ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖«ត្រូវថែដើមឈើដែលអ្នកមុនបានដាំ និងគិតថា ត្រូវដាំដើមអ្វីទៀតដើម្បីអ្នកក្រោយ?» លោក ហ៊ុន ម៉ានី នាពេលផ្តល់បទសម្ភាសកន្លងមកជាមួយសារព័ត៌មានថ្មីៗ។ ថតដោយ ទូច សុវណ្ណឌី
× ថ្ងៃនេះលោក ហ៊ុន ម៉ានី ចែករំលែកការពិចារណាមួយក្នុងនាមជាយុវជនម្នាក់។ ជាការពិចារណាដែលផ្តោតទៅលើបច្ចុប្បន្នភាពសង្គមនៃមាតុភូមិរបស់លោក។ លោក ហ៊ុន ម៉ានី អំនាវនាវដល់បណ្ដាជនខ្មែរ ពិសេសយុវជន ចូលរួមកសាងកម្ពុជាមួយដែលកាន់តែរឹងមាំ និងប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។ លោក ហ៊ុន ម៉ានី បានបង្ហាញការយល់ឃើញរបស់លោក នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ខែសីហាឆ្នាំ២០២១នេះ។
សម្រាប់លោក ហ៊ុន ម៉ានី អ្វីដែលរឹតតែសំខាន់ គឺអនាគតដ៏ប្រសើររបស់កម្ពុជា និងប្រជាជនរបស់ខ្លួន។ ប៉ុន្តែថា ដើម្បីទៅដល់គោលដៅនោះ លោក ហ៊ុន ម៉ានី រំឭកថា វាត្រូវការការចូលរួមរបស់ពលរដ្ឋ និងយុវជនកម្ពុជាផង និងអត្ថិភាពនៃស្ថិរភាព សុខសន្តិភាពផង។ លោក ម៉ានី បានប្រៀបធៀបស្ថានភាពកម្ពុជា ទៅនឹងការដាំដើមឈើមួយដែលថា ផ្លែផ្កាដែលកំពុងមានសព្វថ្ងៃ បានកើតចេញពីការប្រវត្តិនៃការលះបង់ ខិតខំថែរក្សា ការពារ ជាង៤០ឆ្នាំមកហើយ។
«យើងត្រូវការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ ហើយខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព។ ព្រោះអ្វីដែលយើងបានដាំរួមគ្នានៅថ្ងៃនេះ នឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅរបស់យើងទៅអនាគតបន្តបន្ទាប់ទៀត។»។ លោក ម៉ានី បានអធិប្បាយបែបនេះ ដោយរំឭកឃ្លាមួយរបស់សម្ដេច សុខ អាន ដែលធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នសម្រាប់អ្នកជំនាន់ក្រោយ។
លោក ហ៊ុន ម៉ានី ថតសែលហ្វីជាមួយក្រុមយុវជន និងកុមារ។ រូបថតហ្វេសប៊ុក Hun Many
ប៉ុន្តែតើត្រូវអ្វីខ្លះ? ចំពោះលោក ម៉ានី យុវជនត្រូវរៀនគិតពិចារណា ចូលរួមយោបល់ ចូលរួមធ្វើដោយស្មារតីទទួលខុសត្រូវ។ ហើយកិច្ចការទាំងអស់ ត្រូវផ្តើមចេញពីខ្លួនឯង។ លោក ម៉ានី បញ្ជាក់ថា គេត្រូវពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ បង្កើនការយល់ដឹង និងភាពចាស់ទុំ ស្វែងយល់ពីការដឹកនាំគ្រួសារ ក្រុមហ៊ុន ស្ថាប័នក្រៅរដ្ឋាភិបាល រហូតដល់ការដឹកនាំប្រទេស។ បើទាក់ទងនឹងការដឹកនាំប្រទេស លោក ម៉ានី ចែករំលែកយ៉ាងដូច្នេះ៖«ដូចពុកបានណែនាំ និងចែករំលែកបទពិសោធន៍ថា ត្រូវមើលព្រៃទាំងមូល។
ចំណុចនេះដូចយើងបានដឹងទាំងអស់គ្នាថាប្រទេសកម្ពុជាបានសម្រេចការអភិវឌ្ឍមួយជាទីមោទនៈ ប៉ុន្តែកម្ពុជាក៏ស្ថិតនៅក្នុងស្ថានភាពដែលត្រូវបន្តអភិវឌ្ឍបន្ថែមទៀតតាមរយៈការវិនិយោគ ពង្រឹងសមត្ថភាពរបស់យើងក្នុងនាមជាជាតិមួយនៅលើវិស័យ ការពារជាតិ ការបរទេស សន្តិសុខជាតិ ធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការផ្តល់បរិយាកាសទាក់ទាញវិនិយោគពីក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់ប្រជាជន ជាពិសេសប្រជាជនវ័យក្មេង ដែលជាមូលដ្ឋានមួយដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ»។
លោក ម៉ានី នៅតែផ្តល់តម្លៃដល់ការប្រឹងប្រែងរបស់ប្រជាជាតិខ្មែរខ្លួនឯងដែលបាននាំកម្ពុជាចេញពីសង្គ្រាមស៊ីវិល និងបានប្រឹងបន្តកសាងប្រទេសដល់ពេលបច្ចុប្បន្ន ដោយលោកអះអាងថា «កត្តាផ្ទៃក្នុង គឺជាអ្នកកំណត់ រីឯកត្តាខាងក្រៅ គ្រាន់តែការជះឥទ្ធិពលប៉ុណ្ណោះ»។
ដោយសារតែកត្តាផ្ទៃក្នុងគឺជាកត្តាកំណត់យ៉ាងនេះហើយ ទើបលោក ម៉ានី រំឭកថា កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ហើយវានឹងពិតជាទាមទារឱ្យការលះបង់ និងការចូលរួមពីពលរដ្ឋ និងយុវជនខ្មែរ៖ ចូលរួមបន្តថែរក្សាដើមឈើ បើគិតថា ដើមឈើនេះកំពុងបន្តហុចផ្លែក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួមគិតថា តើត្រូវដាំដើមឈើអ្វីទៀត ដែលរឹងមាំដែលអាចទប់ទល់នឹងព្យុះខាងក្នុង និងឥទ្ធិពលព្យុះពីខាងក្រៅ ហើយដែលនៅតែផ្តល់ផលផ្លែដល់មនុស្សជំនាន់ក្រោយៗទៀត?
© រក្សាសិទ្ធិដោយ thmeythmey.com