ជាតិ
​ តាកែវ ទឹកដីបុរីចាស់
08, Aug 2021 , 10:59 pm        
រូបភាព
ខេត្តតាកែវ ជាទឹកដីចំណាស់មួយ ដែលត្រូវបានគេស្គាល់ថាមានទីតាំងទេចរណ៍ប្រវត្តិសាស្រ្តជាច្រើនកន្លែង។ ខេត្តមួយនេះ សម្បូរកេរដំណែលពីដូនតា ដែលមានប្រាសាទបុរាណប្រមាណ ៣៤កន្លែង និងមានរមណីយដ្ឋានធម្មជាតិមិនតិចឡើយ។ ទន្ទឹមនឹងនេះ ខេត្តតាកែវក៏ល្បីល្បាញផ្នែកសិប្បកម្មផលិតសូត្រដែលមានគុណភាព និងមានបង្កងធម្មជាតិ រសជាតិមិនចាញ់ខេត្តព្រៃវែងផងដែរ។



តាកែវ ជាខេត្តតូចមួយដែលសិ្ថតនៅភាគនិរតីនៃប្រទេសកម្ពុជា ជាប់ព្រំដែនវៀតណាម។ ខេត្តបុរាណមួយនេះ ត្រូវបានគេស្គាល់ច្រើនថា​ សម្បូរទៅដោយកន្លែងប្រវត្តិសាស្ត្រ ដែលគេបានរៀបចំជាតំបន់ទេសចរណ៍។ បើតាមសៀវភៅខ្ញុំចង់ដឹង របស់អង្គការស៊ីប៉ា ដែលមានចំណងជើងថា«យល់ដឹងពីភាគខាងត្បូង និងតំបន់មាត់សមុទ្រនៅកម្ពុជា» រៀបរាប់ថា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ត្រូវបានរៀបចំឡើងតាមទីតាំងប្រាសាទបុរាណ រួមមានប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទតាព្រហ្មនិងយាយពៅ រួមទាំងប្រាសាទថ្មដុះ។ 
 
ក្រៅពីនេះ ក៏មានប្រាសាទនាងខ្មៅ ដែលមានប្រាង្គពីរក្បែរគ្នា សាងពីឥដ្ឋ និងថ្មភក់ ស្ថិតក្នុងវត្តប្រាសាទនាងខ្មៅ និងប្រាសាទបាយ៉ង់ លើភ្នំបាយ៉ង់ផងដែរ។ ចំណែក រមណីយដ្ឋានធម្មជាតិល្បីជាងគេ ដែលនៅមិនឆ្ងាញពីរាជធានីភ្នំពេញ ស្ថិតនៅមាត់បឹងទន្លេបាទី ជិតប្រាសាទតាព្រហ្មនិងយាយពៅ។ឯរមណីដ្ឋានចម្រុះនៅភ្នំតាម៉ៅមានប្រាសាទ ព្រៃ ភ្នំ បឹង និង សួនសត្វធំជាងគេនៅកម្ពុជា ដែលគេបានរៀបចំតាំងពីឆ្នាំ១៩៩៥។ ពីមួយឆ្នាំទៅមួយឆ្នាំ រមណីយដ្ឋានទាំងអស់នេះទាក់ទាញទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាច្រើនឡើងៗជាលំដាប់។ 
 
បន្ទាប់ពីរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានធម្មជាតិ ខេត្តតាកែវក៏ជាខេត្តមួយដែលមានសក្តានុពលផ្នែកសិប្បកម្ម និងកសិកម្ម ផងដែរ។ ដំណាំស្រូវ ការនេសាទ សិប្បកម្មទេសចរណ៍ និងការផ្លាស់ប្តូរទំនិញជាមួយវៀតណាមក៏មានសកម្មភាពខ្លាំងក្លាដែរ។ ស្រូវមានដាំគ្រប់ទីកន្លែង ហើយភាគច្រើនជាស្រូវវស្សា។ ឯស្រូវប្រាំងក៏មាននៅតាមតំបន់នានា ពិសេសនៅស្រុកជាប់ព្រំដែនវៀតណាមទាំង៤។ ការឡើងត្នោត និងចិញ្ចឹមទាយកស៊ុត ក៏មាននៅក្នុងខេត្តនេះដែរ។ 
 
លើសពីនេះ តម្បាញសូត្រ ដែលជាសិប្បកម្មគ្រួសាររីកចម្រើនឲ្យកត់សម្គាល់។ ហូល ផាមួង សារុង ក្រមា មានត្បាញនៅស្រុកជាច្រើន ហើយស្រុកល្បីជាងគេគឺស្រុកព្រៃកប្បាស និងបាទី។ នៅស្រុកបាទី ក្នុងឃុំត្រពាំងក្រសាំង ពារាម និងត្នោត ជាកន្លែងត្បាញសូត្រច្រើនជាងគេ។ 
 
ពិសេសជាងនេះ ខេត្តតាកែវក៏ធ្លាប់ជាខេត្តសម្បូរបង្កងធម្មជាតិ មិនចាញ់ខេត្តព្រៃវែងឡើយ។ តែសព្វថ្ងៃនេះ គេសង្កេតឃើញថាបង្កងចេះតែខ្សត់ទៅៗ។ បឹងសម្បូរបង្កងមានស្រុកអង្គរបុរី បុរីជលសារ និងកោះអណ្តែត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com