ជាតិ
និស្សិត សំ វឌ្ឍនៈ បង្កើតចាប៉ីវិវឌ្ឍន៍ ដើម្បីប្រគំជាមួយភ្លេងបស្ចិមប្រទេស
10, Aug 2021 , 8:59 am        
រូបភាព
លោក សំ វឌ្ឍនៈ ជានិស្សិតតែម្នាក់គត់ នៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសចាប៉ីដងវែង
លោក សំ វឌ្ឍនៈ ជានិស្សិតតែម្នាក់គត់ នៅកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសចាប៉ីដងវែង
ភ្នំពេញ៖ លោក សំ វឌ្ឍនៈ គឺជានិស្សិតតែម្នាក់គត់ នៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសចាប៉ីដងវែង។ លោកបានបង្កើតសំនៀងចាប៉ីថ្មីមួយឡើយ ដោយដាក់ឈ្មោះថា ចាប៉ីវិវឌ្ឍន៍ ជាស្នាដៃបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។



ចាប៉ីវិវឌ្ឍន៍ ត្រូវបានបង្កើតឡើងក្នុងគោលបំណង២ គឺដើម្បីអភិរក្ស និងអភិវឌ្ឍន៍។ តាមពិតទៅ ចាប៉ីវិវឌ្ឍន៍ មានរូបរាងដូចគ្នាទៅនឹងចាប៉ីដងវែងដែរ ប៉ុន្តែអ្វីដែលខុសគ្នានោះ គឺកាំសំនៀង។ ចាប៉ីវិវឌ្ឍន៍ ត្រូវបានរៀបកាំសំនៀងឡើង ដើម្បីអាចយកទៅប្រគំជាមួយឧបករណ៍ភ្លេងរបស់បស្ចិមប្រទេសបាន។
 
លោក សំ វឌ្ឍនៈ ទើបតែបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រឯកទេសចាប៉ីដងវែង ក្នុងឆ្នាំ២០២១នេះ។ លោកបានបង្កើត ចាប៉ីវិវឌ្ឍន៍ ដែលមានកាំសំនៀង អាចលេងជាមួយឧបករណ៍ភ្លេងបរទេសបាន ដើម្បីប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួន។ 
 
បុរសដែលមានជំនាញតន្ត្រីក្នុងវង់ភ្លេងពិណពាទ្យរូបនេះពន្យល់៖«ចាប៉ីវិវឌ្ឍន៍ មានរូបរាងដូចចាប៉ីដងវែងទាំងស្រុង ដោយខ្ញុំកែតែខ្ទង់ឱ្យត្រូវនឹងកាំសំនៀងបរទេសប៉ុណ្ណោះ ដើម្បីអាចយកទៅលេងជាមួយឧបករណ៍ភ្លេងគេបាន។ កាំសំនៀងបុរាណ មានកម្រងសំនៀងជាជាតិសាសន៍យើង ហើយបញ្ជាក់ពីពណ៌សម្បុរជាតិយើង ដោយមិនអាចយកទៅលេងជាមួយកម្រងសំនៀងបស្ចិមប្រទេសបានទេ។ ខ្ញុំអភិរក្សលើរូបរាង ហើយអភិវឌ្ឍន៍លើកម្រងសំនៀង»។


លោក សំ វឌ្ឍនៈ ដេញចាប៉ីគ្រាប្រឡងសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររបស់ ខ្លួន នៅសកលវិទ្យល័យភូមិន្ទវិចិត្រសិល្បៈ។
 
វឌ្ឍនៈ ដែលចេះលេងឧបករណ៍ភ្លេងបុរាណខ្មែរជាង១០ប្រភេទនោះ បញ្ជាក់ថា មូលហេតុដែលលោកបង្កើតចាប៉ីវិវឌ្ឍន៍ឡើង ក៏ដើម្បីបង្កើតទីផ្សារថ្មី សម្រាប់ឧបករណ៍ភ្លេងបុរាណខ្មែរដែរ។ បុរសដែលមានឪពុកជាគ្រូពេទ្យ ហើយម្ដាយជាស្ត្រីមេផ្ទះរូបនេះ ថាវិសាយភាពចាប៉ីដងវែង មិនគួរនៅត្រឹមតែជាភ្លេងបុរាណឡើយ តែគួរតែចូលក្នុងតន្ត្រីបរទេសឱ្យបានច្រើន។
 
តាមពិតទៅបុរសវ័យ២៦ឆ្នាំរូបនេះ ចេះលេងឧបករណ៍ភ្លេងចាប៉ី គ្រប់បទអស់ទៅហើយ តាំងពីគេមិនទាន់ចូលរៀននៅសាលាភូមិន្ទវិចិត្រសិល្បៈម្ល៉េះ។ ប៉ុន្តែលោកនៅតែជ្រើសរើសឯកទេសនេះ ដើម្បីយកសញ្ញាបត្រថ្នាក់បរិញ្ញា។ ចង់បានសញ្ញាបត្រក៏ព្រោះថា វឌ្ឍនៈ ចង់ឱ្យមានការទទួលស្គាល់សមត្ថភាពរបស់លោកជាសកល ម្យ៉ាងក៏ដើម្បីបានស្វែងយល់ ពីបែបបទ នៃការសិក្សាតន្ត្រីតាមក្បួនខ្នាតផងដែរ។
 
វឌ្ឍនៈ ដែលបានហាត់រៀនភ្លេងបុរាណខ្មែរពីគ្រូឯកជន តាំងពីឆ្នាំ២០០៥ ដល់២០១៣នោះ ពន្យល់បន្ថែម៖«ខ្ញុំបានហាត់ភ្លេងពីក្នុងសមាគមសិល្បៈអប្សរា បានហាត់របាំបុរាណ របាំប្រពៃណី និងល្ខោនខោលដែរ ប៉ុន្តែពេលនេះខ្ញុំចាប់យកភ្លេង ហើយរាំខ្ញុំគ្រាន់តែនៅចាំខ្លះៗ។ ខ្ញុំគិតថាសញ្ញាបត្រភ្លេងចេញពីអង្គការ នៅមិនទាន់គ្រប់គ្រាន់ទេ ខ្ញុំចង់បានសញ្ញាបត្រថ្នាក់បរិញ្ញា ដើម្បីឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។ ពេលខ្ញុំចូលរៀនថ្នាក់បរិញ្ញាបត្រ ខ្ញុំបានយល់ដឹងពីទ្រឹស្ដីតន្ត្រី និងភាសាតន្ត្រី»។ 


 ចាប៉ីវិវឌ្ឍន៍ ដែលបង្កើតឡើងដោយលោក សំ វឌ្ឍនៈ និងគ្រូរបស់ខ្លួន 

អតីតគ្រូភ្លេងពិណពាទ្យនៅក្នុងអង្គការសិល្បៈ ចម្រុះចំប៉ី រូបនេះ អះអាងថា ការរៀនបរិញ្ញាបត្រភ្លេង ធ្វើឱ្យលោកយល់ដឹងបន្ថែម ពីរបៀបនៃការរៀនតន្ត្រីរបស់បស្ចិមប្រទេស និងរៀនពីណោតភ្លេង ដែលអាចឱ្យតន្ត្រីករបុរាណខ្មែរ មានសមត្ថភាពចងក្រងបទភ្លេងបុរាណទុកជាឯកសារ។
 
និស្សិតចាប៉ីដងវែងរូបនេះ ទៅថ្ងៃមុខមានបំណងសហការជាមួយគ្រូភ្លេង តន្ត្រីករ និងអ្នកនិពន្ធបទភ្លេងជាដើម ដើម្បីបង្កើតបទថ្មីមួយ ដែលដាក់សំនៀងចាប៉ីវិវឌ្ឍន៍ទៅក្នុងនោះ។ លោកក៏ប៉ងពង្រីកខ្លួន ឱ្យចេះតែងនិពន្ធបទភ្លេងផងដែរ ដើម្បីអាចសរសេរបទភ្លេងថ្មី ក្នុងបំណងបម្រើដល់ចាប៉ីវិវឌ្ឍន៍។
 
ទោះជាយ៉ាងណាជាជំហានដំបូង វឌ្ឍនៈ គ្រោងធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងចាប៉ីបង្កើតថ្មីនេះសិន ដោយលោកនឹងចងក្រងជាសៀវភៅ បញ្ជាក់ពីតួនាទី និងគុណសម្បត្តិលំអិត របស់ចាប៉ីវិវឌ្ឍន៍។
 
លោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសរងមហាវិទ្យាល័យតូរ្យតន្ត្រី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា តាំងពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បង្កើតជំនាញចាប៉ីដងវែងនៅឆ្នាំ២០១៧មក ទើបតែមាននិស្សិត សំ វឌ្ឍនៈ តែម្នាក់ប៉ុណ្ណោះ ដែលបានចាប់យកឯកទេសនេះ។ ទោះជាយ៉ាងណា ឧបករណ៍ចាប៉ីដងវែង ក៏បានដាក់ជាមុខវិទ្យាជ្រើសរើស សម្រាប់សិស្សផ្នែកតូរ្យតន្ត្រីផងដែរ។
 
«ឯកទេសចាប៉ីមានតែម្នាក់នេះទេដែលរៀន។ យើងដាក់ចាប៉ីជាឧបករណ៍ជ្រើសរើស មានសិស្សរៀនប្រហែល១៥នាក់ដែរ។ គ្រាន់តែថា គាត់ចេះ១បទ ទៅ៣បទអីហ្នឹង។ យើងឱ្យគាត់រៀន ឱ្យស្គាល់ ឱ្យដឹង។ យើងអត់ទាន់មានគ្រូជំនាញចាប៉ី ក្នុងក្របខណ្ឌរដ្ឋ ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រឡើយ។ សព្វថ្ងៃ យើងយកគ្រូពីក្រៅមកបង្រៀន ហើយគាត់ក៏មិនមានសញ្ញាបត្របរិញ្ញាបត្រតូរ្យតន្ត្រីដែរ។ យើងនៅតែអាចឱ្យគាត់បង្រៀនបាន ដោយយកទ្រឹស្ដី អ្នកចេះច្រើនបង្រៀនអ្នកចេះតិច»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហង្ស រិទ្ធីរ៉ារុធ។ 
 
ចំពោះសំណួរដែលបានសួរថា ករណីលោក សំ វឌ្ឍនៈ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសចាប៉ីដងវែង អាចមានឱកាសច្រើន ដើម្បីប្រឡងចូលក្របខណ្ឌរដ្ឋទេ ព្រោះបច្ចុប្បន្នកំពុងខ្វះគ្រូឯកទេសនេះស្រាប់? លោកបណ្ឌិត ហង្ស រិទ្ធីរ៉ាវុធ ថាលោកពុំអាចឆ្លើយដោយចំពោះបានឡើយ ព្រោះនេះអាស្រ័យលើលក្ខខណ្ឌប្រឡងយកមន្ត្រីរាជការ តាមគោលការណ៍របស់រដ្ឋ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា តាមការសង្កេតកន្លងមក លោកកម្រឃើញអ្នកមានជំនាញច្បាស់លាស់ ប្រឡងជាប់ក្របខណ្ឌរដ្ឋណាស់ ព្រោះពួកគេខ្សោយភាសាបរទេស (អង់គ្លេស) ។ ផ្ទុយទៅវិញអ្នកដែលមានជំនាញល្មមៗ ប៉ុន្តែពួកគេពូកែភាសាបរទេស គឺឃើញប្រឡងជាប់ច្រើន។


មុខងាររបស់ចាប៉ីវិវឌ្ឍន៍
 
វឌ្ឍនៈ ដែលកើតក្នុងរាជធានីភ្នំពេញ ចេះលេងឧបករណ៍ភ្លេងបុរាណខ្មែរ ដូចជា រនាតឯក រនាតធុង រនាតដែក គងធំ គងតូ ឈិង ស្គរសម្ភោរ ស្គរធនរមនា ខ្លុយ ស្គរដៃ ស្គរឆៃយ៉ាំ និងចាប៉ីដងវែង។ ទៅថ្ងៃអនាគត លោក សំ វឌ្ឍនៈ ចង់ចូលធ្វើការងារក្នុងស្ថាប័នដែលត្រូវនឹងជំនាញ ពិសេសក្នុងស្ថាប័នរដ្ឋ ហើយយកជំនាញនោះទៅអភិវឌ្ឍន៍ ក្នុងវង់តន្ត្រីបុរាណ ឱ្យមានភាពជឿនលឿនទៅមុខ។
 
យុវជន សំ វឌ្ឍនៈ ក៏មិនភ្លេចលើកទឹកចិត្តនិស្សិតកម្ពុជា ឱ្យចាប់យកឯកទេសឧបករណ៍ភ្លេងបុរាណណា ដែលងាយប្រឈមនឹងការបាត់បង់ ដើម្បីរៀនដែរ ដ្បិតអីលោកភ័យព្រួយ។
 
«សូមឱ្យគេរៀនឧបករណ៍ដែលមិនសូវមានអ្នករៀន និងជាឧបករណ៍កម្រ បើមិនមានអ្នករៀនទេ នោះវិស័យតន្ត្រីខ្មែរយើងទៅមុខនិងបាត់បង់»។ នេះជាការទទូចរបស់លោក សំ វឌ្ឍនៈ។
 
ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ គេអាចសម្ដែងចាប៉ីដងវែងជាទោលក៏បាន ឆ្លើយឆ្លងក៏បាន និងជាល្ខោនចាប៉ីក៏បាន (ល្ខោនចាប៉ីរឿង)៕
 




Tag:
 តន្ត្រី
  ភ្លេង
  ចាប៉ី
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com