កីឡាអន្តរជាតិ
អន្តរជាតិ
PSG ផ្តល់ប្រាក់ឈ្នួលឱ្យ Messi ខ្ពស់ជាងគេលើលោកក្នុង១នាទី ១៥០ដុល្លារ
11, Aug 2021 , 11:29 am        
រូបភាព
Lionel Messi សម្រេចទៅចូលរួមជាមួយ Paris Saint Germain ដោយយល់ព្រមចុះកិច្ចសន្យា២ឆ្នាំ និងលក្ខខណ្ឌពន្យាពេល១ឆ្នាំបន្ថែមទៀត។ Messi ដែលត្រូវពាក់លេខ៣០ នឹងទទួលបានប្រាក់ឈ្នួល ៤១លានដុលា្លរក្នុងមួយឆ្នាំ ក្រោយបង់ពន្ធរួច។


ការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Messi ទៅកាន់ក្លិបយក្សបរាំង PSG ត្រូវបានបញ្ចប់ដោយជោគជ័យ និងជាកីឡាករទី៤ របស់ក្រុមលោក Mouricio Pochettino បន្ទាប់ពីខ្សែបម្រើ Georginio Wijnaldum ខ្សែការពារ Sergio Ramos និងអ្នកចាំទី Giangluigi Donnarumma។​ ចាកចេញពី Barcelona ប៉ុន្តែខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ នៅតែជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតលើលោកក្នុងពិភពបាល់ទាត់។
 
​យោងតាមរបាយការណ៍ផ្សេងៗ PSG បានផ្តល់ប្រាក់ពលកម្មដល់ Messi ប្រមាណ ៤១លានដុល្លារក្នុងមួយរដូវកាល បន្ទាប់ពីបង់ពន្ធ។ កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំ និងជម្រើសសម្រាប់ឆ្នាំទី៣ថែមទៀត។ លើសពីនេះទៅទៀត បើតាមការផ្សាយរបស់កាសែត Marca ប្រាក់២៤លានដុល្លារត្រូវបាន PSG ប្រគល់ជូន Messi ដែលយល់ព្រមចុះហត្ថលេខាលេងឱ្យក្រុមខ្លួននេះ។
 
ប្រាក់ឈ្នួលដ៏ច្រើននេះ មានន័យថាខ្សែបម្រើវ័យ៣៤ឆ្នាំ នឹងទទួលបានក្នុងមួយខែ ៣,៥២លានដុល្លារ ឬ ៨៥ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។ ជាង១២ម៉ឺនដុល្លារក្នុងមួយថ្ងៃដែល Messi ទទួលបានពី PSG ឬមួយម៉ោងស្មើជាង១ម៉ឺនដុល្លារ ឬ ១៥០ដុល្លារក្នុងមួយនាទី និងជិត៣ដុល្លារក្នុងមួយវិនាទី។
 
៤១លានដុល្លារក្នុងមួយឆ្នាំ ជាប្រាក់ឈ្នួលដែល Messi ទទួលបានខ្ពស់ជាងគេលើលោក ដោយលើស Neymar ដែលរកបាន៣៦លានដុល្លារមួយឆ្នាំ។
 
ជារឿងគួរឱ្យចាប់អារម្មណ៍បំផុតនោះ បើទោះត្រូវចំណាយប្រាក់ឈ្នួលបន្ថែម ក៏ប៉ុន្តែក្លិបដែលមានមហាសេដ្ឋីប្រេងសញ្ជាតិកាតានៅតែបន្តពិក្សាជាមួយ Kylian Mbappe ជុំវិញការបន្តកិច្ចសន្យាថ្មី ដោយនឹងផ្តល់ថ្លៃពលកម្មឱ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះប្រហាក់ប្រហែល Neymar និង Messi ដែរ៕
 

Tag:
 Paris Saint Germain
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com