ជាតិ
រដ្ឋាភិបាលសម្រេចលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង
10, Aug 2021 , 3:17 pm        
រូបភាព
 ទិដ្ឋភាពពីលើអាកាសនៃគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ក្រុមហ៊ុន ស៊ូ ជីង នៅតំបន់ចុងឃ្នៀស ដែលថតនាថ្ងៃទី ២ មីនា ឆ្នាំ ២០២១។ Chhut Chheana / USAID Wonders of the Mekong
ទិដ្ឋភាពពីលើអាកាសនៃគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ក្រុមហ៊ុន ស៊ូ ជីង នៅតំបន់ចុងឃ្នៀស ដែលថតនាថ្ងៃទី ២ មីនា ឆ្នាំ ២០២១។ Chhut Chheana / USAID Wonders of the Mekong
សៀមរាប៖ ទីស្ដីការគណៈរដ្ឋមន្រ្តី បានផ្ញើលិខិតទៅកាន់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តសៀមរាប  ដោយសម្រេចលុបចោល នូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង។

 
យោងតាមលិខិត ចុះហត្ថលេខានៅថ្ងៃទី២៩ កក្កដា ដែលអ្នកសារព័ត៌មានទើបទទួលបាន ទីស្ដីការគណៈរដ្ឋមន្រ្តី បានសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុននេះ ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្ន។
 
ក្នុងលិខិតដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្រ្តី លោក ហ៊ីង ថូរ៉ាក់ស៊ី បានបញ្ជាក់ថា រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគ ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។ ជាមួយគ្នានេះ គណៈរដ្ឋមន្រ្តី បានបង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមដោះស្រាយសំណងទូទាត់របស់គម្រោងខាងលើនេះផងដែរ។
 
ទាក់ទងនឹងករណីនេះ នាយករដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល មានប្រសាសន៍ថា ក្រុមការងារបានជួបប្រជុំជាមួយភាគីក្រុមហ៊ុន ចំនួន៣ដងរួចមកហើយ ។ ប៉ុន្តែលោកសុំមិនធ្វើការអត្ថាធិប្បាយលម្អិតទេ។ លោកគ្រាន់តែបញ្ជាក់ថា រាជរដ្ឋាភិបាល ពិតជាបានលុបគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង នេះពិតប្រាកដមែន។
 

© រក្សាសិទ្ធិដោយ thmeythmey.com