពីឆ្នាំ១៩០០មក នេះជាប្រវត្តិសាស្ត្ររបស់ឥណ្ឌាដែលទទួលបានមេដាយសរុបរហូតដល់ទៅ៧ក្នុងព្រឹត្តិការណ៍អូឡាំពិកតែមួយ។

 
Chopra បានក្លាយជាកីឡាករទីពីរក្នុងប្រវត្តិសាស្ត្ររបស់ឥណ្ឌាផងដែរ ដែលឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជន បន្ទាប់ពីកីឡាករបាញ់កាំភ្លើង Abhinav Bindra។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានទូរសព្ទទៅ Chopra ដើម្បីអបអរសាទរ និងថ្លែងអំណរគុណចំពោះកីឡាកររូបនេះ ដែលបានសាងប្រវត្តិសាស្ត្រសម្រាប់ឥណ្ឌា។
 
មេដាយ៦ទៀតដែលឥណ្ឌាទទួលបានពីព្រឹត្តិការណ៍ Tokyo 2020 មានមេដាយប្រាក់២ និងសំរឹទ្ធ៤។ មេដាយប្រាក់២ បានលើកីឡាការិនីលើកទម្ងន់ Saikhom Mirabai Chanu និងកីឡាករចំបាច់ Ravi Kumar Dayiya រីឯម្ចាស់មេដាយសំរឹទ្ធមាន កីឡាការិនីវ័យសី Pusarla Venkata Sindhu, កីឡាការិនីប្រដាល់ Lovina Borgohain, កីឡាករលើកទម្ងន់ Bajrang Punia និងក្រុមកីឡាហុគគីបុរស។
 
បើគិតចាប់តាំងពីការបង្ហាញវត្តមានដំបូងនៅក្រុងប៉ារីស កាលពីឆ្នាំ១៩០០ ឥណ្ឌាដែលជាប្រទេសដ៏ធំ និងមានប្រជាជនច្រើន ទើបឈ្នះមេដាយអូឡាំពិកសរុប៣៥ប៉ុណ្ណោះ ដែលក្នុងនោះមានមាស១០ ប្រាក់៩ និងសំរឹទ្ធ១៦។ 
 


ចំនួនមេដាយអូឡាំពិកដ៏ច្រើនបំផុតកន្លងមករបស់ឥណ្ឌា គឺនៅក្នុងព្រឹត្តិការណ៍ក្រុងឡុងដ៍ កាលពីឆ្នាំ២០១២ ដែលមានចំនួន៦ (ប្រាក់២ និងសំរឹទ្ធ៤) ហើយកាលពីឆ្នាំ២០១៦ នៅ Rio de Janeiro ពួកគេបានឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ១ ប៉ុណ្ណោះ៕
 

Tag:
 Tokyo Olympics
© រក្សាសិទ្ធិដោយ thmeythmey.com