ជាតិ
សេដ្ឋកិច្ច
លោកស្រី ម៉ារីយ៉ាម សាលីម ជាប្រធានគ្រប់គ្រងធនាគារពិភពលោក​ថ្មី ប្រចាំកម្ពុជា
10, Aug 2021 , 4:34 pm        
រូបភាព
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោក​ថ្មីប្រចាំកម្ពុជា។ រូបថត លោកស្រី ម៉ារីយ៉ាម សាលីម ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា។ រូបថត Twitter Maryam Salim
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោក​ថ្មីប្រចាំកម្ពុជា។ រូបថត លោកស្រី ម៉ារីយ៉ាម សាលីម ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា។ រូបថត Twitter Maryam Salim
ភ្នំពេញ៖ លោកស្រី ម៉ារីយ៉ាម សាលីម ត្រូវបានធនាគារពិភពលោក(World Bank) តែងតាំង ជាអ្នកគ្រប់គ្រងថ្មី របស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ជំនួសឱ្យលោកស្រី អ៊ីងហ្គូណា ដូប្រា ថា  ដែលបានបំពេញបេសកម្មអស់រយៈពេល៥ឆ្នាំ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។ 

 
ធនាគារពិភពលោក បានប្រកាសតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៩សីហា ឆ្នាំ២០២១ ដោយត្រូវបន្តភារកិច្ចទាំងស្រុងពីលោកស្រី អ៊ីងហ្គូណា ដូប្រាថា ដែលផ្លាស់ទៅចាត់តាំងថ្មីនៅប្រទេសម៉ុលដូវ៉ា។
 
លោកស្រី ម៉ារីយ៉ាម សាលីម ដែលជាប្រធានគ្រប់គ្រងថ្មីរបស់ធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសខ្លួនថា លោកស្រី នឹងទទួលខុសត្រូវលើកិច្ចការរបស់ធនាគារពិភពលោកជាមួយរដ្ឋាភិបាល បូករួមនឹងកញ្ចប់គម្រោងនានា គិតជាទឹកប្រាក់សរុប១,១ពាន់លានដុល្លារ ដែលភ្នាក់ងាររដ្ឋាភិបាលកំពុងអនុវត្ត​ តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។ លោកស្រី បានបញ្ជាក់ថា គម្រោងទាំងនោះ​ត្រូវ​បានរៀបចំតម្រូវ​ តាមអាទិភាពអភិវឌ្ឍរបស់កម្ពុជាអមដោយគោលដៅពីរ របស់ធនាគារពិភពលោក គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​បង្កើន​វិបុលភាព​រួមសម្រាប់ប្រជាជនកម្ពុជា។ 
 
លើសពីនេះ លោកស្រី ម៉ារីយ៉ាម សាលីម  ក៏បានត្រៀម​លក្ខណៈក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ-១៩ ផងដែរ។ ប្រធានគ្រប់គ្រងថ្មីរបស់ធនាគារពិភពលោកប្រចាំកម្ពុជារូបនេះ​ បាននិយាយដូច្នេះ៖ «ខ្ញុំត្រៀមខ្លួន​ជា​ស្រេច នឹងធ្វើការជាមួយសហសេវិកកម្ពុជា​របស់​ខ្ញុំ ដើម្បី​ជួយ​ប្រទេសកម្ពុជាគ្រប់​គ្រង​ផល​ប៉ះពាល់​នៃការ​រាត​ត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋាន​សម្រាប់​ការ​ស្តារសេដ្ឋកិច្ច​ឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និង​កសាងភាពធន់សម្រាប់​ទប់ទល់​ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ច​នៅថ្ងៃខាងមុខ»។
 
ការបន្តអនុវត្តកញ្ចប់ឥណទានជាង១ពាន់ដុល្លាររបស់ធនាគារពិភពលោក ក្រោមវត្តមានរបស់ប្រធានគ្រប់គ្រងថ្មីនៅពេលនេះ គឺស្របតាមក្របខណ្ឌភាព​ជាដៃគូ​របស់​ធនាគារពិភពលោកសម្រាប់កម្ពុជា ក្នុង​​ដំណាក់កាល​ឆ្នាំ ២០១៩–២០២៣ ដែលផ្តោត​សំខាន់​​ទៅលើ​ការបង្កើន​ភាពប្រសិទ្ធភាព​របស់​​វិស័យ​សាធារណៈ និង​លើក​កម្ពស់​​ការ​​អភិវឌ្ឍ​វិស័យឯកជន, ការវិនិយោគ​លើធនធានមនុស្ស​តាមរយៈកា​រពង្រីកលទ្ធភាពទទួលបាន​សេវា​អប់​រំ និង​សេវា​សុខាភិបាល​មាន​គុណ​ភាពសម្រាប់ក្មេងតូច, ការ​ធ្វើ​ពិពិធកម្ម​ និង​បង្កើន​ផលិតភាពក្នុងវិស័យកសិកម្ម, ការ​លើកកម្ពស់​ការ​ប្រើ​ប្រាស់​​ធន​ធាន​ធម្ម​ជាតិ​ប្រក​ប​ដោយ​ចីរភាព និង​លើ​ការ​ពង្រឹង​អភិបាលកិច្ច ​ស្ថាប័ន និង​ការ​ចូលរួម​របស់​ពលរដ្ឋ។ ​ គម្រោងទាំងនេះជាយន្តការអាទិភាពសម្រាប់អភិវឌ្ឍន៍របស់កម្ពុជា ក្រោមគោលបំណងកាត់បន្ថយអត្រាក្រីក្រ និងបង្កើនភាពរីកច្រើនដល់ផ្នែកការរស់នៅរបស់ប្រជាជនកម្ពុជា។

លោកស្រី សាលីម មានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភពលោក ក្នុងនោះកាលពីពេលថ្មីនេះលោកស្រីធ្លាប់កាន់តំណែងជាប្រធានគ្រប់គ្រងប្រចាំប្រទេសអាល់បានី ផងដែរ។ កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹងលោកស្រីបន្តទៅបំពេញមុខងារក្នុងតំណែងជាន់ខ្ពស់ផ្សេងៗនៅក្នុងផ្នែករៀបចំគោលនយោបាយប្រតិបត្តិការរបស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ លោកស្រីមានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនិងទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពីសកលវិទ្យាល័យ Georgetown។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក៕ 

 

Tag:
 World Bank
© រក្សាសិទ្ធិដោយ thmeythmey.com