កីឡាអន្តរជាតិ
អន្តរជាតិ
Jacobs ម្ចាស់មេដាយមាស២នៅអូឡាំពិកតូក្យូ បដិសេធការសង្ស័យថាខ្លួនប្រើសារធាតុញៀន
10, Aug 2021 , 10:52 am        
រូបភាព
Lamont Marcell Jacobs ត្រូវបានសង្ស័យថាបានប្រើសារធាតុហាមឃាត់ បន្ទាប់ពីកីឡាកអត្តពលកម្មរូបនេះឈ្នះមេដាយមាសដល់ពីរក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ Jacobs បដិសេធការចោទប្រកាន់ទាំងនេះ ដោយអះអាងថាខ្លួនខំប្រឹងប្រែងស្ទើរស្លាប់ ដើម្បីបង្កើតកំណត់ត្រានៅកីឡារដូវក្តៅឆ្នាំ២០២០។


Jacobs បានក្លាយជាអត្តពលិកអ៊ីតាលីដំបូងគេដែលឈ្នះមេដាយមាសកីឡារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ និងថែមទាំងបង្កើតកំណត់ត្រនៅអឺរ៉ុបដោយប្រើថេរវេលា៩.៨០វិនាទីនៅវគ្គផ្តាច់ព្រ័ត្រ។ Jacobs ក៏ទទួលជួយក្រុមអ៊ីតាលី ទទួលបានមេដាយមាសវិញ្ញាសារត់ចម្ងាយបណ្តាក់១០០ម៉ែត្រផងដែរ។
 
ក្រោយអត្តពលិកវ័យ២៦ឆ្នាំរូបនេះទទួលបានមេដាយមាសជាកំណត់ត្រា មានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសារព័ត៌មានជាច្រើនបង្ហាញពីករណីប្រើប្រាស់សារធាតុហាមឃាត់ដែលពាក់ព័ន្ធនឹង Jacobs។ ករណីនេះ ក៏បានភ្ជាប់ជាមួយលោក Giovanni Malago ប្រធានគណៈកម្មាធិការអូឡាំពិកអ៊ីតាលី (INOC) ទៀតផង។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់មេដាយមាសអូឡាំពិកចំនួន២ អះអាងថា បានចែកផ្លូវគ្នាជាមួយអ្នកជំនាញអាហារូបត្ថម្ភផ្ទាល់របស់ខ្លួន Giacomo Spazzini នៅពេលរូបគេលឺថា អ្នកជំនាញរូបនេះត្រូវបានគេចោទប្រកាន់ និងកំពុងត្រូវបានស៊ើបអង្កេតជុំវិញករណីប្រើសារធាតុហាមឃាត់ ដើម្បីបង្កើនប្រសិទ្ធភាពកម្លាំង។
 
ជុំវិញករណីនេះ Jacobs បានប្រាប់កាសែត Il Messaggero នៅថ្ងៃទី៩ ខែសីហាថា ការចុះផ្សាយដ៏ចម្រូងចម្រាសរបស់កាសែតទាំងនោះមិនប៉ះពាល់ដល់ដល់រូបគេទេ។
 
«ខ្ញុំដឹងថាខ្ញុំមកដល់ទីនេះដោយការលះបង់ជាច្រើន។ ខ្ញុំបានឆ្លងកាត់ការខកចិត្ត និងបរាជ័យច្រើនលើក ប៉ុន្តែខ្ញុំតែងតែជម្នះម្តងម្តងទៀតរហូតជោគជ័យ។ ខ្ញុំឈានដល់ចំណុចនេះដោយសារការខិតខំប្រឹងប្រែង។ ហើយពួកគេ [អ្នកសារព័ត៌មាន] អាចសរសេរអ្វីដែលពួកគេចង់បាន»។ Jacobs បន្ថែមដូច្នេះ៕
 

Tag:
 Lamont Marcell Jacobs
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com