ជាតិ
ខួប៥៤ឆ្នាំអាស៊ាន៖ ក្រសួងវប្បធម៌ រៀបចំព្រឹត្តិការណ៍សិល្បៈសាមគ្គីតាមអនឡាញ
08, Aug 2021 , 11:50 am        
រូបភាព
 លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ
ភ្នំពេញ៖ ថ្ងៃទី៨ សីហា ឆ្នាំ២០២១  ជាខួបគម្រប់ ៥៤ឆ្នាំ នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្លេយ៍ ដែលហៅកាត់ថា អាស៊ាន។ ក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ កម្ពុជាបានប្រារព្ធ ការសម្ដែងសិល្បៈសាមគ្គីតាមប្រព័ន្ធវីដេអូ ដើម្បីអបអរខួបនៃអាស៊ាន។ នាពិធីអបអរនេះ លោកស្រី ភឿង សកុណា បានលើកឡើងថា ការប្រារព្ធពិធីតាមគន្លងថ្មីនេះ គឺដើម្បីសម្របខ្លួននឹងស្ថានភាពប្រឈម និងឆ្ពោះទៅការរិះរកវិធីថ្មីៗ ដើម្បីលើកកម្ពស់អភិរក្សវប្បធម៌។


 
បើតាមលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ព្រឹត្តិការណ៍សិល្បៈសាមគ្គីប្រជាជាតិអាស៊ាននេះ គឺមិនគ្រាន់តែជាសកម្មភាពដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាននោះទេ ប៉ុន្តែការជំរុញលើកស្ទួយសកម្មភាពវប្បធម៌ ការសម្របខ្លួនទប់ទល់នឹងស្ថានភាពនៃផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីប្រឈមមុខនឹងស្ថានភាពថ្មី។ 


 
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរូបនេះ បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការ និងការរីកចម្រើន នៃវប្បធម៌អាស៊ានដ៏សម្បូរបែប កម្ពុជាបានចាត់ទុកវប្បធម៌ជាព្រលឹង និងអត្តសញ្ញាណជាតិ លើគោលការណ៍ «រដ្ឋជាអ្នកគាំទ្រ និងអ្នកការពារ ដៃគូឯកជនគឺជាអ្នកអនុវត្ត»ដែលជាគ្រឹះសម្រាប់ការសន្ទនា និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។ 


 
លើសពីនេះទៀត   កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូនៅថ្នាក់ជាតិ អន្តរជាតិ សង្គមស៊ីវិល និងអង្គការជាតិ អន្តរជាតិ ត្រូវបានពង្រឹងបន្ថែមទៀតនូវការការពារ និងការលើកតម្លៃសិល្បៈ និងវប្បធម៌ ក៏ដូចជាទំនៀមទម្លាប់ និងប្រពៃណី ស្របតាមគោលដៅ ក្រោមទិសស្លោក «បុរាណមិនយឺត សម័យមិនបរទេស» ។ 


 
បើតាមលោកស្រី ភឿង សកុណា ដើម្បីសម្រេចគោលដៅការងារក្នុងការលើកកម្ពស់អភិរក្សវប្បធម៌ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងក្របខ័ណ្ឌរដ្ឋមន្រ្តីអាស៊ាន រួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានា និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈនាពេលអនាគត៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com