អន្តរជាតិ
ក្រុមតាលីបង់ ដណ្ដើមបានទីក្រុងធំៗ៤ ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថានក្នុងពេលត្រឹម៣ថ្ងៃ
08, Aug 2021 , 5:09 pm        
រូបភាព
រូបថត AFP
រូបថត AFP
ក្នុងពេលត្រឹម៣ថ្ងៃ ក្រុមឧទ្ទាមតាលីបង់ អាចដណ្ដើមបានទីក្រុងធំៗដល់ទៅ៤ បន្តបន្ទាប់គ្នាពីការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ទីក្រុង Kunduz និង Sar-e-Pul នៅភាគខាងជើងប្រទេស ធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់តាលីបង់នៅថ្ងៃទី៨ ខែសីហា ក្រោយការប្រយុទ្ធគ្នាជាច្រើនថ្ងៃ។ ក្រុមតាលីបង់ ក៏កំពុងវាយលុកទីក្រុងធំៗជាច្រើនទៀត ស្របពេលអាមេរិកដកទ័ពស្ទើរទាំងស្រុងទៅហើយ។

 
ជារឿងគួរឱ្យភ្ញាក់ផ្អើល ក្រុមតាលីបង់ អាចដណ្ដើមបានទីក្រុងធំៗរបស់ខេត្តចំនួន៣ ជាបន្តបន្ទាប់ក្នុងពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទី៦ ខែសីហា ក្រុមនេះដណ្ដើមទីក្រុង Zaranj នៃខេត្ត Nimruz នៅភាគពាយព្យ ហើយមួយថ្ងៃបន្ទាប់ ក៏បានដណ្ដើមទីក្រុង Sheberghan ទីរួមខេត្ត Jawzjan ដែលនៅភាគខាងជើង។ នៅថ្ងៃទី៨ ខែសីហានេះ​ ក្រុមតាលីបង់ ក៏ចូលត្រួតត្រាទីក្រុង Kunduz នៃខេត្ត Kunduz នៅភាគខាងជើង។
 
Kunduz ជាទីក្រុងសំខាន់ជាងគេក្នុងចំណោមទីក្រុង៣ ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ចាប់តាំងពីក្រុមនេះបើកយុទ្ធនាការនៅខែឧសភា ពេលដែលអាមេរិក និងសម្ព័ន្ធមិត្តចាប់ផ្ដើមដកទ័ព។ ប្រតិបត្តិការលឿនរហ័សបែបនេះ ពិសេសនៅតំបន់ភាគខាងជើងប្រទេស ធ្វើឱ្យរដ្ឋាភិបាលក្រុងកាប៊ុលស្រឡាំងកាំងជាខ្លាំង ព្រោះធ្លាប់ទីតាំងប្រឆាំងក្រុមឧទ្ទាមជាច្រើនឆ្នាំមកហើយ។ 
 
នៅភាគខាងជើងដដែល រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាត់បង់ក្រុង Sar-e-Pul របស់ខេត្ត Sar-e-Pul មួយទៀត ព្រោះសកម្មជនតាលីបង់ចូលដល់ក្រុងទៅហើយ។​ សមាជិកសភារបស់ទីក្រុងនេះ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមតាលីបង់មានវត្តមាននៅកណ្ដាលក្រុងហើយ ហើយការប្រយុទ្ធគ្នាតាមដងផ្លូវនៅមាននៅឡើយ។
 
អាមេរិក នឹងបញ្ចប់ប្រតិបត្តិការដកទ័ពរបស់ខ្លួននៅចុងខែសីហានេះ មុនខួប២០ឆ្នាំការវាយប្រហារថ្ងៃទី១១ ខែកញ្ញា។ ប៉ុន្តែក្នុងពេលដកទ័ពនេះ អាមេរិក នឹងបន្តអន្តរាគមន៍ផ្លូវអាកាសដើម្បីជួយកម្លាំងរដ្ឋាភិបាលទល់នឹងការរុលទៅមុខរបស់ក្រុមតាលីបង់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ទីបញ្ជាការយោធាតំបន់កណ្ដាលរបស់អាមេរិក។ ចំណែកកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានវិញ ក៏វាយបកដើម្បីចូលគ្រប់គ្រងទីក្រុងដែលបាត់បង់វិញផងដែរ៕
 
 

Tag:
 អាហ្វហ្កានីស្ថាន
  តាលីបង់
© រក្សាសិទ្ធិដោយ thmeythmey.com