កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក៖ អាមេរិកឈ្នះគេគ្រប់មេដាយ ចិនលេខ២ និងម្ចាស់ផ្ទះជប៉ុនលេខ៣
08, Aug 2021 , 3:55 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
នៅថ្ងៃអាទិត្យ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ សហរដ្ឋអាមេរិក ជាក្រុមជោគជ័យលើសគេគ្រប់ប្រភេទមេដាយក្នុងចំណោម១១៣មេដាយដែលពួកគេទទួលបាន។ ផ្អែកតាមលំដាប់អាទិភាពមេដាយ ចិនឈរលេខ២ ម្ចាស់ផ្ទះជប៉ុននៅលេខ៣



សហរដ្ឋអាមេរិក ឈ្នះ១១៣មេដាយ ក្នុងនោះមាស៣៩ ប្រាក់៤១ និងសំរឹទ្ធ៣៣។ ក្នុងចំណោមមេដាយដែលអាមេរិកទទួលបានមាន៣០មេដាយពីកីឡាអត្តពលកម្ម និង២៦មេដាយពីកីឡាហែលទឹក។ បើផ្អែកលើចំនួនអត្តពលិក ៦៦មេដាយដណ្តើមបានដោយកីឡាការិនី និង៤១មេដាយដោយកីឡាករ និង៦មេដាយពីវិញ្ញាសាចម្រុះ។

ចិន ឈ្នះមេដាយសរុប៨៨ ក្នុងនោះមាន៣៨ ប្រាក់៣២ និងសំរឹទ្ធ១៨។ មេដាយដែលចិនទទួលបានភាគច្រើនលើប្រភេទកីឡាលោតជម្រុជទឹក កីឡាបាញ់កាំភ្លើង កាយសម្ព័ន្ធ។ ដូចជាសហរដ្ឋអាមេរិកផងដែរ មេដាយជាង៥៣ភាគរយដែលចិនបាន គឺវិញ្ញាសានារី ជិត៤០ភាគរយលើវិញ្ញាសាបុរស និងជិត៨ភាគរយលើវិញ្ញាសាចម្រុះ។

ម្ចាស់ផ្ទះជប៉ុន ស្ថិតនៅលេខ៣ ដោយបានមេដាយសរុប៥៨ (មាស២៧ ប្រាក់១៤ និងសំរឹទ្ធ១៧)។ ចក្រភពអង់គ្លេសស្ថិតនៅលេខ៤ ដោយបានសរុប ៦៥ (មាស២២ ប្រាក់២១ និងសំរឹទ្ធ២២) អត្តពលិកពីគណៈកម្មការអូឡាំពិករុស្ស៊ី (ROC) ឈ្នះសរុប៧១មេដាយ (មាស២០ ប្រាក់២៨ សំរឹទ្ធ២៣)។

អូស្ត្រាលី ឈរនៅចំណាត់ថ្នាក់លេខ៦ ដោយមានសរុប៤៦មេដាយ (មាស១៧ ប្រាក់៧ សំរឹទ្ធ២២)។ ហូឡង់ បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ឈ្នះមេដាយមាស១០រៀងៗខ្លួន ប៉ុន្តែខុសត្រង់ចំនួនមេដាយប្រាក់ និងសំរឹទ្ធ។

សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ហ្វីលីពីនជាក្រុមជោគជ័យជាងគេ ដោយបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ បន្ទាប់មកឥណ្ឌូណេស៊ី (មាស១ ប្រាក់១ សំរឹទ្ធ៣),ថៃ (មាស១ សំរឹទ្ធ១) និងម៉ាឡេស៊ី (ប្រាក់១ សំរឹទ្ធ១)។
ក្រុម/តំបន់/ប្រទេស ដែលមានឈ្នះមេដាយមានចំនួន៩៣ ក្នុងមេដាយសរុប១០៨០ត្រូវបានបំពាក់ដល់ជ័យលាភី រួមមានមេដាយមាស៣៤០ ប្រាក់៣៣៨ និងសំរឹទ្ធ៤០២៕



© រក្សាសិទ្ធិដោយ thmeythmey.com