ជាតិ
អ្នក​ធ្វើ​ការលើ​វិស័យ​ទេសចរណ៍​​ផ្លាស់ប្តូរយោបល់គ្នា លើ​ការពង្រឹង​ទេសចរណ៍សហគមន៍​ឲ្យមានស្ថិរភាព
08, Aug 2021 , 4:34 pm        
រូបភាព
ដោយ:
 
ជំងឺកូវីដ-១៩ បានធ្វើឱ្យតំបន់អេកូទេសចរណ៍មានឱកាសបង្ហាញសក្ដានុពលរបស់ខ្លួន។ ភ្ញៀវទេសចរក្នុងស្រុក ចាប់ផ្ដើមធ្វើដំណើរកម្សាន្តក្នុងប្រទេស ជាពិសេសនៅតាម តំបន់ ទេសចរណ៍ធម្មជាតិ។ តើអ្នកពាក់ព័ន្ធធ្វើយ៉ាងណា ដើម្បីឱ្យដំណើរកម្សាន្តរបស់ទេសចរក្នុងស្រុក
នៅតែមានភាពរស់រវើក ឬរក្សាស្ថិរភាពនៃកំណើនទេសចរ នៅតំបន់អេកូទេសចរណ៍នោះ?



អ្នកជំនាញ​​ផ្នែកទេសចរណ៍ ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន តាមរយៈកិច្ចតាមរយៈពិភាក្សា «និន្នាការដើរកម្សាន្តតាមតំបន់អេកូទេសចរណ៍ក្នុងបរិបទកូវីដ-១៩» យល់ថា កំ​ណើនអ្នកទេសចរ តាមតំបន់ទេសចរណ៍ធម្មជាតិក្នុងបរិបទជំងឺកូវីដ-១៩ ជាឱកាសល្អសម្រាប់កម្ពុជា ដើម្បីពង្រឹងសេវាកម្មទេសចរណ៍បន្ថែម។
 
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា មុនពេលផ្ទុះជំងឺកូវីដ-១៩ ភ្ញៀវទេសចរមួយចំនួន បានចេញទៅកម្សាន្តនៅបរទេស ដោយមិនបានចាប់អារម្មណ៍ ពីសក្តានុពលទេសចរណ៍ធម្មជាតិក្នុងស្រុក។ តែកូវីដ-១៩ បានធ្វើឱ្យភ្ញៀវទេសចរមានឱកាស ដើរកម្សាន្តក្នុងស្រុក ជាពិសេសតំបន់អេកូទេសចរណ៍។


លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

«ដើម្បីថែរក្សាភ្ញៀវនៅតំបន់អេកូទេសចរណ៍ត្រូវមានការពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ តាមតំបន់ទេសចរណ៍។ យើងត្រូវធ្វើឱ្យភ្ញៀវទេសចរ ទៅកន្លែងធម្មជាតិមួយ ហើយចង់ទៅមួយ​ទៀត។ គាត់​​នឹងងាកមកស្រឡាញ់ធម្មជាតិ។ ក្នុងសហគមន៍ ក៏ត្រូវបន្ថែមសេវាកម្មមួយចំនួន ដែលភ្ញៀវត្រូវការ ផងដែរ»។ នេះជាការអះអាងរបស់ អ្នកស្រី ឆាយ សៀវលីន​។
 
លោកស្រី​ ឆាយ សៀវលីន ក៏បានស្នើឱ្យភ្ញៀវទេសចរ ទាក់ទងទៅសហគមន៍មូលដ្ឋាន តាមតំបន់ទេសចរណ៍នីមួយៗដើម្បីជួយផ្ដល់ចំណូលដល់សហគមន៍ ជាពិសេសបញ្ចៀសជម្លោះដណ្ដើមភ្ញៀវទេសចររបស់អាជីវករកបម្រើសេវាកម្មទេសចរណ៍ក្នុងមូលដ្ឋាន។
 
បន្ថែមពីនេះ លោក ​ឡោ វុឌ្ឍី ជាអ្នករៀបចំកញ្ចប់ទេសចរណ៍បែបផ្សងព្រេង អះអាងថា ខ្នងផ្សា បានធ្វើឱ្យភ្ញៀវទេសចរយល់ពីតម្លៃនៃតំបន់ទេសចរណ៍ធម្មជាតិ។
ភ្ញៀវទេសចរ នៅខ្នងផ្សា កើនឡើងឥតឈប់ឈរ ព្រោះសម្រស់ដ៏ស្រស់ត្រកាល។សម្រស់ធម្មជាតិទាំងនេះ ក៏បានជំរុញឱ្យភ្ញៀវទេសចរចង់បន្តដំណើរកម្សាន្តបែបផ្សងព្រេងទៅកន្លែងថ្មីទៀត។ 
 
លោក ឡោ វុឌ្ឍី បានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ កំណត់ចំនួនភ្ញៀវតាមតំបន់អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង ដើម្បីកុំឱ្យធម្មជាតិរងសម្ពាធ ពីមនុស្សច្រើនខ្លាំងពេក។ លោកក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមតំបន់ទេសចរណ៍ផងដែរ។ 

លោក ឡោ វុឌ្ឍី អ្នករៀបចំកញ្ចប់ទេសចរណ៍បែបផ្សងព្រេង 

«កន្លែងទេសចរណ៍ធម្មជាតិខ្លះគឺមានភាពទាក់ទាញខ្លាំង ប៉ុន្តែផ្លូវចូលគឺពិបាកខ្លាំងពេក ធ្វើឱ្យទេសចរពិបាកធ្វើដំណើរ»​ ។ នេះជាការបញ្ជាក់របស់លោក វុឌ្ឍី។ ជុំវិញបញ្ហានេះ លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឆ្លើយតបថា ក្រសួងបរិស្ថាន កំពុងធ្វើការជាមួយក្រសួងអភិវឌ្ឍជនបទ​ ដើម្បីធ្វើផ្លូវចូលតំបន់ទេសចរណ៍មួយចំនួនដូចជា ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ថ្មដា ក្នុងខេត្តកំពង់ស្ពឺ។លោកសង្កត់ធ្ងន់ថាក្រសួងបរិស្ថាន នឹងពង្រឹងការរក្សាអនាម័យ តាមតំបន់ទេសចរណ៍ធម្មជាតិ  ប៉ុន្តែភ្ញៀវទេសចរ ក៏ត្រូវសហការ​ដែរ។ «បញ្ហាសំរាមនៅតែមានទោះបីក្រសួងបានអប់រំណែនាំ ដាក់ឡដុតសំរាម ធុងសំរាម ហើយក្រសួង ក៏បានដាក់ស្លាកណែនាំដែរ។ បញ្ហានេះ យើងមិនទាន់ដោះស្រាយបានអស់ទេ យើងនឹងខិតខំអប់រំគាត់ ឱ្យយល់ពីអត្ថប្រយោជន៍នៃធនធានធម្មជាតិ ធ្វើយ៉ាងណាឱ្យទេសចរ ដើរលេងដោយទទួលខុសត្រូវ»។ នេះជាការបញ្ជាក់របស់លោក ឃិន ម៉េងឃាង ដោយបន្ថែមថាតាមសហគមន៍អាចពិ​ន័យភ្ញៀវ ដែលចោលសំរាមផ្ដេសផ្ដាសបាន។


លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ 
 
ក្នុងវិបត្តិកូវីដ-១៩ ការដើរកម្សាន្តនៅតំបន់អេកូទេសចរណ៍ បានទ្រទ្រង់វិស័យទេសចរណ៍ទាំងមូល ខណៈទេសចរណ៍បែបវប្បធម៌ មានសភាពស្ងប់ស្ងាត់។ លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍ ​កំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍មួយចំនួន តាមរយៈការបណ្ដុះបណ្ដាលប្រជាសហគមន៍ ពីការបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា តំបន់ទេសចរណ៍ធម្មជាតិ មិនអាចមានភាពប្រណីត ដូចរមណីយដ្ឋាន ឬរីសតនោះទេ។
 
លោក ជុក ជំនោ បញ្ជាក់យ៉ាង​ថា៖​«យើងអាចមើលឃើញថា កន្លែងខ្លះសេវាទេស​ចរណ៍ដូចជាមិនទាន់ល្អផ្លូវមិនទាន់គ្រប់គ្រាន់ ប៉ុន្តែបើយើងគិតត្រឡប់ថយក្រោយវិញដំណើរកម្សាន្តបែបអេកូទេសចរណ៍ គឺទេសចរដែលស្រឡាញ់ធម្មជាតិ។ យើងមិនអាចរំពឹងថា ការដើរកម្សាន្តក្នុងសហគមន៍ វាមានភាពប្រណីតទេ»។ 


 លោក ជុក ជំនោ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍

សូមជម្រាបថា បច្ចុប្បន្នក្រសួងបរិស្ថានគ្រប់គ្រងតំបន់ការពារធម្មជាតិ៧១កន្លែងដែលមានផ្ទៃដីប្រមាណ៧លាន ២សែនហិកតា។ ក្រសួង បានបង្កើតសហគមន៍ការពារធម្មជាតិ
១៣២កន្លែង ក្នុងនោះ៣៦សហគមន៍ បានបម្រើសេវាកម្មទេសចរណ៍។ ជាមួយគ្នានេះដែរក្រសួងបរិស្ថាន កំពុងធ្វើការលើគម្រោងអភិវឌ្ឍអេកូទេសចរណ៍១៨គម្រោងធំៗនិងគម្រោងតូចៗចំនួន ១៩៦។
 
គួរបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី២៩ ខែកក្កដា ពីការផ្អាកតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ទូទាំងប្រទេស រហូតដល់ថ្ងៃទី១២សីហា ដើម្បីទប់ស្កាត់ការ​រាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ​ Delta​៕ 
 
 
 
 
 

Tag:
 ទេសចរណ៍
  បរិស្ថាន
  ឆាយ សៀវលីន
 ឡោ វុឌ្ឍី
 ​ ឃិន ម៉េងឃាង
 ជុក ជំនោ
© រក្សាសិទ្ធិដោយ thmeythmey.com